កូរ៉េខាងត្បូង​គ្រោង​នឹងដាក់​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​នៅ​ដែនសមុទ្រ “Maritime THAAD”

102

​កូរ៉េខាងត្បូង​គ្រោង​នឹង​ណែនាំ​នូវ​មី​ស៊ី​ល​ស្តង់ដារ​ទី ៣ (SM-3) ដែលជា​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​ដែនសមុទ្រ​មានឈ្មោះ​ថា “Maritime THAAD” ដែល​ប្រើប្រាស់​ដោយ​កងទ័ពជើងទឹក​អាមេរិក​។ នេះ​បើតាម​ការអះអាង​របស់​កងទ័ព​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី ១២ ខែកញ្ញា​។​

​ការដាក់​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល SM-3 នឹង​ជា​ជំហាន​ចុងក្រោយ​ដើម្បី​បញ្ចប់​ការដំឡើង​ប្រព័ន្ធ​ការពារ​ដែនអាកាស​និង​មី​ស៊ី​ល​កូរ៉េ បន្ទាប់ពី​ជើង​ទម្រ​មី​ស៊ី​ល​ចំនួន ៦ ត្រូវបាន​ដាក់ពង្រាយ​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ថ្វីបើ​មានការ​ជំទាស់​ក្តី​។​

​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានឱ្យដឹង​ក្នុង​ឯកសារ​ស្រាវជ្រាវ​របស់ខ្លួន​ថា ខែល​ការពារ​មី​ស៊ី​ល SM-3 បំពេញ​ប្រតិបត្តិ​ការល្អប្រសើរ​ជាង​ប្រព័ន្ធ THAAD ជា​មួយរយៈ​ចម្ងាយ​ប្រតិបត្តិការ ៧០០ គីឡូម៉ែត្រ និង​កម្ពស់ ៤០០ គីឡូម៉ែត្រ ។ នេះ​បើ​យោងតាម​កាសែត​ប្រចាំថ្ងៃ​កូរ៉េខាងត្បូង​មានឈ្មោះ​ថា JoongAng Ilbo​។​

​កូរ៉េខាងត្បូង​មានបំណង​បង្កើត​ខែ​ការពារ​ស្រទាប់ ជាមួយ​ប្រព័ន្ធ SM-3 ។ យោងតាម​របាយការណ៍​របស់​កាសែត​នេះ ជាមួយ​ប្រព័ន្ធ​មាន​មូលដ្ឋាន​នៅ​សមុទ្រ​នេះ កូរ៉េខាងត្បូង​នឹង​អាច​ស្ទាក់ចាប់​មី​ស៊ី​ល​ក្នុងដំណាក់កាល​បង្កើនល្បឿន​ជាជាង​នៅ​ដំណាក់កាល​ចុងក្រោយ​។​

​ព័ត៌មាន​ដែល​ចាប់បាន​ដោយ SM-3 នឹងត្រូវ​បាន​ចែករំលែក​រវាង​កូរ៉េខាងត្បូង​និង​សម្ព័ន្ធមិត្ត​រួមទាំង​សហរដ្ឋអាមេរិក​និង​ជប៉ុន​។ ដូចគ្នា​ទៅនឹង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD ដែរ ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​ថ្មី​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹង​ធ្វើឱ្យមាន​ការប្រឆាំង​យ៉ាងខ្លាំង​ពី​បណ្តា​ប្រទេសជិតខាង​ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេសជិតខាង​។​

​ប្រទេស​ចិន​បាន​សម្តែង​ការជំទាស់​ស្តែងៗ​ម្តង​ហើយ​ម្តងទៀត​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក កេង សួង បាន​និយាយ​កាលពី​ថ្ងៃទី ៧ ខែកញ្ញា​ថា ការដាក់​ពង្រាយ​ប្រព័ន្ធ THAAD របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​រំខាន​ដល់​តុល្យភាព​យុទ្ធសាស្ត្រ​ក្នុង​តំបន់​យ៉ាងខ្លាំង ដោយ​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​សន្តិសុខ​យុទ្ធសាស្ត្រ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​រួមទាំង​ចិន និង​មិនមាន​ប្រយោជន៍​សម្រាប់​សន្តិភាព​និង​ស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ឡើយ ។​

​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា ចិន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យ​យកចិត្តទុកដាក់​លើ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​និង​ការព្រួយបារម្ភ​របស់​ប​ណ្តា​ប្រទេស​ក្នុង​តំបន់​និង​បញ្ឈប់​ការដាក់​ពង្រាយ​៕ ដោយ៖ កញ្ញាដាលីស

កូរ៉េខាងត្បូង​មាន​ផែនការ​ដាក់ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​នៅ​ដែនសមុទ្រ ហៅថា Maritime THAAD ឬ SM-3