កូរ៉េខាងត្បូង​ចង់ឱ្យ​អាម៉េរិក​ជួយ​សម្របសម្រួល​ក្នុង​ជម្លោះ​ពាណិជ្ជ​កម្ម​ជាមួយ​ជប៉ុន​

168
ចែករម្លែក

​កូរ៉េខាងត្បូង កំពុង​ស្នើឱ្យ​សហរដ្ឋ​អាម៉េរិក​ជួយ​សម្រុះសម្រួល​គ្នា​ក្នុង​ជម្លោះ​ការទូត​ដ៏​ជូរចត់​ជាមួយ​ជប៉ុន​អំពី​វិធានការ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក្នុងកា​ររឹតបន្តឹង​ការត្រួតពិនិត្យ​​លើ​ការនាំចេញ​វត្ថុធាតុដើម​បច្ចេកវិទ្យា​ខ្ពស់​ទៅ​កាន់​ប្រទេស​សម្ព័ន្ធមិត្ត​អាម៉េរិក​ដែល​ជា​ប្រទេស​ជិតខាង​របស់​ខ្លួន​នេះ​។​

​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ខែកក្កដា​ថា​រដ្ឋមន្ត្រីការបរទេស​របស់​ខ្លួន​លោក Kang Kyung-wha​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​​អាម៉េរិក​លោក​Mike Pompeo តាម​ទូរស័ព្ទ​និង​បាន​លើកឡើង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ថា ការទប់ស្កាត់​ពាណិជ្ជកម្ម​ដែល​មិន​គួរ​កើត​ឡើង​របស់​ជប៉ុន​នេះ អាច​រំខាន​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​និង​ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​។​

​ក្រសួងការបរទេស​នេះ​បាន​និយាយថា លោក Mike Pompeo បានបង្ហាញ​ការយល់​អំពី​ជំហរ​របស់​កូរ៉េខាងត្បូង ហើយ​បាន​ព្រមព្រៀង​គ្នា​ជួយ​សម្រួល​ដល់​ការប្រាស្រ័យ​ទាក់ទង​​តាមផ្លូវ​ការទូត​នៅ​នោះ​ក្នុងចំណោម​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន សេ​អ៊ូ​ល និង​តូ​ក្យូ​។​

​លោក Kim Hyun-chong អនុប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​មកដល់​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ពុធ និង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​​ថា លោក​នឹង​ពិភាក្សា​អំពី​បញ្ហា​នៃ​ជម្លោះ​ពាណិជ្ជកម្ម​នេះ ជាមួយ​ក្រុម​មន្ត្រី​ជប៉ុន និង​អាម៉េរិក​៕​ដោយ​៖​សុខា​/sn

ផ្ទាំង​ក្រដាស​សរសេរ​អំពី​ការ​ធ្វើ​ពហិកា​ដោយ​មិន​ទិញ​ទំនិញ​ជប៉ុន ត្រូវ​បាន​ឃើញ​បិទ​នៅក្នុង​ហាង​ទំនិញ​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃទី​៩​ខែ​កក្កដា​ឆ្នាំ​២០១៩ ដោយសារតែ​​ជម្លោះ​ការនាំចេញ​នេះ​