កូរ៉េខាងត្បូង​ចំណាយ​ជាង​២៦០​លាន​ដុល្លារ​សម្រាប់​ការកសាង​ផ្លូវថ្នល់​និង​ផ្លូវ​រថភ្លើង​នៅ​កូរ៉េខាងជើង​

205

មន្រ្តីម្នាក់បាននិយាយនៅព្រហស្បតិ៍ទី៨ខែវិច្ឆិកាថា កូរ៉េខាងត្បូងបានចំណាយលុយជាង២៦០លានដុល្លារដើម្បីកសាងផ្លូវថ្នល់និងផ្លូវរថភ្លើងថ្មី នៅប្រទេសកូរ៉េខាងជើង ស្របពេលដែលរដ្ឋាភិ​បាលក្រុងសេអ៊ូលជំរុញឆ្ពោះទៅមុខជាមួយនឹងគម្រោងកសាងច្រកឆ្លងកាត់ព្រំដែន ទោះបីជាមានការដាក់ទណ្ឌកម្មជាអន្តរជាតិលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងក៏ដោយ។

ប្រាក់ចំណាយដ៏ច្រើននេះ ត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអនុវត្តវិធីសាស្រ្តផ្ទុយគ្នាកាន់តែខ្លាំងឡើងចំពោះរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយខណៈដែលកូរ៉េខាងត្បូងបន្តចូលពាក់ព័ន្ធជាមួយកូរ៉េខាងជើងនោះរីឯសហរដ្ឋអាមេរិកបានទទូចថាខ្លួនបន្តការដាក់សម្ពាធលើកូរ៉េខាងជើងរហូតដល់កូរ៉េខាងជើង បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

នៅក្នុងជំនួបមួយនៅឆ្នាំនេះ ជាមួយ លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើងនេះប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្នើជួយធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនិងផ្លូវថ្នល់ចាស់ៗរបស់កូរ៉េខាងជើងនិងភ្ជាប់ផ្លូវទាំងនោះទៅនឹងកូរ៉េខាងត្បូង​ ។

មន្ត្រីម្នាក់នៅក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានប្រាប់ក្រុមអ្នកសារព័ត៌មានថារដ្ឋាភិ​បាលក្រុងសេអ៊ូលគ្រោងនឹងចំណាយប្រាក់ចំនួន២៩៥,១ពាន់លានវ៉ុន (២៦៤លានដុល្លារ)សម្រាប់ផែនការនេះនៅឆ្នាំក្រោយ ដោយទឹកប្រាក់ចំនួន១៨៦,៤ពាន់លានវ៉ុន ក្នុងចំណោមទឹកប្រាក់សរុបនេះត្រូវបានផ្តល់ឱ្យហើយលុយចំនួន១០៨,៧ពាន់លានវ៉ុនជាប្រាក់កម្ចី។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះនេះ បាននិយាយថា “នេះគឺជាការប៉ាន់ស្មានមួយសម្រាប់ពេលនេះ … យើងនឹងបន្តកិច្ចខំប្រឹងប្រែងដោយរួមទាំងការសម្របសម្រួលគោលនយោបាយជាមួយសហរដ្ឋអាមេរិកដើម្បីអនុវត្តគម្រោងដែលបានព្រមព្រៀងគ្នារវាងកូរ៉េទាំង២ ដោយគ្មានការកកស្ទះនោះទេ” ៕ដោយ៖សុខា/sn

លោក មូន ជែអ៊ីន ចាប់ដៃនិងនិយាយទៅកាន់ លោក គីម ជុង អ៊ុន ក្នុងជំនួបមួយ ដោយជំរុញឱ្យលោក លុបបំបាត់នុយក្លេអ៊ែរ