កូរ៉េខាងត្បូង​ដក​ជប៉ុន​ចេញពី “​បញ្ជី​ស​” ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​

369
ចែករម្លែក

កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា​នេះ​បាន​ដក​ជប៉ុន​ចេញពី “​បញ្ជី​ស​” នៃ​ដៃគូ​ពាណិជ្ជកម្ម​អាច​ទុកចិត្តបាន​របស់ខ្លួន ដែល​នេះ​ជា​សកម្មភាព​ចុងក្រោយ​នៅក្នុង​ជម្លោះ​ដ៏​ជូរចត់ ដែល​កើតចេញពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២​។​

​ទីក្រុង​សេ​អ៊ូ​ល​បាន​ព្រមាន​ទីក្រុង​តូ​ក្យូ​រួចហើយ​ថា​ខ្លួន​នឹង​សងសឹក​វិញ បន្ទាប់ពី​មាន​ចំណាត់ការ​ស្រដៀង​គ្នា​នេះ​ដោយ​ជប៉ុន​កាលពី​ចុងខែ​សីហា​ដើម្បី​បន្ទាប​ឋានៈ​ពាណិជ្ជកម្ម​របស់​កូរ៉េខាងត្បូង​។​

​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​រាយការណ៍​ដោយ​ដកស្រង់​តាម​ក្រសួងពាណិជ្ជកម្ម​កូរ៉េខាងត្បូង​ថា ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ដឹកជញ្ជូន​ទំនិញ​យុទ្ធសាស្ត្រ​ទៅកាន់​ប្រទេស​ជប៉ុន​ឥឡូវនេះ​នឹងត្រូវ​បញ្ជូន​ឯកសារ​បន្ថែមទៀត ហើយ​ការអនុម័ត​នឹងត្រូវ​ចំណាយពេល​ប្រហែល ១៥ ថ្ងៃ​ជំនួស​ឱ្យ ៥ ថ្ងៃ​។​

​សេ​អ៊ូ​ល​និង​តូ​ក្យូ​បាន​ផុង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ចាប់តាំងពី​ខែកក្កដា​នៅពេលដែល​ប្រទេស​ជប៉ុន​រឹតបន្តឹង​លើ​ការគ្រប់គ្រង​ការនាំចេញ​លើ​សារធាតុ​គីមី​ចំនួន ៣ ប្រភេទ​ដែល​ចាំបាច់​សម្រាប់​ផលិតផល​សំខាន់ៗ​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​កូរ៉េខាងត្បូង​ដូចជា Samsung ។​

​តូ​ក្យូ​និយាយថា​ការសម្រេចចិត្ត​របស់ខ្លួន​ត្រូវបាន​ធ្វើឡើង​ផ្អែកលើ​ហេតុផល​សន្តិសុខ​ជាតិ ប៉ុន្តែ​ការសម្រេច​តិ​ត្ត​នោះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីសម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង ដែល​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​សង​ថ្លៃ​ពលកម្ម​ដោយ​បង្ខំ​អំឡុង​សង្គ្រាមលោកលើកទី ២​។​

​ចាប់តាំងពី​ពេលនោះ​មក កូរ៉េខាងត្បូង​បានធ្វើ​ពហិការ​យ៉ាង​ទូលំទូលាយ​លើ​ទំនិញ​របស់​ជប៉ុន រួមមាន​ស្រា​បៀរ ផលិតផល​គ្រឿងសម្អាង និង​រថយន្ត​ជាដើម​។​

​ការនាំ​ចូល​ស្រា​បៀរ​ជប៉ុន ដែល​ពេញនិយម​យូរយារ​ណាស់​ម​ក​ហើយ​ក្នុងចំណោម​អ្នក​ផឹក​កូរ៉េខាងត្បូង​នោះ បាន​ធ្លាក់ចុះ​ជិត​ដល់​សូន្យ​កាលពី​ខែ​មុន​។​

​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងត្បូង​ជាច្រើន​រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​អ៊ែរ​ក៏បាន​ផ្អាក​ការហោះហើរ​ទៅកាន់​ប្រទេស​ជប៉ុន​ដែរ ដោយសារតែ​តម្រូវការ​ធ្លាក់ចុះ​ពី​ប្រជាជន​កូរ៉េខាងត្បូង​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ក៏បាន​មើលឃើញ​ការលក់​នៅ​កូរ៉េខាងត្បូង​ធ្លាក់ចុះ​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​ទាំង​ជប៉ុន​និង​កូរ៉េខាងត្បូង​គឺជា​សេដ្ឋកិច្ច​ទីផ្សារ​និង​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អាម៉េរិក ដែល​កំពុង​ប្រឈមមុខ​ជាមួយ​ចិន​និង​កូរ៉េខាងជើង​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​។​

​ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួកគេ​នៅតែ​បន្ត​រង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការគ្រប់គ្រង​អាណានិគម ៣៥ ឆ្នាំ​របស់​ជប៉ុន​នៅ​ឧបទ្វីប​កូរ៉េ​នៅ​ដើម​សតវត្សរ៍​ទី ២០ ។​

​ជប៉ុន​និយាយថា​ការទាមទារ​សំណង​ទាំងអស់​ត្រូវបាន​ដោះស្រាយ​រួចហើយ​ក្រោម​សន្ធិសញ្ញា​ឆ្នាំ ១៩៦៥ និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ពាក់ព័ន្ធ​នានា ដែល​គេ​សន្មត​ធ្វើឡើង​ដើម្បី​មាន​ទំនាក់ទំនង​ប្រក្រតី​ឡើងវិញ​៕ ដោយ ៖ កញ្ញាដាលីស

កូរ៉េខាងត្បូង​បាន​បង្កើន​ពហិការ​លើ​ទំនិញ​ជប៉ុន ចាប់តាំងពី​តូ​ក្យូ​បាន​ដក​ឋានៈ​ដៃគូ​នាំចេញ​គួរឱ្យ​ទុកចិត្ត​របស់​សេ​អ៊ូ​ល