កូរ៉េខាងត្បូង​ដក​ជប៉ុន​ចេញពី​បញ្ជីពាណិជ្ជកម្ម​

322
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១២​ខែ​សីហា​នេះ​ថា​ខ្លួន​បាន​សម្រេចចិត្ត​ដក​ជប៉ុន​ចេញ​ពី​បញ្ជី​នៃ​ក្រុម​ប្រទេស​ដែល​ទទួល​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្នុង​អ្វីដែល​​ត្រូវបាន​មើលឃើញថា​ជា​វិធានកា​រតបត​វិញ​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក្នុង​ការបន្ទាប​ឋានៈ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ស្រប​ពេល​ប្រទេស​​ទាំងពីរ មាន​ជម្លោះ​ការទូត​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ការនាំចេញ​ដែល​រឹតបន្តឹង​ដោយ​កូរ៉េ​ខាងត្បូង​នេះ​នឹង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី​យ៉ាងណា​នោះទេ​។ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​​និយាយថា ក្រុមហ៊ុន​កូរ៉េខាងត្បូង​ដែល​នាំ​ចេញ​ទៅ​ជប៉ុន នឹង​អាច​ទទួលបាន​ការលើក​លែង​ពី​ការត្រួតពិនិត្យ​ករណី​នី​មួយៗ​ដ៏​តឹងរឹង​ដែល​ជា​ធម្មតា​ត្រូវបាន​អនុវត្ត​​ចំពោះ​ការនាំ​ចេញ​ទៅ​កាន់​ក្រុម​ប្រទេស​ដែល​មាន​ឋានៈ​ពាណិជ្ជកម្ម​ទាប ហើយ​ឆ្លងកាត់​ដំណើរការ​អនុម័ត​លឿន​ជាង​មុន ។​

​លោក ស៊ុង យុន​-​ម៉ូ​(Sung Yun-mo) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​បាន​និយាយថា រដ្ឋាភិបាល​បាន​សម្រេចចិត្ត​ដក​ជប៉ុន​ចេញពី​”​បញ្ជី​ស​”​ដែល​មាន​ប្រទេស​ជា​សមាជិក​២៩ របស់​ប្រទេស​នេះ ដោយសារតែ​ប្រទេស​នេះ​មិន​បាន​គោរព​តាម​គោលការណ៍​អន្តរជាតិ ខណៈ​ដែល​ធ្វើការ​គ្រប់គ្រង​នាំ​ចេញ​របស់​ខ្លួន​លើ​វត្ថុ​ធាតុ​ដ៏​សំខាន់​។​

​លោក Sung Yun-mo​និង​មន្ត្រី​កូរ៉េខាងត្បូង​ផ្សេងទៀត មិន​បាន​បញ្ជាក់​អំពី​អ្វី ដែល​ពួកគេ​យល់ឃើញថា​ជា​បញ្ហា​របស់​ជប៉ុន​ក្នុង​ការគ្រប់គ្រង​ការនាំ​ចេញ​នោះ​ទេ​។ ពួកគេ​និ​​យាយ​ថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​នឹង​ធ្វើ​ការកាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ក្រុមហ៊ុននាំចេញ​កូរ៉េខាងត្បូង​និង​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​លោក Sung Yun-mo​បាន​និយាយថា ចំណាត់ការ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ចូល​ជា​ធរមាន​ក្នុង​ខែ​កញ្ញា​។​

​ការប្រកាស​របស់​កូរ៉េ​ខាងត្បូង​នេះ​ធ្វើឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​យល់ព្រម​ដក​កូរ៉េខាងត្បូង​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​មាន​ឋានៈ​ពាណិជ្ជកម្ម​អនុគ្រោះ​។

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​ប្តេជ្ញា​សងសឹក ខណៈ​ដែល​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ថា​បាន​ប្រើប្រាស់​ពាណិជ្ជកម្ម​ជា​អាវុធ​ដើម្បី​សងសឹក​លើ​ជម្លោះ​នយោបាយ​ដែល​កើត​​ចេញ​ពី​ប្រវត្តិ​សង្គ្រាម​របស់​ពួកគេ​៕​ប្រែ​សម្រួល​៖​សុខា​

លោក Sung Yun-mo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​