កូរ៉េខាងត្បូង​ត្រៀម​បង្កើន​ជំនួយ​មនុស្សធម៌​សម្រាប់​កូរ៉េខាងជើង​ក្រោម​ការណែនាំ​ថ្មី​របស់​អង្គការសហប្រជាជាតិ​

2972
ចែករម្លែក

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​ត្រៀម​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​កូរ៉េខាងជើង ក្រោម​គោលការណ៍​ណែនាំ​ថ្មី​របស់​អង្គការសហប្រជាជាតិ​។​

​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​សីហា​ថា គោលការណ៍​ណែនាំ​ថ្មី​របស់​អង្គការសហប្រជាជាតិ​នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ក្លាយជា​ឱកាស​​មួយ​ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​ក្នុង​ការចង់​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​កូរ៉េខាងជើង​និង​ជួយ​សម្រួល​ដល់​ការផ្តល់​ជំនួយ​របស់​ស​ហគ​មន៍​អន្តរជាតិ​ដល់​ប្រទេស​នេះ ។​

​ការលើកឡើង​នេះ​បានកើត​ឡើង បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​សំណើ​របស់​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្តល់ជំនួយ​​មនុស្សធម៌​សម្រាប់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ចន្ទ​។​

​កាលពី​ខែកញ្ញា​ឆ្នាំមុន កូរ៉េខាងត្បូង បាន​មាន​ផែនការ​ផ្តល់​ថវិកា​ចំនួន​៨​លាន​ដុល្លារ​សម្រាប់ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(World Food Program)​និង​អង្គ​ការមូល​​និ​ធិ​កុមារ​អង្គការសហប្រជាជាតិ (UNICEF) ដែល​នឹង​ចំណាយ​ប្រាក់​ជំនួយ​នេះ​លើ​ម្តាយ​និង​ទារក​ដែល​មិនមាន​អាហារ​បរិភោគ​គ្រប់គ្រាន់​នៅ​ប្រទេស​កូរ៉េខាងជើង​។ ​ប៉ុន្តែ ផែនការ​ផ្តល់ប្រាក់​ជំនួយ​នេះ ត្រូវបាន​ផ្អាក ដោយសារ​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ ដែល​បាន​បង្កឡើង​ដោយ​ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​​របស់​កូរ៉េខាងជើង​៕​ដោយ​៖​សុខា​/SN

ជំនួយ​កូរ៉េខាងត្បូង​សម្រាប់​កូរ៉េខាងជើង​កាលពី​អតីតកាល​