កូរ៉េខាងត្បូង​ថា​អាម៉េរិក​និង​កូរ៉េ​ខាងជើង​នឹង​ចាប់ផ្តើម​ការចរចា​ឡើងវិញ​ឆាប់ៗ​នេះ​

181
ចែករម្លែក

​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២២ ខែសីហា​ថា សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងជើង​ត្រូវបាន​រំពឹងថា​នឹង​បើក​កិច្ចចរចា​អំពី​ការរំសាយ​អាវុធ​នុយគ្លេអ៊ែរ​​ឡើងវិញ ក្នុងពេល​ឆាប់ៗ​នេះហើយ វា​នឹង​ដំណើរការ​ល្អ ដោយ​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​ភាពជឿនលឿន​នៅក្នុង​ការចរចា បន្ទាប់​ពី​ការជាប់គាំង​ដែល​អូសបន្លាយ​ពេល​ជា​យូរ​។​

​លោក Kim Hyun-chong ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង បាន​ផ្តល់​ការវាយតម្លៃ​ដ៏​សុទិដ្ឋិនិយម​របស់​លោក បន្ទាប់ពី​បាន​ជួប​ជាមួយ​បេសកជន​អាម៉េរិក លោក Stephen Biegun សម្រាប់​កូរ៉េ​ខាងជើង នៅ​ទីក្រុង​សេ​អ៊ូ​ល​។​

​លោក Kim Hyun-chong បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​កិច្ច​ជំនួប​នេះ ថា ចំណាប់អារម្មណ៍​របស់​ខ្ញុំ គឺថា កូរ៉េ​ខាងជើង​និង​សហរដ្ឋ​អាម៉េរិក​នឹង​ធ្វើ​កិច្ច​ជំនួប​​ចរចា​នៅ​ពេល​ឆាប់ៗ​នេះ ហើយ​វា​នឹង​ដំណើរការ​ល្អ​”​។​

​កិច្ចចរចា​កម្រិត​ក្រុម​ការងារ​រវាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងជើង មិនទាន់​ចាប់ផ្តើម​ឡើង​វិញ​ទេ​ចាប់តាំងពី ពួកគេ​ជាប់គាំង​ដោយ​ជំនួប​កំពូល​លើក​ទី ២​ដែល​បរាជ័យ​​រវាង​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ខែ​កុម្ភៈ​។​

​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង អ៊ុន បាន​ជួបគ្នា​ម្តង​ទៀត​កាលពី​ខែ​មិថុនា​នៅ ព្រំដែន​អន្តរ​កូរ៉េ ហើយ​បាន​យល់ព្រម​បើក​ការចរចា​ឡើងវិញ​៕​ប្រែ​សម្រួល​៖​សុខា​

លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង អ៊ុន ជួប​គ្នា​នៅ​តំបន់​សន្តិសុខ​រួម​នៅ​ភូមិ​Panmunjom​នៅ​តំបន់​គ្មាន​យោធា កាលពី​ថ្ងៃទី​៣០​ខែ​មិថុនា​ឆ្នាំ​២០១៩

#