កូរ៉េខាងត្បូង​និង​ខាងជើង​ធ្វើ​កិច្ចពិភាក្សា​មុន​ជំនួប​កំពូល​នៅ​ព្យុងយ៉ាង​

888
ចែករម្លែក

មន្រ្តីកូរ៉េខាងត្បូងនិងខាងជើងត្រូវជួបពិភាក្សាថ្នាក់ខ្ពស់នៅថ្ងៃចន្ទទៅ១៣សីហា ដោយកាសែតកូរ៉េខាងត្បូងមួយបាននិយាយថា ភាគីទាំងពីរអាចមានគំរោងធ្វើជំនួបកំពូលនៅរដ្ឋធានីព្យុងយ៉ាងនៅខែនេះ។

មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជែអ៊ីន បានជួបពិភាក្សាគ្នាកាលពីខែមេសានៅភូមិជាប់ព្រំដែនមួយនិងបានព្រមព្រៀងថានឹងជួបគ្នាម្តងទៀតនៅសរទរដូវ(កញ្ញា-ធ្នូ) តែពេលនេះនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ។

យោងតាមមន្រ្តីកូរ៉េខាងត្បូងដែលមិនផ្តល់អត្តសញ្ញាណម្នាក់ កាសែតKookmin Ilbo បានរាយការណ៍កាលពីថ្ងៃចន្ទថា ជំនួបកំពូលនេះអាចធ្វើឡើងក្នុងពេលឆាប់បំផុតនៅខែសីហានិងអាចធ្វើនៅរដ្ឋធានីព្យុងយ៉ាង។

អ្នកនាំពាក្យសំរាប់វិមានប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកមន្រ្តីសង្ឃឹមថា សេចក្តីពិស្តារដូច្នេះនឹងត្រូវសំរេចនៅក្នុងជំនួបនាថ្ងៃចន្ទនេះ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើជំនួបការទូតជាបន្តបន្ទាប់ជាមួយមេដឹកនាំកូរ៉េខាងត្បូង ចិននិងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះ។លោកគីមនិងប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើជំនួបដ៏ភ្ញាក់ផ្អើលនៅព្រំដែនកាលពីខែឧសភា ដោយធ្វើអោយលោកមូន ជែអ៊ីន ជាមេដឹកនាំកូរ៉េខាងត្បូងតែម្នាក់គត់ដែលបានជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងត្បូងដល់ទៅ២ដង។

កូរ៉េខាងជើងកំពុងរងទណ្ឌកម្មធ្ងន់ធ្ងរដោយសារតែការបន្តអភិវឌ្ឍសព្វាវុធនុយក្លេអ៊ែរនិងកាំជ្រួចផ្លោងតែ គីមនិងមេដឹកនាំអាមេរិក​ដូណាល់ ត្រាំ បានព្រមព្រៀងនៅជំនួបកំពូលជាប្រវត្តិសាស្រ្តរបស់គេនៅសិង្ហបុរីកាលពីខែមិថុនាថានឹងធ្វើការឆ្ពោះទៅរកឧបទ្វីបកូរ៉េមួយគ្មានសព្វាវុធនុយក្លេអ៊ែរ។

កូរ៉េខាងជើងបានថ្កោលទោសកិច្ចខិតខំដែលដឹកនាំដោយអាមេរិកដើម្បីរក្សាទណ្ឌកម្មទោះជាអ្វីដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងនិយាយថាកាយវិកាសុច្ឆន្ទៈ រួមមានការបញ្ឈប់ការសាកល្បងសព្វាវុធនិងការប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។

ទោះជាយ៉ាងណា ប្រភពស្និទ្ធនឹងកិច្ចពិភាក្សានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសថា កូរ៉េខាងជើងនៅមិនទាន់យល់ព្រមអំពីពេលវេលានៃការបំផ្លាញចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឬ ទម្លាយអោយដឹងអំពីចំនួនរបស់វានៅឡើយទេ ទោះជាអាមេរិកបានប៉ាន់ស្មានថា កូរ៉េខាងជើងអាចមានក្បាលគ្រាប់បែកនុយក្លេអ៊ែរពី៣០ទៅ៦០គ្រាប់៕

រូបឯកសារបង្ហាញប្រធានាធិបតីកូរ៉េខាងត្បូង(ស្តាំ)និងមេដឹកនាំកូរ៉េខាជើងដើរជាមួយគ្នាក្រោយជំនួបនៅភូមិជាប់ព្រំដែនកាលពីថ្ងៃ២៨ឧសភាឆ្នាំ២០១៨