កូរ៉េខាងត្បូង​និង​ចិន​ព្រមព្រៀង​ធ្វើឱ្យមាន​ទំនាក់ទំនង​ជាធម្មតា​ឡើងវិញ បន្ទាប់ពី​ខ្វែងគំនិត​គ្នា​អំពី​មី​ស៊ី​ល THAAD

321

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រមព្រៀងគ្នា​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​វិលត្រឡប់​ទៅរក​ផ្លូវត្រូវ​វិញ បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​អស់​រយៈពេល​១​ឆ្នាំ​ជុំវិញ​ការដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល (THAAD) របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង ផលប្រយោជន៍​អាជីវកម្ម​របស់​កូរ៉េខាងត្បូង​នៅ​ប្រទេស​ចិន​។​

​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ នៅ​ប្រទេស​កូរ៉េខាងត្បូង បានធ្វើឱ្យ​ចិន​មានការ​ខឹងសម្បារ ដោយ​ជឿថា​ប្រព័ន្ធ​រ៉ា​ដា​ដ៏​ទំនើប​នេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​មើល​សកម្មភាព​ទាំងឡាយ​ទៅក្នុង​ទឹកដី​របស់ខ្លួន​។ កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​បានបញ្ជាក់​ជាច្រើនលើក​ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នេះ​គ្រាន់តែ​ប្រើ​ដើម្បី​ការការពារ​ប្រឆាំងនឹង​ការគំរាមកំហែង​ដោយ​មី​ស៊ី​លពី​កូរ៉េខាងជើង​ប៉ុណ្ណោះ​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​ទី​៣១​ខែតុលា​ថា ភាគី​ទាំង​២​យល់ឃើញថា​ការពង្រឹង​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កូរ៉េ​និង​ចិន​ផ្តល់​ផលប្រយោជន៍​រួម ហើយ​បាន​ព្រមព្រៀងគ្នា​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដោយមាន​ការអភិវឌ្ឍន៍​ជាធម្មតា​ឡើងវិញ​។​

​មន្ត្រី​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​អង្គារ​ទី​៣១​ខែតុលា​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន នឹងធ្វើ​កិច្ច​ជំនួប​កំពូល​ជាមួយ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​នៅក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) នៅ​វៀតណាម​នៅ​ថ្ងៃទី​១០-១១ ខែវិច្ឆិកា​ខាងមុខនេះ​។

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​ទាំង​២​បាន​ព្រមព្រៀងគ្នា​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​របស់​ពួកគេ​ត្រឡប់​ទៅរក​ផ្លូវត្រូវ​ជាធម្មតា​វិញ​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយថា កូរ៉េខាងត្បូង​ទទួលស្គាល់​ការព្រួយបារម្ភ​របស់​ចិន​ចំពោះ​បញ្ហា​ប្រព័ន្ធ​មី​ស៊ី​ល​THAAD​នេះ ហើយ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការដាក់​ពង្រាយ​នេះ មិនមែន​សំដៅ​ទៅលើ​ប្រទេស​ទី​បី​ណាមួយ​នោះទេ និង មិន​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​សន្តិសុខ​យុទ្ធសាស្ត្រ​របស់​ចិន​នោះទេ​៕ ដោយ៖ សុខា

ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD