កូរ៉េខាងត្បូង​បង្ហាញ​រថយន្ត​បន្សុទ្ធ​ខ្យល់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​ខ្យល់អាកាស​នៅ​អាស៊ី​

339
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​បង្កើត​បច្ចេកវិជ្ជា​ថ្មី​មួយ​ដែលមាន​ប័ណ្ណ​ប៉ាតង់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ល្អងធូលី​និង​ភាគល្អិត​គ្រោះថ្នាក់​ចេញពី​ខ្យល់អាកាស ដែលជា​បញ្ហា​ជាប់លាប់​នៅក្នុង​ប្រទេស​ឧស្សាហកម្ម​ជាច្រើន​នៅ​អាស៊ី ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស​រាប់លាន​នាក់​។​

​ដោយ​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​ក្រសួងបរិស្ថាន​របស់​កូរ៉េខាងត្បូង ក្រុមហ៊ុន Dwelling ក្នុង​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា រថយន្ត​បន្សុទ្ធ​ខ្យល់​របស់ខ្លួន​អាច​យក​ល្អងធូលី​ចេញពី​ខ្យល់អាកាស​បាន ហើយ​កំពុង​សម្លឹងមើល​ទីផ្សារ​អាស៊ី​រួមទាំង​អាស៊ីអាគ្នេយ៍​ផងដែរ កន្លែង​ដែល​ផ្សែង​អ័ព្ទ​គឺជា​បញ្ហា​ជាក់ស្តែង​សម្រាប់​ព្រុយ​ណេ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ព្រមទាំង​ប្រទេស​ជាច្រើន​ទៀត​។​

​ក្រសួង ដែល​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​នេះ​បង្កើត​បច្ចេកវិជ្ជា​នេះ​ឡើង បានផ្តល់​ប្រាក់​ប្រហែល ៩៣៨.៧១១ ដុល្លារ ខណៈ​ក្រុមហ៊ុន​បាន​ចំណាយ ៥១២.០២៤ ដុល្លារ​ដើម្បី​ធ្វើឱ្យ​គម្រោង​នេះ​លេច​រូបរាង​ឡើង ដែល​ឥឡូវ​បាន​សាកល្បង​និង​បង្ហាញឱ្យឃើញ​ពី​ប្រសិទ្ធភាព​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Dwelling លោក ចឹ​ន ចុង​វ៉ាន់ បាន​និយាយថា បច្ចេកវិជ្ជា​នេះ​គឺជា​បច្ចេកវិជ្ជា​ដំបូង​គេ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ទ្វីបអាស៊ី​ក្នុងអំឡុង​ការបង្ហាញ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ដោយមាន​ការចូលរួម​ពី​អ្នក​សារពត៌មាន​មកពី​បណ្តាញសារព័ត៌មាន​អាស៊ី​ក្រោម​មូលនិធិ​សារព័ត៌មាន​ក្វាន់​ហ៊ុន​-​កូរ៉េ​កាលពី​ខែតុលា​។​

​លោក​ចឹ​ន​និយាយថា រថយន្ត​បន្សុទ្ធ​ខ្យល់​នេះ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់ថា​ជា​រថយន្ត​ពិសេស​ដែល​អាច​កាត់បន្ថយ​ល្អងធូលី​។ លោក​បាន​ប្រាប់ថា​ក្រុមហ៊ុន​ក៏មាន​ប័ណ្ណ​ប៉ាតង់​រថយន្ត​សម្រាប់​បន្សុទ្ធ​ផ្លា​ស្មា និង ការលុបបំបាត់​ក្លិន ល្អងធូលី​គ្រោះថ្នាក់​ខ្លាំង មេរោគ និង​បាក់តេរី​ផងដែរ ហើយ​ផលិតផល​ផ្សេងទៀត​របស់ខ្លួន​រួមមាន​ជម្រក​ឡានក្រុង​ឆ្លាត ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​សម្រាប់​គ្រួសារ និង ឧបករណ៍​ពិនិត្យ​គុណភាព​ខ្យល់​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​បន្សុទ្ធ​ខ្យល់អាកាស​របស់​កូរ៉េខាងត្បូង