កូរ៉េខាងត្បូង​បញ្ជាក់ថា​មាន​ករណី​ផ្ទុះ​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​លើកទីមួយ​

175
ចែករម្លែក

​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ទី​១៧​ខែកញ្ញា​នេះ​បាន​រាយការណ៍​ថា​មាន​ករណី​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​លើក​ទី​មួយ​របស់​ខ្លួន ដែល​ក្លាយជា​ប្រទេស​ចុងក្រោយបង្អស់​ដែល​រងគ្រោះ​​ដោយសារ​ជំងឺ​នេះ ដែល​បាន​សម្លាប់​ជ្រូក​ច្រើន​ក្បាល​ចាប់ពី​ប្រទេស​ចិន​រហូត​ទៅ​ដល់​ប្រទេស​កូរ៉េខាងជើង ដោយ​ជំរុញ​ឱ្យ​តម្លៃ​ជ្រូក​ឡើងថ្លៃ នៅ​ទូទាំង​ពិភពលោក​។​

​មន្ត្រី​ក្រសួង​កសិកម្ម​កូរ៉េខាងត្បូង បាន​ប្រាប់​សារព័ត៌មាន​AFP ថា​សត្វ​ជ្រូក​ចំនួន​៥ ក្បាល ដែល​ត្រូវបាន​រកឃើញ​ងាប់​នៅក្នុង​កសិដ្ឋាន​មួយ​នៅ​ទីក្រុង​Paju ជិត​ព្រំដែន​កូរ៉េ​ទាំង​២​ត្រូវ​បាន​បញ្ជាក់ថា បាន​ឆ្លង​វីរុស​នៃ​ជំងឺ​នេះ​។​

​មន្ត្រី​នេះ បាន​បន្ថែមថាៗ ” នៅ​ចំណុច​នេះ វា​លឿន​ពេក​ក្នុង​ការបញ្ជាក់​ថា តើ​ករណី​នេះ ឆ្លង​មក​ពី​ប្រទេស​កូរ៉េខាងជើង ពិតមែន​ឬ​មិនមែន ” ។​

​រដ្ឋមន្ត្រី​កសិកម្ម​កូរ៉េខាងត្បូង លោក Kim Hyun-soo បាន​និយាយថា ជ្រូក​ចំនួន ៣.៩៥០ មក​ពី​កសិដ្ឋាន​ចំនួន​៣ នៅ​ទីក្រុង​Paju ត្រូវបាន​សម្លាប់​ចោល​។​

​វីរុស​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ប៉ុន្តែ​បណ្តាល​ឱ្យ​ជ្រូក​មាន​ជំងឺ​គ្រុនក្តៅ​ហៀរ​សំបោរ​ដែល​អាច​ឱ្យ​ងាប់​ស្ទើរ​១០០​ភាគរយ​ក្រោយ​ឆ្លង​។​

​មិន​មាន​ថ្នាំ​ឬ​វ៉ាក់សាំង​ទេ ហើយ​មធ្យោបាយ​តែ​មួយគត់​ដើម្បី​ការពារ​ជំងឺ​ពី​ការរីក​រាលដាល គឺ​សម្លាប់សត្វ​ឆ្លង​ជំងឺ​ចោល​និង​ទប់ស្កាត់​ចរាចរណ៍​ជ្រូក​និង​ផលិតផល​ពី​សាច់​ជ្រូក​ចេញ​​ពី​តំបន់​កើត​មាន​ជម្ងឺ​។​

​ករណី​ជំងឺ​ដែល​បាន​បញ្ជាក់​នៅ​កូរ៉េ​ខាងត្បូង​នេះ បាន​កើតឡើង​ប្រហែល​៣ ខែ​បន្ទាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ប្រាប់​អង្គការ​សុខភាព​សត្វ​ពិភពលោក​ថា​សត្វ​ជ្រូក​រាប់សិប​ក្បាល​​បាន​ងាប់​ដោយសារ​ជំងឺ​នេះ​នៅ​កសិដ្ឋាន​មួយ​នៅក្បែរ​ព្រំដែន​ចិន​។​នេះ​បើ​យោង តាម​ក្រសួង​កសិកម្ម​កូរ៉េខាងត្បូង​៕ដោយ៖សុខា/sn

​ជ្រូក​រាប់​លាន​ក្បាល ត្រូវបាន​សម្លាប់​ចោល​នៅ​ទូ​ទាំង​អាស៊ី​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​