កូរ៉េខាងត្បូង​ប្តឹង​ជប៉ុន​ទៅ​អង្គការ WTO រឿង​រឹតត្បិត​ការនាំចេញ​វត្ថុធាតុដើម​

242
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១១​កញ្ញា​នេះ​ថា​ខ្លួន​នឹងដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជុំវិញ​ការ​រឹតត្បិត​ការនាំចេញ “​ដោយ​ចេតនា​នយោបាយ​” របស់​ជប៉ុន​។​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​តូ​ក្យូ​បាន​ជាប់ផុង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​និង​ការទូត ចាប់តាំងពី​តូ​ក្យូ​បាន​រឹតបន្តឹង​លើ​ការត្រួតពិនិត្យ​ការនាំចេញ​កាលពីដើម​ខែកក្កដា​លើ​សារធាតុ​គីមី​ចំនួន ៣ ដែល​ចាំបាច់​សម្រាប់​ផលិត​បន្ទះ​ឈី​ប មេ​ម​ម៉ូ​រី និង​អេក្រង់​កម្រិត​ខ្ពស់ ដែល​សុទ្ធសឹង​ជា​ផលិតផល​សំខាន់​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ដូចជា Samsung និង LG ។​

​ការ​រឹតត្បិត​នេះ​កើតឡើង​បន្ទាប់ពី​សេចក្តីសម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង​ដែល​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​សង​ថ្លៃ​ពលកម្ម​ដោយ​បង្ខំ​អំឡុង​សង្គ្រាមលោកលើកទី ២​។​

​ជម្លោះ ដែល​កំពុង​បន្ត​នេះ ក៏​បានឃើញ​ប្រទេសជិតខាង​ទាំងពីរ​ដក​គ្នា​ចេញ​រៀងៗ​ខ្លួន​ផងដែរ​ពី “​បញ្ជី​ស​” នៃ​ដៃគូ​ពាណិជ្ជកម្ម​ដែល​អាច​ជឿទុកចិត្ត​បាន ហើយ​បាន​ជំ​រុញឱ្យ​កូរ៉េខាងត្បូង​លែង​បន្ត​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ចារកម្ម​យោធា​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​លោកស្រី យូ ម្យុ​ង​ហ៊ី បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា “​ការ​រឹតត្បិត​លើ​ការនាំចេញ​របស់​ជប៉ុន​ទៅលើ​មុខទំនិញ​ចំនួន ៣ គឺ​ត្រូវបាន​ជំរុញ​ដោយ​ចេតនា​នយោបាយ ដែល​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ជុំវិញ​បញ្ហា​នៃ​ពលកម្ម​ដោយ​បង្ខំ​។ ការដាក់​គោលដៅ​មកលើ​កូរ៉េខាងត្បូង​គឺ …​រំលោភ​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ហាមឃាត់​ការអនុវត្ត​បែប​រើសអើង​”​។​

​លោកស្រី​បាន​និយាយថា ជាមួយ​តួនាទី​របស់​កូរ៉េខាងត្បូង​ជា​អ្នកផ្គត់ផ្គង់​ដ៏​សំខាន់​សម្រាប់​បន្ទះ​ឈី​ប​និង​អេក្រង់ ការ​រឹតត្បិត​នេះ​បាន​បង្កឱ្យមាន “​ភាពមិនប្រាកដប្រជា​គួរឱ្យកត់សម្គាល់​” នៅក្នុង​សេដ្ឋកិច្ចពិភពលោក​។​

​លោកស្រី​យូ​បាន​និយាយថា កូរ៉េខាងត្បូង​នឹង​ស្នើសុំ​ការពិគ្រោះ​យោបល់​ទ្វេភាគី​នៅឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលជា​ជំហាន​ដំបូង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​និយាយថា ចំណាត់ការ​នេះ​ត្រូវបានធ្វើ​ឡើងជា​ចាំបាច់​ដោយ “​ការបាត់បង់​ការជឿទុកចិត្ត​” ក្នុង​ទំនាក់ទំនង​ជាមួយ​សេ​អ៊ូ​ល ប៉ុន្តែ​ក៏​ចោទប្រកាន់​កូរ៉េខាងត្បូង​ផងដែរ​ពីបទ​គ្រប់គ្រង​ការនាំចេញ​វត្ថុធាតុដើម​ដ៏​រសើប​ពី​ជប៉ុន​មិនបាន​ត្រឹមត្រូវ​។​

​ប៉ុន្តែ​សេ​អ៊ូ​ល​នៅតែ​និយាយ​ដដែល​ថា វា​ជា​សកម្មភាព​សងសឹក​ឆ្លើយតប​នឹង​ជម្លោះ​ប្រវត្តិសាស្ត្រ​។​

​កូរ៉េខាងត្បូង​និង​ជប៉ុន​គឺជា​សម្ព័ន្ធមិត្ត​អាម៉េរិក ប្រទេស​ប្រជាធិបតេយ្យ និង​ជា​សេដ្ឋកិច្ច​ទីផ្សារ ដែល​កំពុង​ប្រឈម​នឹង​ចិន​ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុង​តំបន់ និង​កូរ៉េខាងជើង ដែលមាន​អាវុធ​នុយក្លេអ៊ែរ​។​

​ប៉ុន្តែ​ទំនាក់ទំនង​រវាង​តូ​ក្យូ​ប៉េកាំង​និង​កូរ៉េ​ទាំងពីរ​នៅតែ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការ​វាទ​ទឹកដី​និយម​របស់​ជប៉ុន​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ២០ រួមទាំង​ការធ្វើ​អាណានិគម​លើ​ឧបទ្វីប​កូរ៉េ​។​

​តូ​ក្យូ​អះអាងថា​រាល់​បញ្ហា​នៃ​សំណង​សម័យ​សង្គ្រាម​ត្រូវបាន​ដោះស្រាយ​រួច​អស់ហើយ​នៅក្រោម​សន្ធិសញ្ញា​ឆ្នាំ ១៩៦៥ ដែល​បាន​បង្កើត​ចំណងទាក់ទង​ការទូត​ឡើងវិញ រួមទាំង​កញ្ចប់​ជំនួយ​ប្រមាណ ៨០០ លាន​ដុល្លារ​និង​ប្រាក់កម្ចី​សម្រាប់​អតីត​អាណានិគម​ផងដែរ​។​

​សេ​អ៊ូ​ល​បាន​ជំទាស់​នឹង​ចំណុច​នេះ ហើយ​អះអាងថា កិច្ចព្រមព្រៀង​ឆ្នាំ ១៩៦៥ មិនបាន​ប្រកា​សបិទ​សិទ្ធិ​របស់​បុគ្គល​ក្នុងការ​ស្វែងរក​ប្រាក់​សំណង​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

សេ​អ៊ូ​ល​និង​តូ​ក្យូ​ជាប់ផុង​នឹង​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ជូរចត់​ជុំវិញ​សំណង​លើ​ពលកម្ម​ដោយ​បង្ខំ​អំឡុង​សម័យ​សង្គ្រាមលោកលើកទី​២