កូរ៉េខាងត្បូង​ផ្តល់​កិច្ចចរចា​កម្រិត​ខ្ពស់​ជាមួយ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៩ ខែមករា​

480

កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ទី​២​ខែមករា​បានស្នើ​ឱ្យមាន​កិច្ចចរចា​ថ្នាក់ខ្ពស់​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃទី​៩​ខែមករា បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បាន​ព្រលយ​ពាក្យ​ស្រុះស្រួល ហើយ​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ា​អាច​បញ្ជូន​ក្រុមកីឡា​មក​ចូលរួម​កីឡា​អូឡាំពិក​រដូវរងា​នៅ​កូរ៉េខាងត្បូង​។​

​លោក ឆូ ម្យុ​ង​ញុ​ន រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​សង្ឃឹមថា​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​អាច​អង្គុយ​ទល់មុខ​គ្នា​និង​ពិភាក្សា​អំពី​ការចូលរួម​របស់​គណៈ​ប្រតិភូ​កូរ៉េខាងជើង​នៅ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ព្យឹ​ង​ចាង ប្រទេស​កូរ៉េខាងត្បូង និង បញ្ហា​ផ្សេងទៀត​ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េខាងជើង​និង​ប្រទេស​កូរ៉េខាងត្បូង​។

​លោក ឆូ ម្យុ​ង​ញុ​ន បានស្នើ​សុំឱ្យ​កូរ៉េ​ទាំង​២​ជួបប្រជុំគ្នា​នៅ​ភូមិ​ប៉ាន់​មុន​ជុម នៅ​តំបន់​ព្រំដែន​គ្មាន​កងទ័ព ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​។​

​នៅក្នុង​សុន្ទរកថា​អំពី​ការ​ចូលឆ្នាំថ្មី​កាលពី​ថ្ងៃ​ចន្ទ លោក គីម ជុង អ៊ុន​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង គឺ “​បើកចំហ​សម្រាប់​ការពិភាក្សា​” ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ហើយ​ថា ខ្លួន​នឹង​ប្រើ​អាវុធ​មី​ស៊ី​ល ប្រសិនបើ​មានការ​គំរាមកំហែង​៕ ដោយ៖ សុខា

​ទាហាន​នៃ​ប្រទេស​កូរ៉េ​ទាំង​២ ឈរ​យាម​នៅ​ភូមិ​ប៉ាន់​មុន​ជុម ដែលជា​តំបន់​ព្រំដែន​គ្មាន​កងទ័ព​បែងចែក​ប្រទេស​ទាំង​២