កូរ៉េខាងត្បូង​ពិភាក្សា​ជាមួយ​ចិន​និង​ជប៉ុន​អំពី​វីរុស​កូវី​ដ​១៩

185
ចែករម្លែក

​ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​កូរ៉េខាងត្បូង ចិន និង ជប៉ុន​បាន​ធ្វើ​សន្និសីទ​វីដេអូ​ខន់​ហ្វើ​រិន​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មីនា​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​​ប្រតិបត្តិការ​អំពី​ការបង្ក្រាប​ជម្ងឺឆ្លង​រាតត្បាត​កូវី​ដ​១៩​ចំ​ពេល​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ដែល​បាន​មកដល់​ប្រទេស​របស់​ពួក​​គេ​ពី​បរទេស​។​

​ទោះបីជា វីរុស​កូវី​ដ​១៩ បាន​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩​ហើយ​កូរ៉េខាងត្បូង​នៅក្នុង​ដំណាក់​មួយ មាន​ការឆ្លង​រាលដាល​ច្រើន​បំផុត​ទី​២ ក៏ដោយ​ប៉ុន្តែ​ក្រោយមក ប្រទេស​ទាំង​២​នេះ ទទួលបាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការឆ្លង​វីរុស​ក្នុងស្រុក​។​

​ករណី​ឆ្លង​វីរុស​នៅក្នុង​ប្រទេស​ជប៉ុន មាន​ចំនួន​តិច​ទៅ​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​មាន​ការព្រួយបារម្ភ​អំពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​នៅ​រដូវក្តៅ​នេះ​។​

​នៅ​ប្រទេស​ជប៉ុន រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លងកូវី​ដ​១៩​សរុប ចំនួន​១.០១៦​នាក់​និង​មាន​អ្នកស្លាប់​ចំនួន​៣៣​នាក់​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ទី​២១​មីនា ។ ​ចំនួន​នេះ មិន​រាប់​បញ្ចូល​ជាង​៧០០​ករណី​និង​ស្លាប់​៧​នាក់​ដោយសារ​វីរុស​នេះ​ពី​នាវា​កម្សាន្ត​មួយ​ដែល​បាន​ចត​នៅ​ជិត​ទីក្រុង​តូ​ក្យូ​កាលពី​ខែ​មុន​នោះទេ​។​

​នៅក្នុង​អំឡុង​ការពិភាក្សាគ្នា​នោះ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងនោះ​បាន​ចែករំលែក​ព័ត៌មាន​អំពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ នៅក្នុង​ប្រទេស​របស់​ពួកគេ​។​

​លោកស្រី កាង គ្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា​”​ប្រទេស​ទាំង​៣​នេះ គឺ​ចាំបាច់​ធ្វើការ​ជាមួយគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​វីរុស​​និង​រួម​គ្នា​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​និង​សង្គម “​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​នឹង​អនុ​វត​ការត្រួតពិនិត្យ​មើល​ការឆ្លង​វីរុស​ទៅលើ​អ្នកដំណើរ​ទាំងអស់​មក​ពី​អឺរ៉ុប​និង​ដាក់​ពួកគេ​​នៅ​ដោយឡែក​ចំនួន​២​សប្តាហ៍​ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃអាទិត្យ​។​

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​២១​មីនា បាន​រាយការណ៍​ការឆ្លង​១៤៧​នាក់​បន្ថែម​នាំអោយ​អ្នក​ឆ្លង​សរុប​ក្នុងប្រទេស​នេះ​កើន​ដល់​៨.៧៩៩​នាក់ និង​១០៤​នាក់​បាន​ស្លាប់​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

កូរ៉េខាងត្បូង និង​ជប៉ុន​ពិភាក្សា​រក​វិធី​បង្ក្រាបកូ​វីដ​១៩​ជាមួយ​ចិន បន្ទាប់​ពី​ចិន​ទំនង​ជា​បាន​ប្រយុទ្ធ​ឈ្នះ​នឹង​វីវុស​នេះ ដោយសារ​លែងមាន​អ្នក​ឆ្លង​ក្នុងស្រុក​​ដល់​ថ្ងៃទី​៣​ជាប់​គ្នា​