កូរ៉េខាងត្បូង​ព្រមាន​ចាត់វិធានការ​តប​ចំពោះ​ការ​រឹតត្បិត​ការនាំចេញ​របស់​ជប៉ុន​

562
ចែករម្លែក

​នាយក​គោលនយោបាយ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​កក្កដា​ថា លោក​នឹង​មិន​ច្រាន​ចោល​វិធានការ​តប​ដោយ​ផ្ទាល់​លើ​ជប៉ុន​ទេ​ប្រសិនបើ​រដ្ឋា​​ភិបាល​ក្រុង​តូ​ក្យូ រក្សា​ការ​រឹតត្បិត​លើ​ការនាំ​ចេញ​វត្ថុធាតុដើម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​មក​អោយ​បណ្តា​ក្រុមហ៊ុន​កូរ៉េខាងត្បូង​រយៈពេល​យូរ​ណាមួយ​។​

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ ហុង ណា​ម​គី បាន​និយាយ​ក្នុង​វិទ្យថា​« ការអនុវត្ត​វិធានការ​ឆ្លើយតប​លើ​ជប៉ុន​មិន​អាច​ច្រាន​ចោល​ទេ ដោយសារ​តែ​វា​ត្រូវ​ចំណាយ​ពេល​យូរ​ទម្រាំ​អង្គការ​ពាណិជ្ជ់​​កម្ម​ពិភពលោក​ធ្វើការ​សន្និដ្ឋាន​ណាមួយ​»​។​

​តាំងពី​មុន​មក កូរ៉េខាងត្បូង​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នៃ​ការនាំ​ចេញ​នេះ​តាមរយៈ​អង្គការ​ពាណិជ្ជ់កម្ម​ពិភពលោក​។​

​ចំ​ពេល​មាន​ជម្លោះ​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​ដោយសារ​តែ​ពលកម្ម​បែប​បង្ខំ​ពី​សំណាក់​ក្រុមហ៊ុន​ជប៉ុន​លើ​ពលរដ្ឋ​កូរ៉េ​កាលពី​សម័យ​សង្គ្រាម ជប៉ុន​កាលពី​ថ្ងៃ​ចន្ទ​បាន​​ប្រកាស​ការ​រឹតត្បិត​លើ​ការនាំចេញ​វត្ថុធាតុដើម​៣​មុខ​ដែល​ប្រើ​នៅ​កូរ៉េខាងត្បូង​សំរាប់​ផលិត​ឈីប​និង​អេក្រង់​ស្មាត​ហ្វូន​។​

​ការ​រឹតត្បិត​ដែល​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​៤​កក្កដា​នេះ អាច​ពន្យឺត​ដំណើរការ​នាំចេញ ប៉ះពាល់​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េខាងត្បូង ដូចជា​Samsung Electronics Co, SK Hynix Inc និង LG Display​។​

​សូម​រំលឹក​ថា កាលពី​ខែ​តុលា​ឆ្នាំមុន តុលាការ​កំពូល​កូរ៉េខាងត្បូង​បាន​សំរេច​ថា ក្រុមហ៊ុន​ជប៉ុន​ដូចជា​Nippon Steel &amp និង​Sumitomo Metal Corp ត្រូវតែ​សង​ជម្ងឺ​​ចិត្ត​ជនជាតិ​កូរ៉េខាងត្បូង​៤​នាក់​ចំពោះ​ការបង្ខំ​អោយ​ធ្វើ​ពលកម្ម​ក្នុង​អំឡុង​សង្គ្រាមលោកលើកទី​២ ជា​សាលក្រម​ដែល​ជប៉ុន​ថា​«​មិន​គួរ​យក​ខួរក្បាល​មក​គិត​»​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា ជប៉ុន​ពិចារណា​ពង្រីក​ការត្រួតត្រា​ការនាំចេញ​របស់​ខ្លួន​សំរាប់​មុខទំនិញ​ច្រើន​ទៀត​សំរាប់​កូរ៉េខាងត្បូង តែ​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​បាន​និយាយថា បើ​ការ​សងសឹក​នាំ​ដល់​ការ​សងសឹក​បន្ថែម នោះ​នឹង​នាំ​ដល់​«​ការខូចខាត​ចំពោះ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​»៕​ដោយ​៖​វាសនា​