កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ទី១ខែសីហាបានព្រមានជប៉ុនថាខ្លួននឹងត្រូវបង្ខំចិត្តពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង២ ដែលជាសម្ពន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ប្រសិនបើរដ្ឋាភិបាលក្រុងតូក្យូ នៅតែបន្តផែនការដករដ្ឋាភិបាលក្រុងសេអ៊ូលចេញពី”បញ្ជីស”នៃដៃគូពាណិជ្ជកម្មដែលទុកចិត្តរបស់ខ្លួននោះ។
ជម្លោះរវាងប្រទេសជិតខាងគ្នាអាស៊ីបូព៌ានេះ កើតឡើងបន្ទាប់ពីមានជម្លោះជាច្រើនទសវត្សរ៍មកអំពីកម្លាំងពលកម្មដោយបង្ខំរបស់ជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី២លើប្រជាជនកូរ៉េ។
កាលពីខែមុន ជប៉ុនបានដាក់ចេញនូវការរឹតបន្តឹងលើការនាំចេញសារធាតុគីមីសំខាន់សម្រាប់ឧស្សាហកម្មបន្ទះឈីបកុំព្យូទ័រនិងទូរស័ព្ទស្មាតហ្វូនឈានមុខនៅលើពិភពលោករបស់កូរ៉េខាងត្បូង។
រដ្ឋាភិបាលក្រុងតូក្យូក៏បាននិយាយផងដែរថា ខ្លួននឹងដកកូរ៉េខាងត្បូងចេញពីឋានៈពាណិជ្ជកម្មអនុគ្រោះរបស់ខ្លួននៅថ្ងៃសុក្រទី២សីហា ដែលជាចំណាត់ការមួយដែលអាចប៉ះពាល់ដល់ទំនិញសំខាន់ៗរាប់រយមុខដែលនាំចូលទៅកូរ៉េខាងត្បូងនិងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។
លោកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានជួបជាមួយសមភាគីជប៉ុនរបស់លោកស្រីគឺ លោក Taro Kono នៅថ្ងៃព្រហស្បតិ៍នេះនៅខាងក្រៅ កិច្ចជំនួបនៃក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ និងបានជំរុញរដ្ឋាភិបាលក្រុងតូក្យូឱ្យដកចំណាត់ការនេះទៅវិញ។
លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា” ខ្ញុំបានបញ្ជាក់ច្បាស់អំពីផលវិបាកធ្ងន់ធ្ងរ ដែលវានឹងមានចំពោះទំនាក់ទំនងទ្វេភាគីរបស់យើងប្រសិនបើវិធានការនេះត្រូវបានដាក់ “។
លោកស្រី Kang Kyung-wha បានព្រមានថា ការបន្តធ្វើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានយោធាសម្ងាត់រវាងប្រទេសទាំង២ អាចនឹងត្រូវអន្តរាយដោយសារការដក”បញ្ជីស”ណាមួយចេញនោះ ។
លោកស្រីបានបន្ថែមថា “ខ្ញុំបាននិយាយថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខរវាងកូរ៉េខាងត្បូងនិងជប៉ុន អាចនឹងរងផលប៉ះពាល់”។
តែលោក Yoshihide Suga នាយខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយកាលពីថ្ងៃពុធថាភាគីរបស់លោក មានបំណងជំរុញទៅមុខជាមួយនឹងចំណាត់ការនេះ៕ប្រែសម្រួល៖សុខា/sn
លោកស្រី Kang Kyung-wha បានជួបជាមួយសមភាគីជប៉ុននៅថ្ងៃព្រហស្បតិ៍នេះនៅខាងក្រៅ កិច្ចជំនួបនៃក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន