កូរ៉េខាងត្បូង​មាន​ផែនការ​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ក្នុងពេល​១០​ឆ្នាំ​ទៀត

373
ចែករម្លែក

​ប្រព​ភ​ក្នុង​រដ្ឋាភិបាល​បាន​ប្រាប់​សារព័ត៌មាន Defense News កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កក្កដា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​គ្រោង​នឹងមាន​ប្រភេទ​នាវា​ផ្ទុក​យន្តហោះ​ធុន​ស្រាល​នៅលើ​ដែនទឹក​ក្នុង​រយៈពេល ១០ ឆ្នាំ​ទៀត​។ ដំណឹង​នេះ​កើតឡើង​ចំពេល​មានការ​បង្កើន​កង​នាវា​កូរ៉េខាងត្បូង​ដ៏​ធំ​នៅ​ដែនសមុទ្រ​។​

​នាវា​ថ្មី​នឹង​អាច​ផ្ទុក​ទម្ងន់​ប្រហែល ៣​ម៉ឺន​តោន គឺ​ប្រហែល​ទំហំ​នៃ​នាវា Amphibious Assault Ships (AAS) របស់​កងទ័ពជើងទឹក​អាម៉េរិក និង ធំ​ជាង​២​ដង​នៃ​នាវា​ផ្ទុក​យន្តហោះ​ធុន​ស្រាល​ដែលមាន​ស្រាប់​ពីរ​គ្រឿង​របស់​កងទ័ព​ជើង​ទឹក​សាធារណរដ្ឋ​កូរ៉េ​។​

​អ្នកនាំពាក្យ​របស់​អគ្គ​សេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​ប្រាប់​ដល់​សារព័ត៌មាន Defense News ដោយ​មិន​បញ្ចេញ​ឈ្មោះថា “​ផែនការ​នៃ​ការកសាង​នាវា​ផ្ទុក​យន្តហោះ​ឈ្មោះ LPH-II ត្រូវបាន​បញ្ចូល​នៅក្នុង​ផែន​ការកសាង​កងកម្លាំង​រយៈពេល​វែង​”​។ អ្នកនាំពាក្យ​រូបនោះ​បាន​និយាយថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ១២ ខែកក្កដា​របស់​ពួក​មេដឹកនាំ​យោធា​កូរ៉េខាងត្បូង​។​

​អ្នកនាំពាក្យ​រូប​នោះបាន​កត់សម្គាល់ថា “​នៅពេលណា​ដែល​ការស្រាវជ្រាវ​បឋម​ធ្វើឡើង​រួចរាល់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នោះ គម្រោង​សាងសង់​នាវា​នេះ​រំពឹង​ត្រូវ​ដាក់បញ្ចូល​ក្នុង​បញ្ជី​លទ្ធកម្ម​”​។​

​លោក គីម តេ​យ៉ុង អ្នកវិភាគ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​កូរ៉េ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​ប្រាប់​សារព័ត៌ Defense News ថា “​នេះ​ជា​លើកទីមួយ​ហើយ​ដែល​នាវា​ផ្ទុក​យន្តហោះ​ធុន​ស្រាល​ត្រូវបាន​ចាប់ផ្តើម​ធ្វើ​នៅក្រោម​ផែនការ​កែលម្អ​កងកម្លាំង​កូរ៉េខាងត្បូង​។ វា​ក៏​ជា​ជំហាន​និមិត្តរូប​និង​ដ៏​មាន​អត្ថន័យ​ផងដែរ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​កង​នាវាចម្បាំង​របស់​ប្រទេស​ទប់ទល់​ប្រឆាំងនឹង​ការគំរាមកំហែង​ដែល​អាច​កើតមានឡើង​ពី​សំណាក់​ជប៉ុន​និង​ចិន​”៕ ដោយ៖ កញ្ញាដាលីស

កូរ៉េខាងត្បូង​នឹង​សង់​នាវា​ផ្ទុក​យន្តហោះ​ធុន​ស្រាល LPH-II ក្នុងពេល​១០​ឆ្នាំ​ទៀត