កូរ៉េខាងត្បូង​រិះគន់ “​ការលេង​អាក្រក់​អា​ក្រី​” របស់​កីឡាករ​កូរ៉េខាងជើង​នៅក្នុង​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​គ្មាន​ការផ្សាយ​ផ្ទាល់​

200
ចែករម្លែក

​តារាបាល់ទាត់​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur សញ្ជាតិ​កូរ៉េខាងត្បូង ហុង​មីន ស៊ុន បាន​និយាយថា ការប្រកួត​ជម្រុះ​វើ​ល​ខាប់​ជា​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​ព្យុងយ៉ាង​គឺជា​ការប្រកួត​ដ៏ “​អាក្រក់​អា​ក្រី​បំផុត​” ដែល​ធ្វើឱ្យ​គាត់​ខ្លាច​រងរបួស ដោយ​កីឡាករ​កូរ៉េខាងជើង​ថែមទាំង​ជេរ​គាត់​និង​មិត្ត​រួម​ក្រុម​ទៀតផង​។​

​ការប្រកួត​នៅ​រដ្ឋធានី​កូរ៉េខាងជើង​បានបញ្ចប់​ទៅដោយ​លទ្ធផល ០-០ កាលពី​ថ្ងៃ​អង្គារ​ទី​១៥​តុលា​នៅ​ចំពោះមុខ​ប្រធាន FIFA លោក ជី​យ៉ាន​នី អ៊ី​ន​ហ្វា​ទី​ណូ ប៉ុន្តែ​នៅក្នុង​កីឡដ្ឋាន​ទទេ​គ្មាន​មនុស្ស​មើល និង​ស្ទើរតែ​បិទ​ពី​ពិភព​ខាងក្រៅ​។​

​ការប្រកួត​រវាង​ប្រទេស​ទាំងពីរ ដែល​តាមន័យ​បច្ចេកទេស​កំពុងស្ថិត​ក្នុង​សង្គ្រាម​នៅឡើយ​នោះ បានធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​គីម​អ៊ី​ល​ស៊ុ​ង​នៅ​ទីក្រុង​ព្យុងយ៉ាង ដោយ​គ្មាន​ការផ្សាយ​ផ្ទាល់ គ្មាន​អ្នកគាំទ្រ និង គ្មាន​សារព័ត៌មាន​បរទេស​ចូលរួម​។​

​កីឡាករ​ហុង​មីន ស៊ុន​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅពេល​ត្រឡប់មក​អាកាសយានដ្ឋាន Incheon កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​តុលា​ថា “​វា​ស៊យ​ខ្លាំងណាស់​ដែល​យើង​មិន​បានឈ្នះ​ប៉ុន្តែ​ការប្រកួត​នេះ​គឺ​អាក្រក់​អា​ក្រី​ណាស់​ដល់​ថ្នាក់​ខ្ញុំ​គិតថា​វា​ជា​សមិទ្ធិផល​ដ៏​ធំធេង​ដែល​វិល​ត្រឡប់មកវិញ​ដោយ​សុវត្ថិភាព​និង​គ្មាន​របួស​។ កីឡាករ​កូរ៉េខាងជើង​មាន​ភាព​ឆេវឆាវ​និង​លេង​កាចៗ​។ ពួកគេ​ថែមទាំង​ជេរ​ពាក្យ​អាក្រក់ៗ​ជាច្រើន​ផងដែរ​”​។​

​លោក​ឆ​យ យ៉ុង​អ៊ី​ល អនុប្រធាន​សមាគម​បាល់ទាត់​កូរ៉េ​បាន​បន្ថែមថា “​វា​ដូចជា​សង្គ្រាម​យ៉ាង​អ៊ីចឹង​។ ខ្ញុំ​មិនដែល​ឃើញ​ការលេង​កាចៗ​ដូច្នេះ​ក្នុង​បាល់ទាត់​នោះទេ​រហូតមកទល់​ឥឡូវ​”​។

​ទោះយ៉ាងណា និយាយ​អំពី​កីឡដ្ឋាន​ទទេ​ស្អាត ហុង​មីន ស៊ុន ដែលជា​ប្រធាន​ក្រុម​កូរ៉េខាងត្បូង​បាន​និយាយថា គាត់​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ទេ​។ “​វា​ធ្វើឱ្យ​ខ្ញុំ​គិតថា​កូរ៉េខាងជើង​យល់ឃើញថា​យើង​ជា​ក្រុម​ខ្លាំង​”​។​

​កីឡាករ​កូរ៉េខាងត្បូង​មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ទូរស័ព្ទដៃ​របស់​ពួកគេ​ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នោះទេ ប៉ុន្តែ​ស៊ុន​និយាយថា គាត់​មិន​ខ្វល់​ទេ​។ គាត់​និយាយថា “​ខ្ញុំ​ចូលចិត្ត​វា ព្រោះ​ខ្ញុំ​ត្រូវការ​គេង​ឱ្យបាន​ច្រើន​”​។​

​ការប្រកួត​នេះ​កើតឡើង​បន្ទាប់ពី​មានការ​ធ្វើតេស្ត​មី​ស៊ី​ល​ឆ្លង​ទ្វីប​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​ដែល​បង្ក​ភាព​តានតឹង​នៅក្នុង​តំបន់ និង​បន្ទាប់ពី​ការដួលរលំ​នៃ​ការពិភាក្សា​ជាមួយ​សហរដ្ឋ​អាម៉េរិក​ជុំវិញ​កម្មវិធី​អាវុធ​របស់​ព្យុងយ៉ាង​។​

​ចាប់តាំងពី​ការដួលរលំ​នៃ​កិច្ចប្រជុំ​កំពូល​ទីក្រុង​ហាណូយ​រវាង​មេដឹកនាំ​គីម ជុង​អ៊ុន​និង​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​កាលពី​ខែកុម្ភៈ​មក ព្យុងយ៉ាង​តែងតែ​រិះគន់​ខ្លាំងៗ​លើ​សេ​អ៊ូ​ល ដោយ​ទាត់ចោល​ការរំពឹងទុក​នៃ​កិច្ចពិភាក្សា​អន្តរ​កូរ៉េ​។​

​លោក ប៉ាវ​ឡូ បេន​តូ គ្រូបង្វឹក​ក្រុម​កូរ៉េខាងត្បូង​បាន​និយាយថា ការប្រកួត​ជម្រុះ​នេះ​មិនមែនជា​ការប្រកួត​ល្អ​នោះទេ ដោយ​និយាយថា វា​ត្រូវបាន​បញ្ឈប់​ជា​ញឹកញាប់​នៅពេលដែល​អាជ្ញាកណ្តាល​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ដល់​កីឡាករ​។​

​លោក អ៊ី​ន​ហ្វា​ទី​ណូ ប្រធាន FIFA បាន​និយាយថា លោក​មានការ​ខកចិត្ត​យ៉ាងខ្លាំង​បន្ទាប់ពី​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​។​

​លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ផ្សាយ​នៅលើ​វេ​ប​សាយ​របស់ FIFA ថា “​ខ្ញុំ​ទន្ទឹងរង់ចាំ​មើល​ពហុកីឡាដ្ឋាន​ពេញ​ទៅដោយ​ទស្សនិកជន​សម្រាប់​ការប្រកួត​ជា​ប្រវត្តិសាស្ត្រ​បែបនេះ ប៉ុន្តែ​ខ្ញុំ​ខកចិត្ត​ដែល​ពុំ​ឃើញ​អ្នកគាំទ្រ​។ យើង​មានការ​ភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​នេះ​និង​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ការផ្សាយ​ផ្ទាល់​និង​បញ្ហា​ផ្សេងទៀត​ទាក់ទង​នឹង​ទិដ្ឋាការ​និង​សិទ្ធិ​ចូលរួម​របស់​អ្នកកាសែត​បរទេស​”៕ ដោយ៖ កញ្ញាដាលីស

កីឡាករ​កូរ៉េ​ទាំងពីរ​ប្រកួត​គ្នា​នៅ​កីឡដ្ឋាន​ទទេ​ស្អាត​កាលពី​ថ្ងៃ​អង្គារ