កូរ៉េខាងត្បូង​សុំ​ឱ្យមាន​ការស៊ើបអង្កេត​ដោយ​ស្ថាប័ន​អន្តរជាតិ​អំពីការរត់ពន្ធ​វត្ថុធាតុដើម​​ទៅ​កូរ៉េខាងជើង​

150
ចែករម្លែក

​ការិយាល័យ​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង (NSO) កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា​បានស្នើ​ទៅ​ប្រទេស​ជប៉ុន​ថា​ប្រទេស​ទាំងពីរ​រួមគ្នា​ស្នើឱ្យ​ស្ថាប័ន​អន្ដរជាតិ​ស៊ើបអង្កេត​លើ​ការផ្ទេរ​វត្ថុធាតុដើម​យុទ្ធសាស្ត្រ​ដោយ​ប្រទេស​ទាំងពីរ ក្រោយពី​ការបញ្ជាក់​របស់​ជប៉ុន​ថា កូរ៉េខាងត្បូង​បាន​រត់ពន្ធ​វត្ថុធាតុដើម​ខុសច្បាប់​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (​កូរ៉េខាងជើង​)​។​

​លោក គីម យូ​ងឹ​ន អនុប្រធាន​ទីមួយ​នៃ​ការិយាល័យ NSO របស់​វិមាន​ខៀវ បានលើកឡើង​នូវ​សំណើ​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដោយ​អំពាវនាវ​ឱ្យ​ជប៉ុន​រួមគ្នា​ស្នើឱ្យ​ក្រុម​អ្នកជំនាញ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឬ​អង្គការ​អន្ដរជាតិ​សមស្រប​ណាមួយ​ដើម្បី​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​ថា​តើ​ប្រទេស​កូរ៉េខាងត្បូង ឬ​ជប៉ុន​ជា​អ្នក​បំពាន​ច្បាប់​អន្តរជាតិ​ស្តីពី​ការផ្ទេរ​វត្ថុ​ធា​តិ​ដើម​យុទ្ធសាស្ត្រ​។​

​លោក​គីម​បាន​និយាយថា​ប្រសិនបើ​ការរំលោភ​របស់​កូរ៉េខាងត្បូង​ចំពោះ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ការស៊ើបអង្កេត​ជា​អន្តរជាតិ នោះ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​នឹង​សុំទោស​ភ្លាមៗ​និង​ធ្វើការ​កែតម្រូវ​វា​។​

​លោក​បាន​កត់សម្គាល់ថា​ប្រសិនបើ​ការស៊ើបអង្កេត​អន្តរជាតិ​រកឃើញថា​មិនមាន​ការរំលោភបំពាន​ទេនោះ រដ្ឋាភិបាល​ជប៉ុន​គួរតែ​សុំទោស​ភ្លាម​និង​ដកចេញ​នូវ​ការ​រឹតត្បិត​ការនាំចេញ​វត្ថុធាតុដើម​របស់ខ្លួន​ទៅកាន់​កូរ៉េខាងត្បូង ដែល​លោក​ហៅថា “​មាន​ច​រឹត​សងសឹក​”​។​

​ការធ្វើ​អត្ថាធិប្បាយ​នេះ​កើតឡើង​បន្ទាប់ពី​ជប៉ុន​បាន​រឹតបន្តឹង​កាលពី​សប្តាហ៍​មុន​លើ​ការគ្រប់គ្រង​ការនាំចេញ​របស់ខ្លួន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​នូវ​វត្ថុធាតុដើម​សំខាន់ៗ​ដើម្បី​ផលិត​បន្ទះ​ឈី​ប​និង​អេក្រង់​ដែល​ប្រើ​សម្រាប់​ទូរទស្សន៍​ស្មា​ត​ហ្វូ​ន​និង​ផលិតផល​បច្ចេកវិជ្ជា​ផ្សេងៗ​ទៀត​។​

​ថ្មីៗ​នេះ​អ្នកនយោបាយ​ជប៉ុន​មួយចំនួន​បាន​បង្ហាញថា កូរ៉េខាងត្បូង​បាន​រត់ពន្ធ​វត្ថុធាតុដើម​ខុសច្បាប់​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​។​

​មន្ត្រីជាន់ខ្ពស់​នៅ​វិមាន​ខៀវ លោក គីម យូ​ងឹ​ន បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ “​ការផ្តល់​មតិ​ដោយ​គ្មាន​ការទទួលខុសត្រូវ​” ដោយ​មន្ត្រីជាន់ខ្ពស់​ជប៉ុន​មួយចំនួន ដែល​ចង្អុល​ដាក់​កូរ៉េខាងត្បូង​ថា​រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​។​

​លោក​គីម​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជប៉ុន​ផ្តល់​ភស្តុតាង​ច្បាស់លាស់​សម្រាប់​ការរំលោភបំពាន​របស់​កូរ៉េខាងត្បូង​ឬ​ទង្វើ​មិន​សមរម្យ​ណាមួយ ដោយ​សង្កត់ធ្ងន់ ថា​តើ​ជប៉ុន​បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ណាមួយ​ឬ​អត់​នោះ គួរតែ​ត្រូវ​ស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់​។​

​តំណាងរាស្ដ្រ​របស់​កូរ៉េខាងត្បូង​មកពី​គណបក្ស​អភិរក្សនិយម​ឈ្មោះ Bareun Future Party បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា​ជប៉ុន​បាន​លួច​រត់ពន្ធ​វត្ថុធាតុដើម​យុទ្ធសាស្ត្រ​ខុសច្បាប់​ទៅ​កូរ៉េខាងជើង ដោយ​ដកស្រង់​ឯកសារ​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​ស្តីពី​ការត្រួតពិនិត្យ​ពាណិជ្ជកម្ម​សន្តិសុខ​រប​ស់ជ​ប៉ុន (CISTEC)៕ ដោយ៖ កញ្ញាដាលីស

លោក គីម យូ​ងឹ​ន អនុប្រធាន​ទីមួយ​នៃ​ការិយាល័យ​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ស្នើ​ទៅ​ជប៉ុន​ថា​ប្រទេស​ទាំងពីរ​រួមគ្នា​ស្នើឱ្យ​ស្ថាប័ន​អន្ដរជាតិ​ស៊ើបអង្កេត​លើ​ការផ្ទេរ​វត្ថុធាតុដើម​យុទ្ធសាស្ត្រ​ដោយ​ប្រទេស​ទាំងពីរ ក្រោយពី​ការបញ្ជាក់​របស់​ជប៉ុន​ថា កូរ៉េខាងត្បូង​បាន​រត់ពន្ធ​វត្ថុធាតុដើម​ខុសច្បាប់​ទៅ​កូរ៉េខាងជើង