កូរ៉េខាងត្បូង​សុំអោយ​ជប៉ុន​ទទួលយក​សំណើ​ចរចា​អំពី​ការ​រឹតត្បិត​ការនាំចេញ​

422
ចែករម្លែក

​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា​បាន​ទទូច​អោយ​ជប៉ុន​ទទួលយក​សំណើ​ចរចា​មួយ​ជុំ​ទៀត​អំពី​ការ​រឹតបន្តឹង​របស់​ជប៉ុន​លើ​ការនាំចេញ ដែល​បើ​តាម​​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ចំណាត់ការ​របស់​ជប៉ុន​នេះ​វា​គំរាម​ដល់​បណ្តាញ​ផ្គត់ផ្គង់​មីក្រូ​ឈីប​និង​អេក្រង់​ស្មាត​ហ្វូននៅ​ទូទាំង​ពិភពលោ​ក​។​

​ជប៉ុន​បាន​និយាយ​យោង​ដល់​«​ការគ្រប់គ្រង​មិន​ហ្មត់ចត់​»​លើ​វត្ថុ​ធាតុ​សំខាន់ៗ​ដែល​ខ្លួន​នាំ​ទៅ​អោយ​កូរ៉រ​ខាងត្បូង ដែល​សារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​ថា វត្ថុ​ធាតុ​ខ្លះ​ត្រូវបាន​​នាំទៅ​ដល់​កូរ៉េខាងជើង​។​

​លី ហូ​ហ្យុន មន្ត្រី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង បាន​និយាយថា​ផែនការ​របស់​ជប៉ុន​ដើម្បី​ដក​កូរ៉េ​ចេញពី​«​តារាង​ស​»​នៃ​ប្រទេស​ដែល​ត្រូវ​រឹតត្បិត​ពាណិជ្ជកម្ម​តិច​បំផុត​​របស់ខ្លួន គួរ​ធ្វើ​ឡើង​ផ្អែកលើ​«​ភស្តុតាង​និង​ការពិត​ច្បាស់លាស់​»​។​

​លោក​ថា ចំណាត់ការ​ដូច្នេះ​នឹង​ប៉ះពាល់​មិន​ត្រឹមតែ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ តែ​បណ្តាញ​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក​។​

​ជម្លោះ​រវាង​ប្រទេស​ទាំង​២​កាន់តែ​ផុង​ជ្រៅ ក្រោយ​ពី​ភាគី​ទាំង​២​បានបញ្ចប់​កិច្ចពិភាក្សា​ថ្នាក់​ការងារ​មួយ​កាលពី​សប្តាហ៍​មុន​ដោយ​គ្មាន​ការព្រមព្រៀង ហើយ​កូរ៉េខាងត្បូង​សុំ​ពិ​​ភាក្សា​ជាថ្មីទៀត​៕​ដោយ​៖​វាសនា​

ស្លាកសញ្ញាមួយនៅហាងក្នុងក្រុងសេអ៊ូសរសេរប្រាប់អតិថិជនថា ខ្លួននឹងមិនលក់ផលិតផលជប៉ុន