កូរ៉េខាងត្បូង​សុំ​លុបចោល​ការ​រឹតត្បិត​ការនាំចេញ តែ​ជប៉ុន​ថា​ទំនងជា​អត់​

504
ចែករម្លែក

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ជប៉ុន លោក​ហ៊ី​រ៉ូស៊ី​ហ្គេ សេ​កូ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កក្កដា​ថា ជប៉ុន​«​មិន​ពិចារណា​ទាល់តែសោះ​»​អំពី​ការដក​ការ​រឹតត្បិត​ការនាំ​ចេញ​វត្ថុ​ធាតុ​​ដើម​បច្ចេកវិទ្យា​ជាន់ខ្ពស់​ទៅ​កាន់​កូរ៉េខាងត្បូង និង​ថា​ការ​រឹតត្បិត​នេះ​វា​មិន​រំលោភ​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទេ​។​

​សូមបញ្ជាក់​ថា កាលពី​សប្តាហ៍​មុន​ជប៉ុន​បាន​ប្រកាស​ការ​រឹតត្បិត​លើ​ការនាំ​ចេញ​វត្ថុធាតុដើម​បច្ចេកវិទ្យា​ជាន់ខ្ពស់ សំរាប់​ប្រើ​ផលិត​ស្មា​ត​ហ្វូន​និង​ឈីប ទៅកាន់​កូរ៉េខាងត្បូង​ចំ​​ពេល​មាន​ជម្លោះ​កាន់តែ​កងរំពង​ឡើង​អំពី​ជនជាតិ​កូរ៉េ​ត្រូវបាន​បណ្តា​ក្រុមហ៊ុន​ជប៉ុន​បង្ខំ​អោយធ្វើ​ពលកម្ម​កាលពី​អំឡុង​សង្គ្រាមលោកលើកទី​២​។​

​ការបញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ជប៉ុន​រូប​បាន​កើត​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយពី​ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា​ប្រទេស​របស់​លោក​តាំងចិត្ត​ស្វែងរក​ដំណោះស្រាយ​​ការទូត​មួយ​ចំពោះ​ជម្លោះ​ដ៏​ជូរ​ចត់​ស្តីពី​ការ​កំហិត​ការនាំចេញ​វត្ថុធាតុដើម​ពី​ជប៉ុន​មក​កូរ៉េខាងត្បូង​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​ជំនួយការ​ជាន់ខ្ពស់​កាល​ពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី មូន ជែ​អ៊ីន បាន​អំពាវនាវ​អោយ​ជប៉ុន​ដកចេញ​អ្វីដែល​លោក​បាន​និយាយថា វិធានការ​លម្អៀង​ទៅ​ន​យោ​​បាយ និង​សុំ​អោយមាន​ការពិភាក្សា​ទ្វេភាគី​«​ដោយ​ស្មោះត្រង់​» លើ​បញ្ហា​នេះ​។​

​លោក​បាន​ព្រមាន​ថា កូរ៉េខាងត្បូង នឹង​មិន​នៅ​សល់​ជំរើស​អ្វី​ក្រៅតែពី​ចាត់វិធានការ​ត​តប ប្រសិនបើ​ការគ្រប់គ្រង​ពាណិជ្ជកម្ម​របស់​ជប៉ុន ប៉ះពាល់​បណ្តា​ក្រុមហ៊ុន​កូរ៉េខាងត្បូង​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​មាន​ផែនការ​ប្តឹងទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អំពី​ចំណាត់ការ​«​មិន​យុត្តិធម៌​»​របស់​ជប៉ុន​ជុំវិញ​ការ​រឹតត្បិត​ការនាំ​ចេញ​នេះ​។​រដ្ឋាភិបាល​កូរ៉េខាងត្បូង​មើលឃើញថា​ចំណាត់ការ​របស់​ជប៉ុន​ជាការ​សងសឹក​ចំពោះ​សាលក្រម​តុលាការ​កាលពី​ពេល​ថ្មីៗ ដែល​បញ្ជា​​អោយ​ក្រុមហ៊ុន​ជប៉ុន​សង​ជម្ងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ពី​ពលកម្ម​បង្ខំ​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២៕​ដោយ​៖​វាសនា​

ក្នុងអំឡុងពេលប្រជុំកាលពីថ្ងៃចន្ទ លោក​មូន​(ស្តាំ)បាននិយាយថា ការ​កំហិត​ការនាំចេញ​ដោយ​ភាគី​ជប៉ុន បង្ក​ការព្រួយបារម្ភ​អំពី​ការរំខាន​នៅក្នុង​ផលិតកម្ម​នៃ​បណ្តា​ក្រុមហ៊ុន​របស់​យើង​និង​គំរាម​ដល់​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​