កូរ៉េខាងត្បូង​អភិវឌ្ឍ “​បច្ចេកវិជ្ជា​គ្រាប់បែក​ផ្តាច់​ភ្លើងអគ្គិសនី​” ដើម្បី​បង្អាក់​រោងចក្រ​ថាមពល​នៅ​កូរ៉េខាងជើង ក្នុងករណី​ផ្ទុះ​ជម្លោះ​

905

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​៨​តុលា​ថា កូរ៉េខាងត្បូង​បាន​បង្កើត​បច្ចេកវិជ្ជា​មួយ​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បង្កើត​គ្រាប់បែក​ផ្តាច់​ភ្លើងអគ្គិសនី ដែល​អាចធ្វើឱ្យ​គាំង​ប្រព័ន្ធ​ថាមពល​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ក្នុងករណី​មាន​ជម្លោះ​យោធា​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​បានឱ្យដឹងថា បច្ចេកវិជ្ជា​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ផ្នែក​ការពារជាតិ​ក្នុង​ក្របខណ្ឌ​នៃ​ប្រព័ន្ធ​វាយប្រហារ​ជាមុន​របស់​ប្រទេស​នេះ ហៅថា ប្រព័ន្ធ Kill Chain​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នេះ​បាន​បន្ថែមថា បច្ចេកវិជ្ជា​នេះ​ផ្តោតលើ​ការកំណត់​គោលដៅ​តែ​លើ​ប្រព័ន្ធ​អគ្គិសនី​ប៉ុណ្ណោះ ដោយ​បាចសាច​ខ្សែ​ក្រា​ហ្វិ​ច​កាបូន​ទៅលើ​ទីតាំង​រោងចក្រ​អគ្គិសនី​នានា ដែល​បង្អាក់​ដល់​សកម្ម​ភាព​របស់​ប្រព័ន្ធ​អគ្គិសនី​។​

​ថ្មីៗ​នេះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានប្រកាសថា​ខ្លួន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​ពី​ស្ថានការណ៍​ដែល​អាច​កើតមាន​ចំពោះ​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង​ជុំវិញ​ពិធី​គម្រប់​ខួប​បក្ស​នៅ​កូរ៉េខាងជើង​បន្ទាប់ពី​មាន​របាយការណ៍​ថា​កូរ៉េខាងជើង​កំពុង​ត្រៀម​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​មួយទៀត​។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​តែង​កំណត់ពេល​ធ្វើតេស្ត​បែបនេះ​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​សំខាន់ៗ​៕ ដោយ៖ កញ្ញាដាលីស

កូរ៉េខាងត្បូង​បាន​បង្កើត​បច្ចេកវិជ្ជា​មួយ​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បង្កើត​គ្រាប់បែក​ផ្តាច់​ភ្លើងអគ្គិសនី ដែល​អាចធ្វើឱ្យ​គាំង​ប្រព័ន្ធ​ថាមពល​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ក្នុងករណី​មាន​ជម្លោះ​យោធា