កូរ៉េខាងត្បូង ជប៉ុន និង អាមេរិក ស្នើ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជាបន្ទាន់​អំពី​ការបាញ់​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង​

1175
ចែករម្លែក

​ប្រភពព័ត៌មាន​ការទូត​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​នៅ​ថ្ងៃ​អង្គារ​ទី​២៩​ខែសីហា​ថា ជប៉ុន កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក​បាន​ស្នើ​ជា​ផ្លូវការ​អំពី​ការប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ​ជាបន្ទាន់​ដើម្បី​ពិភាក្សា​អំពី​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចុងក្រោយ​បំផុត​ដោយ​កូរ៉េខាងជើង​។​

​កាលបរិច្ឆេទ​និង​ពេលវេលា​នៃ​កិច្ចប្រជុំ​នេះ មិនទាន់​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ លោក អាម អាប់​ដេ​ឡា​ទី​ហ្វ អា​បូ​ឡា​ត​តា (Amr Abdellatif Aboulatta) នៅឡើយ​ទេ​។​

​ប៉ុន្តែ បណ្តា​ញា​សារព័ត៌មាន​មួយចំនួន បាន​រាយការណ៍​ថា កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្ត​ទៅនឹង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។​

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល ។ លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា រដ្ឋមន្ត្រី​ទទួលបន្ទុក​គណៈរដ្ឋមន្ត្រី​ជប៉ុន បាន​និយាយថា មី​ស៊ី​ល​នេះ បាន​ហោះ​ពីលើ​កោះ​ហុក​កៃ​ដូ ភាគ​ខាងជើង​នៃ​ប្រទេស​ជប៉ុន និង​បាន​ធ្លាក់ចូល​សមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ចម្ងាយ​១.១៨០​គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​កោះ​នេះ ។ កងទ័ព​កូរ៉េខាងត្បូង បាន​និយាយថា មី​ស៊ី​ល​ឆ្លង​ទ្វីប​នេះ បាន​ហោះ​បាន​ចម្ងាយ​២.៧០០​គីឡូម៉ែត្រ ៕ ដោយ៖ សុខា

​កូរ៉េខាងត្បូង ជប៉ុន និង អាមេរិក ស្នើ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ​ជាបន្ទាន់​អំពី​ការបាញ់​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង