កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បើក​ការិយាល័យ​ទំនាក់ទំនង​រួមគ្នា​

123

កូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានបើកការិយាល័យទំនាក់ទំនងរួមគ្នាមួយនៅទីក្រុង Kaesong ប្រទេស កូរ៉េខាងជើង នៅថ្ងៃសុក្រទី១៤កញ្ញា ខណៈដែលប្រទេសទាំង២នេះមានទំនាក់ទំនងកាន់តែជិតស្និទ្ធ នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន​ទៅកាន់ទីក្រុងព្យុងយ៉ាង នៅសប្តាហ៍ក្រោយ។

លោក ឆូ ម្យុង ហ្គីយ៉ុន រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅពិធីបើកការិយាល័យនេះថា ” ទំព័រប្រវត្តិសាស្រ្តថ្មី បានបើកនៅទីនេះនៅថ្ងៃនេះ។ ការិយាល័យទំនាក់ទំនងនេះគឺជានិមិត្តរូបមួយទៀតនៃសន្តិភាព ដែលបង្កើតរួមគ្នាដោយកូរ៉េខាងត្បូងនិងកូរ៉េខាងជើង”។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា អាគារនេះនៃការិយាល័យទំនាក់ទំនងដែលមានការិយាល័យកូរ៉េខាងត្បូងនិងការិយាល័យកូរ៉េខាងជើង និងមានបន្ទប់សន្និសីទរួមគ្នានេះត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរនិងការឆ្លងកាត់ព្រំដែន បន្ទាប់ពីកិច្ចជំនួបកំពូលនៅភូមិជាប់ព្រំដែនPanmunjom នេះ រវាង លោក មូន ជែ អ៊ីន​ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន។

រដ្ឋាភិបាលសេអ៊ូល និង រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានខំប្រឹងប្រែងធ្វើគម្រោងរួមគ្នាក្នុងវិស័យផេ្សងៗជាច្រើន ចាប់តាំងពីកិច្ចជំនួបកំពូលកាលពីខែមេសារបស់ប្រទេសទាំង២នេះ នៅតំបន់គ្មានយោធាដែលបែងចែកតំបន់ឧបទ្វីបនេះ និងស្របពេលដែលមានការប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីធានាឱ្យមានវឌ្ឍនភាពជាក់លាក់ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលបានជាប់គាំងមកនេះ។

លោក មូន ជែ អ៊ីន​ គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនៅថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលជាកិច្ចជំនួបលើកទី៣របស់លោក ជាមួយ លោក គីម ជុង អ៊ុន នៅឆ្នាំនេះបន្ទាប់ពីលោកបានរៀបចំការជួបប្រាស្រ័យការទូតនៅឧបទ្វីបនេះនិងបានសម្របសម្រួលឱ្យមានកិច្ចជំនួបកំពូលនៅប្រទេសសិង្ហបុរីកាលពីខែមិថុនារវាង លោក គីម ជុង អ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕ដោយ:សុខា/sn

លោក គីម ជុង អ៊ុន (រូបស្តាំ) និងបេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៨