កូរ៉េ​ចំណាយ​ទឹកប្រាក់​៧​លាន​ដុល្លារ​បន្ត​ការជួសជុល​ក្រុម​ប្រាសាទ​

398

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​អនុស្សារណ​:​យោគយល់​គ្នា​ដើម្បី​បន្ត​ជួសជុល​និង​អភិរក្ស​ក្រុម​ប្រសាទ​ព្រះ​ពិធូរ​ជំ​ហ៊ាន​២​រួម​និង​លានជល់ដំរី​នៅ​ក្រុង​អង្គរធំ​ក្នុង​ទឹកប្រាក់​៧​លាន​ដុល្លារ​។​

​នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​ពេញអង្គ​លើក​ទី​២៥ របស់​អាយ​ស៊ី​ស៊ី​-​អង្គរ​នា​សណ្ឋាគារ​សុខា​សៀមរាប​លោក​បណ្ឌិត​ស៊ុ​ម៉ាប់​អគ្គនាយក​តំណាងឱ្យ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា​និង​លោក​JeongYungil​នាយក​ប្រតិបត្តិ​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ (KOICA) តំណាងឱ្យ​ភាគី​កូរ៉េ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ដើម្បី​បន្ត​ជួសជុល អភិរក្ស​ក្រុម​ប្រាសាទព្រះពិធូរ​ជំហាន​ទី​២ រួម​នឹង​លានជល់ដំរី​នៅ​ក្រុង​អង្គរធំ​។​

​ការចុះ​អនុស្សារណៈ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​ជំហាន​ទី​១​បានបញ្ចប់​ដោយ​ជោគជ័យ​នៅ​ចុងឆ្នាំ​២០១៨​។​កាលពី​នៅ​ថ្ងៃទី​១៦​ដល់​២១​កញ្ញា​២០១៨​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ KOICA បាន​ចុះមក​ពិនិត្យមើល​ការងារ​បច្ចេកទេស លទ្ធភាព​ក្នុងការ​ជួសជុល និង​ប្រមូលផ្តុំ​ព័ត៌មាន​ផ្សេងៗ មុន នឹង​សម្រេច​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ឡើង​។​

​សូម​បញ្ជាក់ដែរថា គម្រោង​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​ជំហាន​ទី​២​មាន​រយៈពេល​៥​ឆ្នាំ ដោយ​ចាប់​អនុវត្ត​ការងារ​ពី​ឆ្នាំ​២០១៩ ដល់ ២០២៣ ចំណាយ​ថវិការ​សរុប​៧​លាន​ដុល្លារ​។​​ភារកិច្ច​សំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ​គឺ​អភិរក្ស​ជួសជុល​ប្រាសាទ​ជម​សិក្សា​ពី​ចំណុច​ហានិភ័យ​ខ្ពស់​នៅតាម​ប្រាសាទ​ក្នុង​ក្រុម​ប្រាសាទ​ព្រះ​ពិធ​រូ ជួសជុល​មួយផ្នែក​នៅ​លានជល់ដំរី រួមទាំង​ផ្តល់​សម្ភារៈ​ក្នុង​ដំណើរការ​ជួសជុល​ក្នុង​គម្រោង​។​បន្ថែម​ពីលើ​នោះ​ទៀត​ក៏បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​ផ្នែក​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ផងដែរ​ដល់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​៕S/​

​កូរ៉េ​ចំណាយ​ទឹកប្រាក់​៧​លាន​ដុល្លារ​បន្ត​ការជួសជុល​ក្រុម​ប្រាសាទ​