កូរ៉េ​មាន​គម្រោង​ជួយ​លើ​វិស័យ​បរិស្ថាន​និង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​

598
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​-​ភ្នំពេញ​: នៅ​ទីស្តីការ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឱ្យ​លោក Kun Kilee ប្រធាន​សមាគមន៍​សំណង់ និង​វិស្វកម្ម​កូរ៉េ អញ្ជើញ​ជួប​សម្ដែង​ការគួ​សម និង​ពិភាក្សា​ការងារ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា លើ​ផ្នែក​វិស្វកម្ម និង​សំណង់ ក៏ដូចជា​ចូលរួមក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ កំពង់ផែ ផ្លូវ​រថភ្លើង និង​ព្រលានយន្តហោះ​ផងដែរ​។​

​លោក Kun Kilee បាន​ចាប់អារម្មណ៍​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការគ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា ជាពិសេស​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ទូរគមនាគមន៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់​បាន​លើកឡើងថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍​យ៉ាងសំខាន់​របស់​កម្ពុជា ហើយខេត្ត​នេះ​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ​។ ទន្ទឹមនឹងនេះ ប្រទេស​កម្ពុជា កំពុងមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ជាប្រចាំ ក្នុងនោះ​មាន​បណ្តា​ប្រទេស​ផ្សេងៗជាច្រើន​បាន​ចូលរួម​វិនិយោគ ហើយ​ក្នុងនោះក៏បាន​គាំទ្រ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​នា​នា ក្នុងការ​ចូលរួម និង​ជំរុញ​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ការលើកកម្ពស់​វិស័យ​បរិស្ថាន​។​

​កិច្ចពិភាក្សា​គ្នា​នេះ ភាគី​កូរ៉េ​នៅ​មិនទាន់​រក​ចំណុច​ណាមួយ ក្នុង​ការជួយ​និង​សហការ​ជួយ​ទៅលើ​អ្វី​ឲ្យ​បាន​ច្បាស់​នោះទេ ពាក់ព័ន្ធ​ជាមួយ​វិស័យ​បរិស្ថាន​៕ ល​/Ha