កូរ៉េ គ្រោង​បង្កើត​ផ្សា​របោះ​ដុំ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​

445
ចែករម្លែក

ដោយ​: ពៅ និមល / ដោយ​: មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា​បានទទួល​ជួប​ក្រុម​សហការី​មកពី​អង្គការ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ ហៅ​កាត់ ក​យ​កា (KOICA) ដើម្បី​ពិភាក្សា​ការងារ​ទាក់ទង​នឹង​ការសិក្សា និង​វាយតម្លៃ​បឋម​លើ​គម្រោង ស្តីពី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​មាន​និរន្តរភាព តាមរយ​:​ការបង្កើត​ផ្សា​របោះ​ដុំ​ផលិតផល​កសិកម្ម និង​ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​។

​នៅក្នុង​ជំនួប​ការងារ រវាង​លោក JEONG Yun Gilm នាយក​អង្គការ ក​យ​កា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​កន្លងទៅ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្តែង​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​គាំទ្រ​និង​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​សម្រាប់​ការកសាង និង​អភិវឌ្ឍ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​ជាពិសេស​វិស័យ​កសិកម្ម​។

​លោក​បន្តទៀតថា សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ដែល​កម្ពុជា​សម្រេចបាន​នាពេលនេះ គឺ​បានមកពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ ហើយ​លោក​ជឿជាក់ថា គម្រោង​ថ្មី​នេះ​នឹង​ពង្រឹង និង​ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​ប្រជាកសិករ​កម្ពុជា​។​

​ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​គាំទ្រ​ចំពោះ​គម្រោង​ខាងលើនេះ ព្រោះថា​នឹង​ជួយ​រក​ទីផ្សារ​បន្លែ ផ្លែឈើ​ឱ្យ​កសិករ ជា​កន្លែង​ផ្តល់ព័ត៌មាន​ទាក់ទង​អំពីរ​ទីផ្សារ តម្លៃ បរិមាណ​ផ្គត់ផ្គង់ ដែល​អ្នកបញ្ជា​ទិញ​ត្រូវការ និង​ជា​កន្លែង​ណាត់ជួប​រវាង​អ្នក​បរិភោគ ឈ្នួ​ញ​កណ្តាល ជាមួយ​អ្នកផ្គត់ផ្គង់ និង​ជាពិសេស​វា​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព អនាម័យ និង​ប្រភព​ទំនិញ​ច្បាស់លាស់ ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត និង​ការធានា​ត្រឹមត្រូវ​។

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ទាំងពីរ​បាន​ផ្តោតជាសំខាន់​លើ​ប្រធានបទ ដូចជា​៖ ពិនិត្យ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​អំពី​ទីតាំង​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​បង្កើត​ផ្សារ និង​ត្រូវ​បន្ត​ជួប​ពិ​ភ​សិក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​មន្ត្រី​ជំនាញ វិស័យ​ឯកជន សហគ្រាស​ខ្នាតតូច និង​មធ្យម ដៃគូ​អភិវឌ្ឍ តាម​អភិក្រម រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍ​-​និង​សហគមន៍​។ និង​បន្ត​ជម្រុញ​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​លើ​ការងារ​ច្បាប់ និង​បច្ចេកទេស​៕ ល​

#