កូ​កា​-​កូ​ឡាប​ន្ត​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២២​ក្នុងស្រុក​ស្នួល​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទឹកស្អាត​ប្រើប្រាស់​

148
ចែករម្លែក

ដោយៈ​សុផល​/​ខេត្តក្រចេះ​៖​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា​និង​អាជ្ញាធរ​ពាក់ព័ន្ធ​បានរួម​គ្នា​បន្ត​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​មួយកន្លែង នៅក្នុង​បរិវេណ​បឋមសិក្សា​សែន​អភិវឌ្ឍន៍ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេត្តក្រចេះ​។​

ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​អាច​ផ្តល់នូវ​ទឹកស្អាត​សម្រាប់​ទទួលទាន​ដល់​សិស្សានុសិស្ស​លោកគ្រូ​អ្នកគ្រូ​ប្រមាណ​ជាង​៥០០​នាក់​ក៏ដូចជា​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១.៣០០​នាក់​ដែល​រស់នៅក្នុង​សហគមន៍​ជុំវិញ​នោះ​ផងដែរ​។​

​លោក លី ផល្លា រដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក ហេង សុខ​ណា​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក​រស់​សោភា​នាយក​ផ្នែក​ច្បាប់​និង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធន៍​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​។​

​លោក រស់ សោភា នាយក​ផ្នែក​ច្បាប់​និង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​បាន​មានប្រសាសន៍ថា​៖«​ការប្តេជ្ញាចិត្ត​របស់​យើង​មិន​បញ្ឈប់​នៅត្រឹមតែ​ការ​តម្លើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ក្នុងថ្ងៃនេះ​ប៉ុណ្ណោះ​ទេ​។​

ប៉ុន្តែ​យើង​នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព ការប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការថែរក្សា​អនាម័យ​បរិស្ថាន​ការអប់រំ​បណ្តុះបណ្តាល​ប្រជា​សហគមន៍​អំពី​ការថែរក្សា​ការពារ​ប៉ម​ចម្រោះ​ទឹក​នេះ​រួមទាំង​ការធ្វើ​លំហែ​ទាំ​រយៈពេល​៥​ឆ្នាំ​។​អង្គការ​PlanetWater​នឹងធ្វើ​ការត្រួតពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ប្រចាំ​ទៅតាម​កាលវិភាគ​កំណត់​”​។​

​លោក​រស់​សោភា​បាន​បន្តទៀតថា​«​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដែល​បាន​កំពុងតែ​នាំយក​ទឹកស្អាត​មកកាន់​សាលារៀន និង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​»​។

​លោក​បាន​គូសបញ្ជាក់​បន្តទៀតថា​«​ក្រុមហ៊ុន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កិច្ចសហការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​នាយកដ្ឋាន​ពន្ធដារ​ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​រៀបចំ​គម្រោង​នេះ លេច​ជា​រូបរៀង​ឡើង​»​។​

​សូមជម្រាបថា​នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២២ ដែល​បាន​តម្លើង​ដោយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ជាមួយនឹង​ស្ថាប័ន​ដៃគូ​នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water ដែល​មានការ​តម្លើង​ប៉ម​ចម្រោះ​ទឹកស្អាត​នៅតាម​បណ្ដា​សហគមន៍​នានា​នៃ​ប្រទេស​កម្ពុជា ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត​សម្រាប់​ទទួលទាន​។​

​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​បានឱ្យដឹងថា​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន​១​ទៀត​នឹងត្រូវ​តម្លើង​តំបន់​ដាច់​ស្រ​យ៉ា​ល​នៃ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត​នឹងមាន​វត្តមាន​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ៗ​ទៀត​។

ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា បានឱ្យដឹង​ទៀតថា​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ២១ ដែល​ក្រុមហ៊ុន​បាន​តម្លើង​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៦​បានផ្តល់​ទឹកស្អាត​ចំនួន​៤៤,៩៩០,២៨៦​លីត្រ​សម្រាប់​ប្រជា​សហគមន៍​ប្រមាណ​ជាង​៤០,០០០​នាក់​៕S/