កើតមក​មាន​ក្បាល ២ ត្រូវ​ឪពុក​យកទៅ​កប់​ទាំង​រស់ តែ​សំណាងល្អ​គេ​ជួយ​ទាន់

282
ចែករម្លែក

ទារក​អភ័ព្វ​ម្នាក់​ដែល​កើតមក​មាន​ក្បាល ២ យ៉ាង​ចម្លែក ហើយ​ត្រូវ​ឪពុក​ជួល​គេ​ឱ្យ​យក ទៅ​កប់​ទាំង​រស់​យ៉ាង​ព្រៃផ្សៃ ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ពេល និង​មានជីវិត​ថ្មី​ល្អប្រសើរ ដូច​ក្មេង​ដទៃ​ដោយសារ​ការវះកាត់​ដ៏​អស្ចារ្យ​។
​ ​
ក្រុមគ្រូពេទ្យ​វះកាត់​និយាយថា ទារក​អាយុ ៤០​ថ្ងៃ​ដែល​មិនទាន់​មានឈ្មោះ​នៅឡើយ​នេះ បានកើត​នៅ​តំបន់​កា​ស្មៀ​រ ប្រទេស​ឥណ្ឌា ដោយមាន​ដុំ​សាច់​ពយ​ចេញពី​ក្បាល​ធម្មតា​។
​ ​
ដោយសារតែ​កើតមក​ចម្លែក​ខុសគេ បុរស​ជា​ឪពុក​មិន​ចង់ទុក​កូន​នេះឡើយ ហើយ​បាន ព្យាយាម​ជួល​ឱ្យគេ​យក​កូន​នេះ​ទៅ​កប់​ទាំង​រស់​។ ប៉ុន្តែ​ជា​សំណាងល្អ អ្នកស៊ីឈ្នួល​ជីក​ផ្នូរ ម្នាក់​នៅ​ណូ​វ៉ាត​តា (Nowhatta) បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ​បន្ទាប់ពី​ប្រទះ ឃើញ​ទារក​កម្រើក និង​ស្រែកយំ​ខណៈពេល​គាត់​ដាក់​ក្មេង​នេះ​ចូលក្នុង​រណ្ដៅ ដី​បម្រុង​កប់​។

ពេលនេះ​ដុំ​សាច់​ដ៏​ធំ​ដែល​ពយ​ចេញពី​ក្បាល​ធម្មតា​ទម្ងន់​ដល់​ទៅ ២ គីឡូ ពោលគឺ​ធំ​ជាង ក្បាល​ធម្មតា​ដល់​ទៅ ៣ ដង​នេះ​ត្រូវបាន​គ្រូពេទ្យ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ សឺ​-​អ៊ី​-​កា​ស្មៀ​រ (Sher-i-Kashmir Institute of Medical Sciences)​វះកាត់​ចេញ​ដោយ ជោគជ័យ និង​ផ្តល់​ពន្លឺជីវិត​ថ្មី​ដល់​ទារក​នេះ​។

​បុរស​ជា​ឪពុក​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ក្រោយមក​បងប្រុស​របស់ខ្លួន​បាន​បង់ប្រាក់​ធានា​ឱ្យ នៅក្រៅ​ឃុំ ចំណែកឯ​អ៊ំ​ប្រុស​នោះ​ក៏បាន​យក​ទារក​នេះ​ទៅ​ចិញ្ចឹម បន្ទាប់ពី​ការវះកាត់​៕ ប្រែ​សម្រួលៈ ខុម