កើត​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ទទួលបាន​កាដូ “​ជិះ​មិន​អស់​លុយ​មួយជីវិត​”

393

ស្ត្រី​ម្នាក់​បាន​សម្រាលកូន​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ដោយមាន​ជំនួយ​ពី​បុគ្គលិក​ស្ថានីយ និង​គ្រូពេទ្យ​នៅ​ក្រុង​ហ្វ៊ូ​ចូ​វ (Fuzhou) ខេត្ត​ហ្វ៊ូ​ជាន (Fujian) ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ស្ត្រី​រូបនោះ​មាន​អាកា​រៈ​ឈឺពោះ​ជិត​សម្រាល​នៅ​ម៉ោង​ប្រហែល ១១ ព្រឹក​នៅឯ​ស្ថានីយ Nanmendou ក្រុង​ហ្វ៊ូ​ចូ​វ ខណៈ​កំពុង​រង់ចាំ​រថភ្លើង​។ ពេលនោះ​ក្រុមគ្រួសារ​របស់គាត់ បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ភ្លាមៗ​។

​ខណៈពេល​កំពុង​រង់ចាំ​គ្រូពេទ្យ​ស្ថានីយ​បាន បង្កើត​បន្ទប់​បណ្តោះអាសន្ន​មួយ ហើយ​បាន ប្រើ​ប្រព័ន្ធ​ផ្សាយ​របស់ខ្លួន ដើម្បី​ស្វែងរក​ជំនួយ ផ្នែក​វេជ្ជសាស្ត្រ​។

​មិនយូរប៉ុន្មាន គ្រូពេទ្យ​បាន​ទៅដល់​ហើយ​សម្រេចចិត្ត​ជួយ​សម្រាល នៅ​ស្ថានីយ​តែម្តង ពីព្រោះ​បែក​ទឹកភ្លោះ ហើយ​ក្បាល​របស់​ទារក​បានចេញ​មក​ក្រៅ​ទៅហើយ​។​

​ដោយមាន​ជំនួយ​ពី​បុគ្គលិក​ស្ថានីយ​ពីរ​នាក់ ស្ត្រី​រូបនេះ​សម្រាល​បានកូន​ស្រី​ថ្លោស ម្នាក់​ដោយ​រលូន និង​ដោយ​សុខ​សប្បាយ​នៅ​ម៉ោង​ប្រហែល ១២ ថ្ងៃត្រង់​។ ក្រោយ​សម្រាល​រួច ទាំងពីរ​នាក់​ម្តាយកូន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​យោងតាម Fuzhou Metro បានឱ្យដឹងថា ទារិកា​នេះ​ទទួលបាន​កាដូ “​ជិះ​រថភ្លើង​ក្រោម​ដី មិន​អស់​លុយ​មួយជីវិត​” នៅ​ក្រុង​ហ្វ៊ូ​ចូ​វ ពីព្រោះ​នាង​ជា “​ទារក​កើត​នៅ​រថភ្លើង​ក្រោម​ដី​” ដំបូង​គេ​នៅ​ក្រុង​នេះ​៕ ប្រែ​សម្រួល​: ខុម