កែប្រែ​ដែន​គ្រប់គ្រង​លើ​ឆ្នេរសមុទ្រ​ទឹក​រាក់​ជា​មណ្ឌល​កម្សាន្ត​បែប​ធម្មជាតិ​

1866
ចែករម្លែក
  • 5
    Shares

ដោយ : បូកគោ​/កំ​ពត : សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​កំពុង​កែប្រែ​ដែន​គ្រប់គ្រង​មួយផ្នែក​របស់ខ្លួន​លើ​ឆ្នេរសមុទ្រ​ទឹក​រាក់​ឱ្យទៅជា​មណ្ឌល​កម្សាន្ត​បែប​ធម្មជាតិ​ដ៏​ពេញនិយម​ព្រោះតែ​ប្រមើល​មើលឃើញថា​ទីតាំង​ភូមិសាស្ត្រ​នេះ​មាន​ភាពងាយស្រួល​ក្នុងការ​អូសទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ទាំងឡាយ ។​

សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក ទឹកឈូ ខេត្តកំពត​។ ដើម្បី​បាន​ដល់​មណ្ឌល​កម្សាន្ត​បែប​ធម្មជាតិ​នេះ ភ្ញៀវ​ធ្វើដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ក្នុងទិសដៅ​កំពត​-​ព្រះសីហនុ​ត្រូវ​បត់​ចុះទៅ​ខាងឆ្វេង​ពេល​ដល់​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៨-១៧៩​។ តាម​ផ្លូវលំ​ប្រហែល​មួយ​គីឡូម៉ែត្រ​ដែល​អាច​ចរាចរ​ដោយ​ម៉ូតូ និង​រថយន្ត​ធុន​ទេសចរណ៍ នោះ​ភ្ញៀវ​នឹង​ប្រទះឃើញ​ព្រៃកោងកាង​ដែលមាន​ម្លប់​ត្រឈឹងត្រឈៃ​រួម​នឹង​សកម្មភាព​កំពុង​អភិវឌ្ឍ​របស់​សហគម​ន៍​មួយ​នេះ​។​

​លោក​ទិ​ត្យ រី​ន ប្រធាន​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​បាន​រៀបរាប់ថា​បន្ថែម​ពីលើ​មុខរបរ​នេសាទ ការបង្កើត​ធនាគារ​ក្តាម ការចិញ្ចឹម​ត្រី​សមុទ្រ ពេលនេះ​គណៈកម្មការ ព្រមទាំង​សមាជិក​សហគមន៍​បាន​មូលមតិ​គ្នា​សាងសង់​ជា​ស្ពានឈើ​សម្រាប់​ភ្ញៀវ​ដើរ​កម្សាន្ត​លើ​ផ្ទៃ​ទឹក​រាក់ និង​ក្នុង​ព្រៃកោងកាង​ដើម្បី​ពង្រីក​មុខរបរ បំណង​រក​ចំណូល​បន្ថែម​។ គម្រោង​នេះ​ស្រប​នឹង​ចក្ខុវិស័យ​របស់​រដ្ឋបាល​ខេត្តកំពត និង​មានការ​យល់ព្រម​ពី​ជំនាញ​ពាក់ព័ន្ធ​នានា​ដោយ​ផ្តោតលើ​ផ្នែក​សេវា​ទេសចរណ៍​ដែលជា​សក្តានុពល​សម្រាប់​ខេត្តកំពត​ផងដែរ​។ សហគមន៍​នឹង​បង្កើត​តំបន់​អេកូ​ទេសចរណ៍​ដោយ​ធ្វើ​រោង ធ្វើ​សាលប្រជុំ ធ្វើ​ស្ពាន និង​ទិញ​ទូក​ឱ្យបាន​បួន​គ្រឿង​សម្រាប់​ដឹក​ភ្ញៀវ​គយគន់​ព្រៃកោងកាង​ក្នុង​ដែន​គ្រប់គ្រង​។

លោក​ប្រធាន​សហគម៍​បានបញ្ជាក់​ថា​ជា​ជំហាន​ដំបូង សហគមន៍​ចាប់ផ្តើម​សាងសង់​ស្ពាន​ប្រវែង​២១០​ម៉ែត្រ រួចហើយ​ទើប​ធ្វើ​កន្លែង​សម្រាប់​ភ្ញៀវ​អង្គុយ​មើល​ផ្ទៃសមុទ្រ សកម្មភាព​អ្នកនេសាទ និង​គយគន់​ទិដ្ឋភាព​ភ្នំ​នៅ​តំបន់​ជុំវិញ​។ មកដល់ពេលនេះ ស្ពានឈើ​ដែល​ធ្វើ​ចេញពី​ព្រៃកោងកាង​ក្បែរ​ចំណុច​កំពង់ទូក​សំដៅ​រោង​ធនាគារ​ក្តាម​សម្រេចបាន​១៤៥​ម៉ែត្រ​ហើយ​។ លោក​ទិ​ត្យ រី​ន​បាន​បន្តថា​ចំពោះ​គម្រោង​បន្ទាប់ សហគមន៍​នឹងធ្វើ​ស្ពានឈើ​ភ្ជាប់​ពី​ចំណុច​ក្បែរ​ធនាគារ​ក្តាម​បន្តទៅ​ផ្នែក​ខាងកើត​ប្រវែង​ជិត​២០០​ម៉ែត្រ​បន្ថែមទៀត រួចហើយ​ចាប់ផ្តើម​សាងសង់​ខ្យូ​ស​ជាច្រើន​ខ្នង​នៅ​ចន្លោះ​ព្រៃកោងកាង​។ គម្រោង​ដែល​អនុវត្តបាន​មួយចំនួន​កន្លងមក​គឺ​សហគមន៍​ធ្វើ​រោង​ធនាគារ​ក្តាម​បាន​មួយ ធ្វើ​កន្លែង​ចិញ្ចឹម​ត្រី ទម្លាក់​ប្រអប់​សិប្បនិម្មិត​ចំនួន​៣០ ធ្វើ​បង្គោល​បំភ្លឺ​ឃ្លង​សម្រាប់​អុ្ន​ក​នេសាទ​ចំណាំ​ក្នុងករណី​មាន​ខ្យល់ព្យុះ​ដើម្បី​បញ្ចៀស​ការ​វង្វេង​ដោយ​ពួកគាត់​អាច​មើល​បង្គោល​នោះបាន​។​

លោ​ក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​មានប្រសាសន៍ថា​សហគម​ន៍​ទេ​សាទ​ត្រពាំងរ​ពៅ​ជា​សហគមន៍​មួយ​ដែល​ធ្វើ​សកម្មភាព​បានល្អ បន្ទាប់ពី សហគមន៍​នេសាទ​ត្រពាំង​សង្កែ ក្នុងចំណោម​សហគមន៍​នេសាទ​ជិត​ដប់​កន្លែង​ទូទាំង​ខេត្ត​។ គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​មណ្ឌល​ទេសចរណ៍ធម្មជាតិ​នេះ លោក​សង្ឃឹម​នឹង​ទទួលបាន​ជោគជ័យ​ព្រោះ​មាន​ដៃគូ​អភិវឌ្ឍ​ជាច្រើន​កំពុង​ចូលរួម​គាំទ្រ​។ ជា​អំណោយផល​ល្អ​សម្រាប់​ភ្ញៀវ​គឺ​សហគមន៍​មាន​ធនាគារ​ក្តាម មាន​បែ​ចិញ្ចឹម​ត្រី​ក្នុង​សមុទ្រ​ដែល​ភ្ញៀវ​អាច​ទិញ​បរិភោគ​ភ្លាមៗ​តែម្តង​។

លោកនាយ​ខណ្ឌ​បាន​បន្តថា​សម្រាប់​ប្រជាពលរដ្ឋ​សហគមន៍​វិញ​អាច​លក់ដូរ​ផល​នេសាទ​ក្នុងតម្លៃ​សមរម្យ និង​រកប្រាក់​ចំណូល​ប​ន្ថែ​ម​តាមរយៈ​ការដឹក​ភ្ញៀវ​គយគន់​ព្រៃកោងកាង មើល​ផ្កាថ្ម ទស្សនា​សកម្មភាព​នៃ​ធនាគារ​ក្តាម និង​បែ​ចិញ្ចឹម​ត្រី​សមុទ្រ​ជាដើម​។ លោក ស សូ​រិ​ន បាន​សម្តែង​ក្តី​មោទនៈ​ថា ការបង្កើត​មណ្ឌល​ទេសចរណ៍ ធម្មជាតិ​នេះ​ក៏មាន​ភាព​ចំណេញ​សម្រាប់​ចំណូល​យកមក​អភិវឌ្ឍ​សហគមន៍​ឱ្យ​កាន់តែ​រីកចម្រើន និង​មាន​ប្រសិទ្ធភាព​ក្នុង​សកម្មភាព​ការងារ ព្រមទាំង​ជា​កិច្ច​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ផងដែរ​៕​B