កែវយឹត​ដ៏​ធំ​របស់​ចិន​រកឃើញ​ផ្កាយ​ភ្លឺ​ចិញ្ចាច ២ នៅក្នុង​កាឡាក់ស៊ី​មួយទៀត​

637

​បន្ទាប់ពី​ការសាកល្បង​រយៈពេល​មួយឆ្នាំ​នូវ​កែវយឹត​ឈ្មោះ FAST ប្រវែង ៥០០ ម៉ែត្រ​របស់​ចិន ដែលជា​កញ្ចក់​កែវយឹត​រលក​វិទ្យុ​ប៉ុន​តារាង​បាល់ទាត់​ធំៗ​ចំនួន ៣០ ដែល​បច្ចុប្បន្ន​ជា​កែវ​យឺត​ធំជាងគេ​នៅលើ​ពិភពលោក​នោះ ថ្មីៗ​នេះ​បាន​រកឃើញ​ផ្កាយ​ធំៗ​២ ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល ១៦.០០០ និង ៤.១០០ ឆ្នាំ​ពន្លឺ​។​

​ផ្កាយ​ទាំងពីរ​នេះ​ត្រូវបាន​ស្រូប​ទាញ​និង​វិល​ជុំវិញ​ដួងតារា​ងាប់​ជាច្រើន ដែល​បញ្ចេញ​រលកសញ្ញា​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​។ ក្រុម​អ្នកស្រាវជ្រាវ​មកពី​មណ្ឌល​ស្រាវជ្រាវ ឈ្មោះ វិទ្យាសាស្ត្រ​តារាសាស្ត្រ​ជាតិចិន (NAOC) បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១០​តុលា​ថា ផ្កាយ​ភ្លឺ​ចិញ្ចាច​ទាំងពីរ ឈ្មោះ J1859-01 និង J1931-01 ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី ២២ និង ២៥ ខែសីហា ខណៈដែល​កែវយឹត​កំពុង​ស្កែ​ន​យាន​នៅ​កាឡាក់ស៊ី​ខាងត្បូង​។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា កែវយឹត​រលក​វិទ្យុ​ឈ្មោះ Parkes របស់​អូស្ត្រាលី​បានបញ្ជាក់​ពី​ការរកឃើញ​នេះ​កាលពី​ខែកញ្ញា​។​

​យោងតាម​លោក ប៉េង ប៉ាវ អនុប្រធាន​នៃ​គម្រោង​កែវយឹត FAST បានឱ្យដឹងថា ប្រតិបត្តិ​ការសាកល្បង​សម្រាប់​កែវយឹត​រលក​វិទ្យុ​ដែលមាន​ទំហំ​ធំ​ដូចជា កែវយឹត FAST ដែល​ស្ថិតនៅក្នុង​ខេត្ត​គួ​យ​ចូ​វ ភាគ​និរតី​ប្រទេស​ចិន​នេះ ជាធម្មតា​គឺមាន​រយៈពេល ៣ ទៅ ៥ ឆ្នាំ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ​រាយការណ៍​ថា “​វា​ពិតជា​លើកទឹកចិត្ត​ណាស់​ដែល​សម្រេចបាន​លទ្ធ​ផល​បែបនេះ​ក្នុង​រយៈពេល​តែមួយ​ឆ្នាំ​” ។​

​លោក អេ​មី​លី ប៉េ​ត្រូ​ហ្វ មកពី​វិទ្យាស្ថាន​តារាសាស្ត្រ​របស់​ហូ​ឡង់​បាន​ប្រាប់​វេ​ប​សាយ Gizmodo ថា ផ្កាយ​ទាំង​២​អាច​បង្ហាញ​ពី​ព័ត៌មាន​ដ៏​មានតម្លៃ​អំពី​មី​ល​គី​វ៉េ (Milky Way)​។​

​លោក​ប៉េ​ត្រូ​ហ្វ​និយាយថា “​ផ្កាយ​ទាំងនេះ​មាន​សារៈសំខាន់​សម្រាប់​ការសិក្សា​អំពី​សមាសធាតុ​អ៊ីយ៉ូដ​នៅក្នុង​កាឡាក់ស៊ី​របស់​យើង​។ រលក​វិទ្យុ​របស់​វា​ធ្វើដំណើរ​តាមរយៈ​រលក​វិទ្យុសកម្ម​រវាង​ផ្កាយ​ក្នុង​កាឡាក់ស៊ី​មួយទៀត និង​អនុញ្ញាតឱ្យ​យើង​វាស់វែង​ពី​លក្ខណៈ​របស់​វា​។ ដូច្នេះ​ការដែល​មាន​ផ្កាយ​នៅក្នុង​កាឡាក់ស៊ី​ផ្សេងទៀត គឺ ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ស្ទង់​មើល​ផ្កាយ​ផ្សេង​នៅ​ចន្លោះ​យើង​និង​កាឡាក់ស៊ី​ផ្សេងទៀត​។ នេះ​មិន​ធ្លាប់​បានធ្វើ​ពីមុន​ទេ​”៕ ដោយ៖ កញ្ញាដាលីស

​កែវយឹត FAST របស់​ចិន ឆ្លុះ​ឃើញ​ផ្កាយ ឈ្មោះ J1859-01 និង J1931-01 កាលពី​ថ្ងៃទី ២២ និង ២៥ ខែសីហា