កែវ ធីតា ទម្លាយ​រឿង​ពិត​ពី​មូលហេតុ​ដែល​នាំ​ក្លាយជា​អ្នកចម្រៀង​អាជីព​

1311
ចែករម្លែក

​ភ្នំពេញ​៖ តារា​លេងខ្លួន កញ្ញា កែវ ធីតា បានបង្ហាញ​វត្តមាន​ក្នុង​ប្រគំ​ន្ត្រី​ខា​រ៉ា​បាវ​របស់​ស្ថានីយ​លេខ​៥ កាល​ចុង​សប្តាហ៍​កន្លងទៅ​បានផ្តល់​កិច្ចសំភាសន៍​ក្រុម​អ្នកសារព័ត៌មាន​។​នាង​បាន​ទម្លាយ​រឿងរ៉ាវ​ពិត​នៃ​ជីវិត​របស់​នាង ដែលនាំឱ្យ​ក្លាយជា​តារាចម្រៀង​។

​ការពិត​តារាចម្រៀង​និយម​ច្រៀប​បទ​បែប​ភាសា​អង់គ្លេស​រូបនេះ​បាន​សុខចិត្ត​បោះបង់​ពេលវេលា​សិក្សា ដើម្បី​ក្លាយជា​អ្នកចម្រៀង​ដោយសារតែ​ជីវិត​ពិត​របស់​នាង​មាន​ស្ថានភាព​គ្រួសារ​មិនសូវ​ល្អ ត្រូវការ​នាង​ជួយ​ជ្រោមជ្រែង​។ ហេតុដូច្នេះ​នាង​សម្រេចចិត្ត​បោះបង់​ការសិក្សា​ដើរ​តាម​វង់​ភ្លេច ចុះឡើងៗ​ច្រៀង​រកប្រាក់​ជាមួយ​សំនៀង​យ៉ាង​ពិ​រោះ​របស់​នាង​។​

​សូមបញ្ជាក់ថា កញ្ញា កែវ ធីតា គឺជា​ចៅស្រី​បង្កើត​របស់លោក​កែវ ចិន្តា​អតីត​ចៅហ្វាយក្រុង ភ្នំពេញ​ជំនាន់​រដ្ឋ​កម្ពុជា​ដោយ​។ លោក កែវ ចិន្តា ជា​អ្នក​និ​ព​ន្ឋ​បទ​ចម្រៀង​”​មាតុភូមិ​ដែល​ខ្ញុំ​ស្រឡាញ់ ឬ ឱ​ភ្នំពេញ​អើយ​”​។ បច្ចុប្បន្ន​អតីត​ចៅហ្វាយក្រុង​រូបនេះ​បន្សល់​ចៅស្រី​ពីរ​នាក់​ជា​តារាចម្រៀង កំពុង​លេចធ្លោ​លើ​សិល្បៈ​គឺ​កញ្ញា ខេ​លី​និង កែវ ធីតា​។​

​កញ្ញា កែវ ធីតា បាន​ចូលរួម​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់ “​តន្ត្រី​ខា​រ៉ា​បាវ​ស្បា​ក ” របស់​ប៉ុ​ស្តី​លេខ​៥ បាន​ប្រាប់​ឱ្យដឹងថា បើ​រំលឹក​ពី​ការរៀនសូត្រ​វិញ​នាង​មានការ​សោកស្តាយ​ខ្លាំង តែម្តង​ដោយសារ​នាង​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​៨​ហើយ​ចុះ​មកជួយ​ដើរ​ច្រៀង​សម្តែង​សិល្បៈ​តាម​វង់ភ្លេង​ការ​ជាមួយ​លោកប៉ា​និង​បងស្រី​នាង​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ​រួមគ្នា​។​

​កញ្ញា ធីតា បាន​ប្រាប់ទៀតថា​ក្រោយពេល​អត់​បាន​រៀន​ក៏​សម្រុក​ងាក​មក​សិក្សា​ភាសា​អង់គ្លេស បាន​ថ្នាក់​ទី​១០​នៅ​សាលា​ឯកជន​មួយ​។​ម្ល៉ោះហើយ​ទើប​ចំណោះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​របស់​នាង​ទោះ​មិនល្អ​ខ្លាំង​ក៏​អាច​ប្រើការ​បាន​គួរសម​។​ក្រៅពី​ច្រៀង​ជា​ភាសា​អង់គ្លេស​នាង​អាច​ច្រៀង​ភាសា​ចិន​,​ថៃ​បាន​ខ្លះ​ដែរ​។​ប្រសិនបើ​មាន​ពេលវេលា​គ្រប់គ្រាន់​នាង​នឹង​ឈោង​ចាប់​ការសិក្សា​ជំនាញ​ណាមួយ​បន្ថែមទៀត​ទុកជា​វិជ្ជា​ជាប់​ខ្លួន​ក្រៅពី​សិល្បៈ​។​

​តារា​ស្រី​ស្រស់ស្អាត​រូបនេះ​បាន​បង្ហើប​ថា នាង​បាន​បោះជំហាន​សិល្បៈ​នៅ​អាយុ​១៣​ឆ្នាំ​នៅតាម ពិធីជប់លៀង​និង​មង្គលការ​។ ដោយមាន​ទេពកោសល្យ​សិល្បៈ​ធីតា​ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍ មួយចំនួន​ផ្តល់​វត្តមាន​សម្តែង​ដូចជា​បាយ័ន អាស៊ីអាគ្នេយ៍​ស៊ី​ធី​អិន​ជាដើម​។​ក្រៅពីនេះ​នាង​ឧស្សាហ៍ ច្រៀង​ក្នុង​កម្មវិធី​ធំៗ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ដូចជា​អង្គរ​សង្ក្រាន្ត​ផងដែរ​៕ ដោយ​: បូ​រិ​ន​