កោះហៅ​ម្ចាស់​ភាគហ៊ុន​គ្រឹះស្ថានឥណទានជនបទ​”​ឥណទាន​ប្រសិទ្ធ​”៤​នាក់​ឱ្យចូល​បំភ្លឺ​រឿង​កំហែង​យកប្រាក់​ពី​អ្នកដទៃ​

1875
ចែករម្លែក
  • 4
    Shares

ដោយៈសាវ​រក្ស​/​ភ្នំពេញៈ​យោងតាម​ប្រភពពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា លោក អ៊ុ សុ​ភក្តិ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨​បាន​កោះហៅ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​គេ​ស្គាល់​ថា ម្ចាស់​ភាគហ៊ុន​គ្រឹះស្ថានឥណទានជនបទ​ឈ្មោះ “​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​” ឲ្យ​ចូលខ្លួន​បំភ្លឺ ពាក់ព័ន្ធ ករណី កំហែង​យក និង​គំរាមកំហែង​ប្តឹង​បរិហា​លើ​ពលរដ្ឋ​ស្លូតត្រង់​។​

​តាម​ប្រភព​ដដែល​បាន​បន្ថែមថា ក្រុម​ជនសង្ស័យ ដែល​ត្រូវបាន​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ រួមមាន​៖ -​ទី​១​ឈ្មោះ ទួន សុ​វណ្ណា ភេទ​ប្រុស ទីលំនៅ​ផ្ទះ​លេខ​១១​បេ ផ្លូវ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​-​ទី​២​ឈ្មោះ ឡេង វឌ្ឍនៈ ភេទ​ប្រុស ទីលំនៅ​ផ្ទះ​លេខ ២១ ផ្លូវ​លេខ​ទី​០១ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

-​ទី​៣​ឈ្មោះ ជាម ច័ន្ទ​កេ​ណា ភេទ​ប្រុស ទីលំនៅ​ផ្ទះ​លេខ​៤៥​សេ ភូមិ​០១ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ -​និង​ទី​៤​ឈ្មោះ ទិ​ត សម្បត្តិ ភេទ​ស្រី ផ្ទះ​លេខ​១១​បេ ផ្លូវ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ដីកាកោះ​របស់លោក​ព្រះរាជអាជ្ញារង អ៊ុ សុភ​ក្តិ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ ត្រូវបាន​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ ពីបទ កំហែង​យក​ដោយមាន​ស្ថាន​ទម្ងន់ទោស និង​គំរាមកំហែង​ប្តឹង​បរិហា​។​ផ្អែក​តាម​ការអះអាងរ​បស់​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ មាន​ស្ត្រី​ម្នា​ក់វ័យ ៦១​ឆ្នាំ​ម្នាក់ បានដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ ។

​បណ្តឹង​បាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រុម​ជនសង្ស័យ​ខាងលើ និង​បក្ខពួក បាននាំគ្នា​ទៅផ្ទះ​របស់លោក​ស្រី ដោយនិយាយ​ទៅកាន់​លោកស្រី​ថា ពួកគេ​ជា​អគ្គនាយក​គ្រឹះស្ថានឥណទានជនបទឈ្មោះ “​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​”​។​

​នៅ​ថ្ងៃកើតហេតុ​នោះ ក្រុម​ជនសង្ស័យ​បាន​ប្រាប់​លោកស្រី​ថា កូនប្រុស​របស់លោក​ស្រី ឈ្មោះ ឡេង វិសិដ្ឋ បាន​ធ្វើជា​អ្នកធានា​ឲ្យ​កូនបំណុល​ឈ្មោះ ហេង ម៉េង​ហ៊​ត ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​ប្តី និង​ឈ្មោះ ច​ន ម៉ូ​លីន ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជា​ប្រពន្ធ និង​កូនបំណុល​ម្នាក់ទៀត​ឈ្មោះ ហេង ឡា​លីន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ដែល​បាន​ទៅ​ខ្លី​ប្រាក់​ពីគ្រឹះស្ថានឥណទានជនបទ “​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​” ចំនួន សរុប ១២៣.០០០ ដុល្លារ​សហរដ្ឋអាមេរិក​។

​ក្រុម​ជនសង្ស័យ​បាន បង្គាប់​ឱ្យ​ដើមបណ្តឹង​ដែលជា​ម្តាយ របស់​ឈ្មោះ ឡេង វិសិដ្ឋ ជា​អ្នក​ជួយ​ធានា​បំណុល​ឱ្យ កូនបំណុល ៣​នាក់​ខាងលើ សង​ប្រាក់ ទាំងអស់ ទៅ​គ្រឹះស្ថានឥណទានជនបទ “​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​” ជំនួស កូនបំណុល និង​កូនប្រុស​របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ ក្រុម​ជនសង្ស័យ នឹង​ប្តឹង​បរិហារ ដើមបណ្តឹង និង​កូនប្រុស​ជាមិនខាន​។​

​ដោយសារតែ​ដើមបណ្តឹង​ជា​ម្តាយ​របស់ ឈ្មោះ ឡេង វិសិដ្ឋ ដែលជា​អ្នក​ជួយ​ធានា​បំណុល​ឲ្យ​អ្នក ដទៃ មិនបាន​ដឹង​រឿង​អ្វី​សោះ ។​ប៉ុន្តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ទៅ​គំរាមកំហែង​និង​គំរាម​ប្តឹង​បែបនេះ​ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​ក្រុម​ជនសង្ស័យ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​រក​យុត្តិធម៌​ឱ្យ​តែម្តងទៅ​។​

​ទោះជា​យ៉ាងណា ព័ត៌មាន​ចុងក្រោយ​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពី​សាកសួរ ចប់ តំណាង​អយ្យការ​បានអនុញ្ញាត​ឱ្យ​ជនសង្ស័យ​ទាំង​៤​នាក់​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​មិនមាន​ការបង្គាប់​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នោះទេ​។​

​គួររំលឹកថា ពាក់ព័ន្ធ​នឹង​វិស័យ មីក្រូហិរញ្ញវត្ថុ និង​ធនាគារឯកជន​នេះ កាលពី​អំឡុង​ឆ្នាំ​២០១៧ សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ទាំងអស់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ ដឹងថា ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ទាំងអស់នោះ​មិនមែនជា​របស់​រដ្ឋ​នោះទេ​។

ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័នច្រឡំ​ថា ពួកគាត់​បាន ខ្លី​លុយ​ទាំងអស់នោះ​ពីរ​ដ្ឋ ដោយ​ថែមទាំង​និយាយ​តៗ​គ្នា​ថា “​ជំពាក់​លុយ​រដ្ឋៗ​” ដែលជា​ហេតុនាំឱ្យ មាន​ក្រុម​អ្នក​ឆ្លៀតឱកាស កេងចំណេញ​ពី​ការយល់ច្រឡំ​មួយ​នេះ​។​

ទន្ទឹមនឹងនោះ​សម្តេច​ត​ជោ​ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​កម្លាំងប្រដាប់អាវុធ​ទាំងអស់​កុំ​សហការ​ជាមួយ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ឯកជន​ទាំងអស់នោះ ទៅ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ឬ​ទៅ​គំរាមកំហែង​រឹបអូស ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឱ្យសោះ​៕S/