កោះហៅ​លើក​ទី​២ ឲ្យ​អគ្គនាយករង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍​ចូល​បំភ្លឺ តាម​បណ្តឹង​អភិបាលខេត្ត​កណ្ដាល​

1137
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាកោះ​លើក​ទី​២​ឲ្យ លោក លី សា​ម៉េ​ត អគ្គនាយករង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ ក្នុងនាម​ជា​ជនសង្ស័យ​ចូល​បំភ្លឺ​តាម​បណ្តឹង​អភិបាល​ខេត្តកណ្ដាល នៅ​ថ្ងៃទី​១០​ខែកញ្ញា ខាងមុខនេះ​។​

​ការចេញ​ដីកាកោះ​លើក​ទី​២ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​លី សា​ម៉េ​ត​មិន​ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​២២​ខែសីហា​កន្លងទៅនេះ​។​

​តាម​ប្រភពព័ត៌មាន បាន​បញ្ជាក់ថា មិន​ត្រឹម​មិន​ចូល​បំភ្លឺ​ទេ លោក​លី សា​ម៉េ​ត ក៏​ពុំ​បានដាក់​ពាក្យសុំ​ពន្យារពេល​ដែរ​។ ប៉ុន្តែ​បាន​ពឹងពាក់​ឲ្យ​លោក​មេធាវី ស៊ុយ ឈុន​ហាក់ ដាក់​ពាក្យសុំ​ការពារ​ក្នុង​សំណុំ​រឿងនេះ​នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា​នេះដែរ​។​

​សូមជម្រាបថា ដូច​ការអះអាង​កន្លង​មក ថា ក្រោយ​បោះឆ្នោត រួច លោក​ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល នឹង​លេង​ផ្លូវច្បាប់​ជាមួយ​លោក លី សា​ម៉េ​ត អគ្គនាយករង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ ម្តងនោះ​។ ឥឡូវនេះ លោក​អភិបាល​បាន​ប្តឹង​មែន ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។

​ការ​ប្តឹងផ្តល់​នេះ គឺ បន្ទាប់ពី​លោក លី សា​ម៉េ​ត បាន​ផ្សព្វផ្សាយ​ជាច្រើនលើក​ច្រើនសារ ដោយ​ចោទប្រកាន់ លោក ម៉ៅ ភិ​រុណ ថា បាន​ប្លន់​ដី​ក្រុមហ៊ុន នៅ​ចំណុច​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ​បានធ្វើ​របាយការណ៍​កុហក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ប្រភពព័ត៌មាន បញ្ជាក់ថា លោក​បណ្ឌិត ម៉ៅ ភិ​រុណ បាន​ប្តឹង​លោក លី សា​ម៉េ​ត ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង បទ​ប្រមាថ​។ បច្ចុប្បន្ន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៧២៧ ចុះ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ពាក់ព័ន្ធ​ការ​ប្តឹងផ្ដល់​នេះ លោក លី សា​ម៉េ​ត បាន​អញ្ជើញលោក ម៉ៅ ភិ​រុណ ទៅ​ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ​ពាក់ព័ន្ធ​នឹង​ដី​នៅ​ឃុំ​កំពង់​អុស ដើម្បី​បង្ហាញ​ភាពស្មោះត្រង​។

​លោក លី សា​ម៉េ​ត បានមក​ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ​រួចហើយ កាលពី​ល្ងាច ថ្ងៃទី​១៦ ខែសីហា ដូច​តាម​ការសន្យា​ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់ ដែល​លោក​អភិបាលខេត្ត ម៉ៅ ភិ​រុណ ធ្វើ​របាយការណ៍​ជូន​សម្តេច​តេ​ជោ ចោទ​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍​ថា​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​អុស​នោះ​គឺជា​រឿង​មិន​ពិត​។

​លោក លី សា​ម៉េ​ត បញ្ជាក់ទៀតថា ហេតុដូច្នេះ​ដើម្បី​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ និង​លោក ម៉ៅ ភិ​រុណ បានឃើញ​នឹង​ពិចារណា​ចុះ​។ តាម​ការពិត​ប្រជាពលរដ្ឋ​ដែល​លោក​ចោទថា​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​នោះ​មិនមែនជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​កំពង់​អុស​ទេ ផ្ទុយទៅវិញ​សុទ្ធតែ​ឈ្មួញ និង ឧកញ៉ា នៅ​រាជធានី​ភ្នំពេញ និង​អ្នក​ក្រៅប្រទេស ក្នុងនោះ​ក៏មាន ឈ្មោះ​ភឹម ភី​រ៉ា អភិបាលស្រុក​ល្វាឯម ដែលជា​កូន​របស់លោក​ម៉ៅ ភិ​រុណ និង ឈ្មោះ​មួយចំនួនទៀត​៕