កោះ​ពេជ្រ​កំពុង​ក្លាយជា​តំបន់​មាន​សក្ដានុពល​ផ្នែក​អចលនទ្រព្យ ​

247

(​ភ្នំពេញ​) ៖ បឹង​កេងកង​ជា​តំបន់​មាន​សក្ដានុពល​ទាំង​ការវិនិយោគ ពាណិជ្ជកម្ម និង​ការរស់នៅ​យូរ​មកហើយ ប៉ុន្តែ​បន្ទាប់ពី​តំបន់​នេះ ក៏មាន​តំបន់​មួយចំនួនទៀត ដែល​វិនិយោគិន​បាន​សម្លឹង​និង​កំពុង​បណ្ដាក់​ទុនវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ផងដែរ ជាពិសេស សំណង់​អគារ​ពាណិជ្ជកម្ម និង​លំនៅឋាន ។ តើ​តំបន់​ណា​ដែលមាន​សក្ដានុពល​បន្ទា​ប់​ពី​តំបន់​នេះ ?
​ ​
​បើតាម​ការវាយតម្លៃ​ពី​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា បានបង្ហាញ​ពី​ភាពស្រដៀងគ្នា ដែល​កំពុងមាន​សក្ដានុពល​ក្នុង​វិស័យ​អចលនទ្រព្យ ទាំង​លំនៅឋាន និង​ពាណិជ្ជកម្ម​។ យោងតាម​គេហទំព័រ​អចលនទ្រព្យ​ខ្មែរ បាន​ឲ្យ​ដឹងថា តំបន់​ទន្លេបាសាក់​គឺជា​ទីតាំង​ល្អ​មួយ​សម្រាប់​​ការវិនិយោគ​ជា​អគារ​ពាណិជ្ជកម្ម ការិយាល័យ និង​អគារ​ខុន​ដូ​។ ជាក់ស្ដែង តំបន់​នៅ​ទីក្រុង​រណប​កោះ​ពេជ្រ​សំណង់​អគារ​ជាច្រើន​កំពុង​​រីកលូតលាស់​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​គម្រោង​ខ្លះ​បានបញ្ចប់ និង​គម្រោង​ខ្លះទៀត​កំពុង​សាងសង់​ដោយ​គ្រោង​នឹង​បញ្ចប់​នៅពេល​​ខាងមុខ​។​
​ ​
​តាម​ការសង្កេត​ជាក់ស្ដែង​នៅ​តំបន់​ទន្លេបាសាក់ ក៏មាន​អគារ​ប្រណីតៗ​មួយចំនួន​បានបញ្ចប់​គម្រោង និង​ដាក់​ដំណើរការ​ជា​ផ្លូវការ ដែល​ធ្វើ​ឲ្យ​តំបន់​នោះ​កាន់​តែមាន​ភាព​ទាក់ទាញ​ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ថែម​ទៀតផង​។ ក្នុងនោះ​អគារ​សណ្ឋាគារ​​ណាហ្គា​វើ​ល​ទី​២ ដែល​ទើប​នឹងដាក់​ដំណើរការ​ជា​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ ក៏​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​សក្ដានុពល​និង​ផ្ដល់​តម្លៃ​ដល់​តំបន់​​ទន្លេបាសាក់ កាន់តែ​មានមុខមាត់​ថែមទៀត​។​
​ ​
​ដោយឡែក ភ្នាក់ងារ​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បាន​វាយតម្លៃថា ក្រៅពី​តំបន់​បឹង​កេងកង​នៃ​ខណ្ឌចំការមន​ដែលមាន​សក្ដានុពល​ខ្ពស់​​ទាំង​ការរស់នៅ ពាណិជ្ជកម្ម​និង​វិនិយោគ ក៏មាន​តំបន់​ផ្សេងទៀត​ដែរ ក្នុងនោះ​ខណ្ឌដូនពេញ​ក៏​ជា​តំបន់​ដែលមាន​សក្ដានុពល​សម្រាប់​​លំនៅឋាន​ដែរ ហើយ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ ក៏​មិន​ក្រោម​តំបន់​បឹង​កេងកង និង​ទន្លេបាសាក់​ច្រើន​ប៉ុន្មាន​ទេ​៕​ដោយ​៖​វិបុល​/sn