កោះ​ភូ​គួក (​កោះត្រល់​) នឹងមាន​កន្ត្រក​ខ្សែកាប​វែង​បំផុត​លើ​ពិភពលោក​

287

​កន្ត្រក​ខ្សែកាប​ឆ្លង​សមុទ្រ​ដែល​ត​ភ្ជាប់​ទីក្រុង​អាន​ថុ​យ និង​កោះ​ហុន​ហុន ដែលជា​កោះធំ​បំផុត​នៃ​កម្រង​កោះ​អាន​ថុ​យ នៅ​ភាគខាងត្បូង​នៃ​កោះ​ភូ​គួក (​កោះត្រល់​) នៅក្បែរ​ឆ្នេរ​ខេត្ដ​គៀន​យ៉ាង​ខេត្ត​នៃ​ដីសណ្តរ​ទន្លេមេគង្គ នឹង​បើក​សម្ភោ​ធ​ឱ្យប្រើ​ប្រាស់​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ មុន​បុណ្យចូលឆ្នាំថ្មី​។​

​វិនិយោគ​ដោយ​ក្រុមហ៊ុន Sun Group កន្ត្រក​ខ្សែកាប​ប្រវែង​ជិត ៨ គីឡូម៉ែត្រ​នេះ​ធ្វើឱ្យ​វា​ក្លាយជា​កន្ត្រក​ខ្សែកាប​វែង​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។ កន្ត្រក​ទាំង ៧០ គ្រឿង​របស់​វា​អាច​ដឹក​អ្នកដំណើរ​បាន ៣០ នាក់​ក្នុង​កន្ត្រក​នីមួយៗ ដែល​គេ​ស្គាល់​ថា​កន្ត្រក 3S Gondola ដែលមាន​សុវត្ថិភាព​និង​ទំនើប​បំផុត​នៅក្នុង​ពិភពលោក​។ ការធ្វើដំណើរ​តាម​កន្ត្រក​នេះ​នឹង​ផ្តល់នូវ​ទស្សនីយភាព ៣៦០ ដឺ​ក្រេ​នៃ​សម្រស់​កោះ​និង​សមុទ្រ​។​

​កន្ត្រក​ខ្សែកាប​នេះ​គឺជា​កន្ត្រក​ដំបូង​គេ​និង​សំខាន់បំផុត​នៃ​ឧទ្យាន​ធម្មជាតិ​ពិភពលោក​ដែលមាន​ឈ្មោះថា Sun World Hon Thom Nature Park ស្ថិតនៅ​ភាគខាងត្បូង​នៃ​កោះ​ភូ​គុក ដែលជា​គម្រោង​មួយទៀត​របស់​ក្រុមហ៊ុន Sun Group និង​ដែលមាន​សួន​ទឹក​និង​សួន​កម្សាន្ត​ផងដែរ​នោះ​។​

​សំបុត្រ​ជិះ​កន្ត្រក​ខ្សែកាប​នេះ គិត​តាម​កម្ពស់ បើ​មនុស្ស​ធំ​និង​កុមារ​កម្ពស់ ១,៣ ម៉ែត្រ​ឡើង​គិត ២២ ដុល្លារ កុមារ​កម្ពស់ ១ ទៅ ១,៣ ម៉ែត្រ គិត ១៥ ដុល្លារ និង កុមារ​កម្ពស់ ១ ម៉ែត្រ​ចុះក្រោម គឺ​មិន​គិតថ្លៃ​ឡើយ​។​

​កោះ​ភូ​គួក​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​អន្ដរជាតិ​ជិត ៣៦២.០០០ នាក់​កាលពី​ឆ្នាំ​កន្លងទៅ ពោលគឺ​កើនឡើង ៧២​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៦ និង​មាន​គោលដៅ​យ៉ាងហោចណាស់​កើប​ភ្ញៀវ​ឱ្យបាន​កន្លះ​លាន​នាក់​នៅ​ឆ្នាំ​២០១៨​នេះ​៕ ដោយ៖ កញ្ញាដាលីស

កន្ត្រក​ខ្សែកាប​នឹង​បើក​ឱ្យប្រើ​នៅ​ថ្ងៃទី ១៤ កុម្ភៈ​នៅ​កោះ​ភូ​គួក ឬ កោះត្រល់