កោះ​រមណីយដ្ឋាន​ដ៏​ពេញ​និយម​របស់​ថៃ គ្របដណ្តប់​ដោយ​ផ្សែង​អ័ព្ទ​បង្កឡើង​ដោយ​ភ្លើង​ឆេះ​ព្រៃ​ឥណ្ឌូនេស៊ី​

173
ចែករម្លែក

​កោះ​រមណីយដ្ឋាន​ភូ​កេត​(Phuket) ជា​កោះ​ដ៏​ពេញ​និយម​របស់​ថៃ​ត្រូវបាន​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​ដែល​បណ្តាល​មកពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ចន្ទ​ថ្ងៃទី​២៣​ខែកញ្ញា​នេះ​ដោយ​គុណភាព​ខ្យល់​ឈាន​ដល់​កម្រិត​ប៉ះពាល់​ដល់​សុខភាព​។​

​គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ចន្ទ​នេះ កម្រិត​គុណភាព​ខ្យល់​(AQI) បាន​ឡើង​ដល់​កម្រិត​១៥៨​ដែល​ជា​កម្រិត​ប៉ះពាល់​ដល់​សុខភាព​។​កម្រិត​គុណភាព​ខ្យល់​(AQI) ចាប់ពី​សូន្យ ដល់​៥០ ​ជា​កម្រិត​ខ្យល់​ល្អ ខណៈ​ដែល​ពី​៥១​ដល់​១០០ ជា​កម្រិត​ខ្យល់​មិន​សូវ​ល្អ ។ កម្រិត​១០១​ដល់​២០០ ជា​កម្រិត​ប៉ះពាល​ដល់​សុខភាព ។ កម្រិត​២០១​ដល់​៣០០​គឺ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​​ហើយ​កម្រិត​លើស​នេះ ជា​កម្រិត​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​។​

​គុណភាព​ខ្យល់​(​ភាគល្អិត​បរិយាកាស​PM2.5)​នៅ​កោះ​Phuket ត្រូវបាន​វាស់​ឃើញ​នៅ​កំរិត​៥៧​មីក្រូ​ក្រាម​(microgramme)​ក្នុង​មួយ​ម៉ែត្រ​គីប​ដែល​ជា​កម្រិត​ចាត់ទុកថា​ប៉ះ​​ពាល់​ដល់​សុខភាព នេះ​បើ​យោង​ក្រសួងបរិស្ថាន​ថៃ​។​

​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​ថៃ​បាន​ចេញ​សេចក្តី​ព្រមាន​ប្រឆាំង​សកម្មភាព​នៅ​ខាងក្រៅ​ផ្ទះ ដែលមាន​ដូច​ការ​បើករថយន្ត និង​ការធ្វើដំណើរ​តាម​ទូក ជាដើម​ខណៈ​ដែល​ពួក​​អ្នកស្រុក​ត្រូវបាន​ជម្រុញ​ឱ្យ​ពាក់​ម៉ាស​មុខ​ហើយ​ត្រូវ​បិទទ្វារ​និង​បង្អួច​ផ្ទះ​ឱ្យ​ជិត​៕​ប្រែ​សម្រួល​៖​សុខា​/sn

នៅ​​ថ្ងៃ​ចន្ទ​ទី​២៣​កញ្ញា កម្រិត​គុណភាព​ខ្យល់​នៅ​ភូ​កេត ត្រូវបាន​វាស់​ឃើញ​នៅ​កម្រិត​ប៉ះពាល់​ដល់​សុខភាព​