កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​របស់​នរណា​?

1023
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នឹង​ចាប់ផ្ដើម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​យប់​ថ្ងៃទី​១២​ឧសភា​ហើយ​។​

​អ្នកឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​ឡើងទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពានរង្វាន់ ដែលមាន​រង្វាន់​អម​ចំនួន​៤.០០០​ដុល្លារ​។ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ការប្រកួត​មាន​ចំនួន​២​គូ គឺ ធន មករា សមាគម​ប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​។​

​ពួកគេ​សុទ្ធតែ​មិនទាន់​ស្គាល់​ចាញ់​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ដូចគ្នា​។ សម្រាប់ មករា នៅ​ជុំ​ទី​១ គេ​ផ្ដួល​អ្នក​ប្រដាល់ លាប សំណាង ក្លិប​កងពលតូច​លេខ​៧០ នៅ​ទឹក​ទី​២ នៅ​ជុំ​ទី​២ គេ​ឈ្នះ លិញ ភារ​ម្យ ក្លិប​ភារ​ម្យ​គុន​ខ្មែរ​ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ ម៉ន រដ្ឋា ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​នៅ​ទឹក​ទី​២​។​

​ចំពោះ យក្ស​ផ្លែ វិញ​នៅ​ជុំ​ទី​១ ឈ្នះ កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម​ទឹក​ទី​២ ជុំ​ទី​២ ឈ្នះ នឹម នន ក្លិប​កងទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​។ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ មិនដឹងថា យុគ យក្ស​ផ្លែ ឬ ធន មករា ជា​អ្នក​ជួប​សំណាងល្អ​នោះឡើយ​។​

​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ សង គង់ ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​តស៊ូ​ជាមួយ​អ្នកខ្លាំង​ជើង​ថ្មី​ឈ្មោះ លន បញ្ញា ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​លោកតា​ដំបង​ដែក​។​

​សង គង់ នៅ​ជុំ​ទី​១ ប្រកួត​ឈ្នះ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​។ នៅ​ជុំ​ទី​២ ប្រកួត​ឈ្នះ ផាន់ ពិសិដ្ឋ ក្លិប​ពុទ្ធ​សេរី​វង្ស​ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ប្រកួត​ឈ្នះ រឿន ឈី ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ​ដោយ​ពិន្ទុ​ដែរ​។​

​ចំពោះ លន បញ្ញា វិញ​នៅ​ជុំ​ទី​១ គេ​ផ្ដួល​អ្នក​ប្រដាល់ ឈាន រស្មី ក្លិប​ខេត្ត​រតនគីរី ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ ហើយ​នៅ​ជុំ​ទី​២ ប្រកួត​ឈ្នះ ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ផ្ដួល​អ្នក​ប្រដាល់ លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​។ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ សង គង់ ដើរចេញ ឬ លន បញ្ញា ជា​អ្នក​ដើរចេញ​?៕