កំចាត់ចៃ​លើដំណាំ

265

​ចៃ​ប្រភេទ​នេះ គឺជា​សមាសភាព​ចង្រៃ​ចំបង​លើ​ដំណាំ​ស្ពៃក្ដោប ដែល​ភាគច្រើន​វា​បំផ្លាញ​លើ​ដំណាំ អំបូរ​ស្ពៃ ការ៉ុត ឆៃថាវ និង​បន្លែ​មួយចំនួនទៀត ។​

១. លក្ខណៈ​រូបសាស្ត្រ និង​ជីវសាស្ត្រ
​នៅលើ​ខ្លួន​ចៃ​គ្របដណ្ដប់​ទៅដោយ​ម្ស៉ៅ​ក្រមួន​ពណ៌​ស​-​ប្រផេះ (​រូបភាព ៤២) ។ វា​អាច​លាក់ខ្លួន នៅលើ​រុក្ខជាតិ​ជម្រក ។ ចៃ​មាន​ស្លាប មាន​ប្រវែង​វែង​ជាង​ចៃ​គ្មាន​ស្លាប​បន្តិច ក្បាល និង​ខ្លួន​ពណ៌ ខ្មៅ ទ្រនង់​នៅលើ​ស្លាបមាន​ពណ៌​ត្នោត ។ វា​មាន​ប្រដាប់​ស្រូប​ក្លិន (​រាងដូចជា​អង់​តែ​ន​) នៅលើ​ខ្នង ដែល​អាច​ឲ្យ​គេ​ស្គា​ល់វា​ដោយ​ងាយ ហើយ​វា​ចូលចិត្ត​រស់នៅ​ផ្នែក​ខាងក្រោម​នៃ​ស្លឹក​ដំណាំ ។ ចៃ​នៅលើ​ស្ពៃក្ដោប​មាន​លក្ខណៈ​ខុសពី​ចៃ នៅលើ​ដំណាំ​បន្លែ​ផ្សេងៗ​ទៀត​ដោយ​វា​រស់​នៅលើ​ដំណាំ អំបូរ​ស្ពៃ​ពេញ​មួយជីវិត​របស់​វា ។ ចៃ​អាច​បង្ក​កំណើត​ដោយ​អភេទ ។ ចៃ​មាន​ស្លាប​ទាំងអស់​គឺ ជា​ចៃ​ញី ប៉ុន្តែ​នៅក្នុង​តំបន់​ត្រូពិច​ចៃ​គ្មាន​ស្លាប​ក៏​អាចជា​ចៃ​ញី​ដែរ ។ ចៃ​លើ​ដំណាំ​ស្ពៃក្ដោប​ក្នុង​រដូវ រំហើយ​មាន​ទំហំ​តូច ។​

​ពង​របស់​ចៃ នៅក្នុង​រដូវរំហើយ​អាចញា​ស់បាន​លុះត្រា​តែមាន​សីតុណ្ហភាព​ខ្ពស់ ។ ពងមាន​ពណ៌ ខ្មៅ​ភ្លឺ រាយ​នៅ​ជុំវិញ​ស្លឹក​ដំណាំ និង​មែក​ចាស់​ដែល​សល់​នៅក្នុង​ចំការ​ពេញ​មួយ​រដូវរំហើយ ។ ពេល​សីតុណ្ហភាព​ខ្ពស់ ពង​របស់​វា​នឹង​ញាស់ ហើយ​បង្កើត​កូនចៅ​ជំនាន់​ថ្មី​រស់​នៅលើ​មែក និង​ផ្កា​របស់​ដំណាំ ឬ​ដំណាំ​សល់​ពី​ការប្រមូល​ផល​រួច (​រូបភាព ៤៣) ។​

​បន្ទាប់មក​ចៃ​មាន​ស្លាប ហើរ​ទៅរក​រុក្ខជាតិ​ជម្រក​ថ្មី​ទៀត បង្កើតជា​ពពួក​ចៃ​គ្មាន​ស្លាប ហើយ​ពួក ចៃ​គ្មាន​ស្លាប​ទាំងនោះ​បង្កើត​កូនចៅ​បន្ត​ជាច្រើន​ទៀត (​រូបភាព ៤៤) ។​

​ចៃ​ជញ្ជក់​ស្លឹក​រុក្ខជាតិ​ខ្ចីៗ ជាពិសេស​ត្រួយ និង​ស្លឹក​ដែល​កំពុង​លូតលាស់​ល្អ ហើយ​ទំ​នៅ​ខាងក្រោម ស្លឹក​ដែល​អាច​គេច​ផុតពី​ទឹកភ្លៀង និង​ពន្លឺ​ថ្ងៃ ។ ពេល​ចៃ​គ្មាន​ចំណីអាហារ​គ្រប់គ្រាន់ វា​មាន​ស្លាប ដុះ​ឡើងជា​ថ្មី​រួចហើយ​ទៅរក​រុក្ខជាតិ​ជម្រក​ថ្មី​ទៀត និង​បង្កើត​កូនចៅ​នៅ​ទីនោះ ។ បញ្ហា​នេះ​កើត ឡើង​រៀងរាល់​រដូវ​កាល​ដាំ​ដុះ ។ អាកាសធាតុ​ក្ដៅ ហើយ​ស្ងួត​ជា​លក្ខខណ្ឌ​សមស្រប​ដល់​ការបង្ក កំណើត​របស់​វា​បាន​យ៉ាង​ឆាប់រហ័ស ។​

២. លក្ខណៈ​នៃ​ការបំផ្លាញ
​រោគសញ្ញា​ដំបូង​នៃ​ការបំផ្លាញ​របស់​វា គឺមាន​ចំណុច​ពណ៌​ស​តូចៗ​នៅលើ​ស្លឹក​រុក្ខជាតិ បន្ទាប់មក​ស្លឹក​ប្រែ​ពណ៌​ទៅជា​លឿង និង​ចាប់ផ្ដើម​រមូរ ហើយ​សំបុក​ចៃ​ត្រូវបាន​ការពារ​ដោយ​ស្លឹក រមូរ​នោះ ។ ឥទ្ធិពល​នៃ​ការ​ស៊ី​បំផ្លាញ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ដំណាក់កាល​កូន និង​ដំណាំ​នៅ​ខ្ចី ។ ដំណាំ​អាច​ក្រិន និង​ងាប់​ពេល​លក្ខខណ្ឌ​អាកាសធាតុ​មិន​សមស្រប ។ ចំពោះ​ស្ពៃក្ដោប​ការបំផ្លាញ នៅ​ដំណាក់កាល​ដុះ​ពន្លក​ត្រួយ ធ្វើ​ឲ្យ​ក្ដោប​ដុះ​លូតលាស់​មិនធម្មតា សូម្បីតែ​ការបំផ្លាញ​តិចតួច​ពេល ដំណាំ​នៅ​ខ្ចី​ក៏​អាច​បង្ហាញ​រោគសញ្ញា​នៅលើ​ស្លឹក​ពេល​ដំណាំ​ជិត​ប្រមូល​ផងដែរ ។ ការ​ស៊ី​ជញ្ជក់ ដំណាំ​ច្រើន​ដើម​ក្នុង​ចំការ​អាចធ្វើ​ឲ្យ​ទិន្នផល​ថយចុះ ។ ស្ពៃក្ដោប​រលួយ​ដោយ​ប្រឡាក់​ក្រមួន សំណក លាមក​របស់​វា​ដែលមាន​ជាតិ​ផ្អែម សារធាតុ​ទាំងនេះ​ធ្វើ​ឲ្យ​ស្លឹក​រុក្ខជាតិ​ស្អិត បង្ក​ឲ្យ​ដុះ​ផ្សិត នៅលើ​ស្លឹក​នោះ​ហើយ​មាន​ស្នាម​ពណ៌​ខ្មៅ​លេចឡើង​ធ្វើ​ឲ្យ​គុណភាព​ដំណាំ​ថយចុះ ។ ចៃ​តែងតែ ធ្វើការ​បំផ្លាញ​ជា​ក្រុមៗ ពួកវា​ផ្ដុំគ្នា​លើ​ដំណាំ​ចំនួន ២-៣ ដើម​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​របស់​វា​កើន​ច្រើន នៅលើ​ដើម​នីមួយៗ លើសពីនេះទៅទៀត​វា​អាច​បំផ្លាញ​ដំណាំ​ដោយ​ចម្លងជំងឺ​រួញ​ស្លឹក និង​ជំងឺ រួញ​ក្ដោប​ដល់ ដំណាំ​ស្ពៃក្ដោប​ទៀតផង (​រូបភាព ៤៥) ។​

៣. វិធានការ​គ្រប់គ្រង និង​កម្ចាត់
ក​.​វិធានការ​បង្ការ និង​អនាម័យ​
– ត្រូវ​ភ្ជួរ​លុប​កាកសំណល់​ដំណាំ ឬ​ដំណាំ​ដុះ​មួរ​ក្នុង​ចំការ ដើម្បី​បំបាត់​ជម្រក​របស់​ចៃ​ដែល​អាច ចម្លង​ទៅ​ដំណាំ​នៅ​រដូវ​ក្រោយ ។​
– គួរ​ដាំ​ដំណាំ​ដែលមាន​សុខភាព​ល្អ ដុះ​លូតលាស់​លឿន គឺជា​មធ្យោបាយ​មួយ​មាន​ប្រសិទ្ធិភាព​ក្នុង ការប្រឆាំង​ជំងឺ និង​សមាសភាព​ចង្រៃ ព្រោះ​ចៃ​ច្រើន​កើត​ឡើងលើ​ដំណាំ​ដែល​ដុះ​លូតលាស់​ខ្សោយ ដូចជា​ដំណាំ​ទើប​ដាំ ឬ​ដំណាំ​ដែល​ដាំ​លើដី​គ្មាន​ជីជាតិ​គ្រប់គ្រាន់ ។​
– ត្រូវ​ពិនិត្យមើល​ជាប្រចាំ​ក្នុង​ថ្នាល និង​ចំការ បើ​ឃើញ​មាន​វត្តមាន​ចៃ​ក្នុង​ចំការ ប៉ុន្តែ​ចំនួន​ដើម ដែល​រង​ការបំផ្លាញ​មាន​តិចតួច​ហើយ​ឃើញ​មាន​វត្តមាន​សត្រូវ​ធម្ម​ជាតិ​ដូចជា​អណ្ដើកមាស​នៅ ក្នុង​ចំការ នោះ​យើង​មិនចាំបាច់​ចាត់វិធានការ​ទេ ។​
– ត្រូវ​ជ្រើសរើស​ប្រើ​ពូជ​ដែលមាន​លក្ខណៈ​ធន់​ទ្រាំ​នឹង​ការ​រាតត្បាត ។​
– កត្តា​អាកាសធាតុ​ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការផ្អាក​ការកកើត និង​ការកើនឡើង​នៃ​ការបំផ្លាញ របស់​ចៃ​លើ​ដំណាំ ។ នៅ​រដូវក្ដៅ​ស្ងួត​ចៃ​អាច​បំផ្លាញ​ដំណាំ​យ៉ាងធ្ងន់ធ្ងរ ចំណែកឯ​នៅ​រដូវវស្សា ដែលមាន​អាកាសធាតុ​ត្រជាក់​ចំនួន​ចៃ​មាន​តិចតួច​បំផុត ជាពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់ ។​
– ត្រូវ​គ្រប់គ្រង​ថែរក្សា​សត្រូវ​ធម្មជាតិ​របស់​ចៃ ដែល​តែងតែមាន​វត្តមាន​ក្នុង​ច្បារ​បន្លែ ដោយ​មិន ធ្វើការ​បាញ់ថ្នាំ​កសិកម្ម​ក្នុងស្ថានភាព​មិនចាំបាច់ ។ បណ្ដា​សត្រូវ​ធម្មជាតិ​ទាំងនោះ​មាន​៖
– ពួក​សត្វរំពា​: Carabidae (ground beetles), Coccinella transversalis, Sphaerophoria scripta, អណ្ដើកមាស Coccinella septempunctata, រុយ Eupeodes corolla, Nabis ferus, Chrysoperla carnea, Aphidoletes aphidimyza ។​
– ពួក​ប៉ារ៉ាស៊ីត​: ឳ​ម៉ា​ល់ Diaeretiella rapae, Braconidae, Aphidius colemani, Praon volucre ។​
– ពួក​បង្ក​រោគ​: Erynia nouryi, Lecanicillium lecanii, Conidiobolus obscures, Erynia neoaphidis, Bacillus thuringiensis kurstaki, Bacillus thuringiensis thuringgiensis ។​


ខ​. វិធានការ​កម្ចាត់​
– អាច​បាញ់​ទឹក​លាងជម្រះ​ឲ្យ​វា​ជ្រុះ​ចេញពី​ស្លឹក​ដំណាំ ឬ​ញេច​វា​ចោល​បើ​ដំណាំ​លើ​ផ្ទៃដី​តូច ។​
– ករណី​ដែលមាន​ចៃ​កើត​ច្រើន​លើ​ដំណាំ​នៅ​ខ្ចី ពេល​អាកាសធាតុ​ក្ដៅ​ហើយ​ស្ងួត នោះ​ជា​ឳ​កាស ដែល​ចៃ​អាច​បង្កើន​ចំនួន​បាន​យ៉ាង​លឿន ត្រូវ​ចុះ​ត្រួតពិនិត្យ​ចំការ​ដោយ​ប្រុងប្រយ័ត្ន រកមើល​វត្តមាន​របស់​សត្រូវ​ធ​ម្ម​ជាតិ​ជាពិសេស​អណ្ដើកមាស និង​រកមើល​ចៃ​ដែល​ងាប់ ។ បើ​មាន វត្តមាន​សត្រូវ​ធម្មជាតិ​ច្រើន​ហាម​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ប៉ុន្តែ​ត្រូវ​តាមដាន​បន្ត​បើ​ឃើញថា​ចំនួន សត្រូវ​ធម្មជាតិ​ទាប​ជាង​ចំនួន​ចៃ​ត្រូវ​បាញ់ថ្នាំ​ដែល​អាច​កម្ចាត់​ចៃ​បាន​ដូចជា​: សូលុយស្យុង​សាប៊ូ ក្នុង​កម្រិត​ល្បាយ ៥% (​សាប៊ូ ៥​ក្រាម + ទឹក ១ លីត្រ​) អាច​សម្លាប់​ចៃ​បាន​យ៉ាង​ឆាប់រហ័ស ។​
– គួរប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ ។​
– ករណី​ចាំបាច់​ដែល​មិនអាច​ដោះស្រាយ​តាម​វិធី​ផ្សេង នោះ​ជម្រើស​ចុងក្រោយ​បំផុត​យើង​អាច ប្រើប្រាស់​ថ្នាំ​កសិកម្ម​ដូចជា​: Abamectin, Fenobucarb, Permethrin, DDVP, Methidathion ប៉ុន្តែ​ត្រូវ​អាន​ស្លាក​សញ្ញា​ណែនាំ​ប្រើប្រាស់​ឲ្យ​បានច្បាស់លាស់ និង​អនុវត្តតាម វិធីសាស្ត្រ​ត្រឹមត្រូវ ៤​យ៉ាង មុននឹង​ប្រើប្រាស់​ថ្នាំ​កសិកម្ម៕