កំដៅ​ពិឃាត​សម្លាប់​មនុស្ស​៧៧​នាក់​នៅ​ជប៉ុន ដល់​ថ្នាក់​រដ្ឋាភិបាល​ចាត់ទុកជា​គ្រោះមហន្តរាយធម្មជាតិ​

2883
ចែករម្លែក

​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​កក្កដា កត់សំគាល់​រយៈពេល​២​ឆ្នាំ​នៃ​ការចាប់ផ្តើម​រាប់​ថយក្រោយ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​និង​ប៉ា​រ៉ា​អូឡាំពិក តែ​វា​ក៏​ជា​ពេល​​ត្រូវ​ចងចាំ​ថា​ប្រទេស​កំពុង​ជួប​រលក​កំដៅ​មិន​ធ្លាប់​ជួប រហូតដល់​ថ្នាក់​រដ្ឋាភិបាល​ចាត់ទុកជា​គ្រោះមហន្តរាយធម្មជាតិ​មួយ​។​

​សីតុណ្ហភាព​ឡើងដល់​៤១,១​អង្សា​សេ​នៅ​ក្រុង​គូ​ម៉ា​ហ្កា​យ៉ា ត្រូវបាន​កត់សំគាល់ឃើញ​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៣​កក្កដា ដែល​អាច​ចាត់ទុកជា​ការឡើង​ក្តៅ​បំផុត​មិន​​ដែល​ធ្លាប់​មាននៅ​ជប៉ុន​។​

​កាលពី​ឆ្នាំ​២០១៣ តំបន់​កូ​ជី​នៅ​ជប៉ុន​ខាងលិច​សីតុណ្ហភាព​បាន​ឡើងដល់​៤១​អង្សា​សេ​ម្តង​។​

​នៅក្នុង​រដ្ឋធានី​ជប៉ុន សីតុណ្ហភាព​ក៏បាន​ឡើងដល់​៤០​អង្សា​សេ​ជា​លើកដំបូង​កាលពី​ថ្ងៃ​ចន្ទ និង​សង្កាត់​អូ​មេ បាន​ឡើងដល់​៤០,៨​អង្សា​សេ​។​

​យ៉ាងតិច​មនុស្ស​៧៧​នាក់ ភាគច្រើន​ជា​មនុស្ស​ចាស់ រួមមាន​សិស្ស​ម្នាក់ ដែល​បាន​ដួលសន្លប់ បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​កំដៅ ហើយ​មនុស្ស​ជាង​៣០.០០០​នាក់​ត្រូវបាន​នាំ​​ចូល​មន្ទីរពេទ្យ ដោយសារ​ក្តៅ​ហត់​ហេវ​ឬ​រងកំ​ដៅ​នៅ​ខែ​នេះ​។​

​ទូរទស្សន៍​NHK កាលពី​ថ្ងៃ​ចន្ទ​បាន​ផ្សាយ​ថា អ្នកស្រុក​តំបន់​តូ​ក្យូ​ដល់​ទៅ​៣៨​នាក់​អាច​បាត់​បង់ជីវិត​ដោយសារ​រលក​កំដៅ​នៅ​ខែ​នេះ ក្នុងនោះ​២១​នាក់​ត្រូវបាន​កត់ត្រា​ឃើញ​​នៅ​រវាង​ថ្ងៃ​សុក្រ​និង​ថ្ងៃអាទិត្យ​។​ជនរងគ្រោះ​មាន​អាយុ​ចាប់ពី​៤០​ដល់​៩០​ឆ្នាំ​ផ្លា​យ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ បាន​និយាយ​មនុស្ស​យ៉ាងតិច​៩​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​។​ជនជាតិ​សិង្ហ​បុរី​២​នាក់​ដែល​រស់​និង​ធ្វើការ​នៅ​ជប៉ុន​រង​រោគសញ្ញា​រលាក​កំដៅ​​ផងដែរ​កាលពី​ចុង​សប្តាហ៍​។​

​រលក​កំដៅ​វាយប្រហារ​ជប៉ុន​នេះ​ដោយសារ​សម្ពាធ​ខ្ពស់​២​ដែល​ទប់​ខ្យល់​ក្តៅ​អោយនៅ​ជាប់​នឹង​ផែនដី​លើ​៣៥​អងស្សា​សេ ដូចជា​គ្នា​នឹង​ស្រទាប់​កំដៅ​២​គ្រប​លើ​ជប៉ុន​៕ដោយ៖វាសនា

​និយោជិត​ហាង​ជប៉ុន​ដាក់​តួលេខ​បង្ហាញ​សីតុណ្ហភាព​ឡើងដល់​៤១,១​អង្សា​សេ នៅ​ក្រុង​គុ​ម៉ា​ហ្កា​យ៉ា កាលពី​ថ្ងៃ​២៣​កក្កដា​