កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌឫស្សីកែវ រថយន្ត​ដឹក​ខ្សាច់​កំពប់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​អាច​បង្ក​គ្រោះថ្នាក់​

64
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ដេប៉ូ​ខ្សាច់​ជាច្រើន​កន្លែង ដែលមាន​នៅក្នុង​ខណ្ឌឫស្សីកែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​សង្កាត់​ច្រាំង​ចំរេះ​១ រហូត​ទៅដល់​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ទីលំនៅ អម​សងខាង​ផ្លូវជាតិ​លេខ​៥ ត្អូញត្អែ​ពី​សកម្មភាព​របស់​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​អស់ទាំងនោះ ដឹក​ផ្ទុក​គ្មាន​សណ្តាប់ធ្នាប់ ហូរ ហៀរ ទឹក ធ្លាក់​ខ្សាច់​មកលើ​ផ្លូវ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ជាពិសេស​ជាងនេះទៅទៀត​នោះ ធ្វើ​ឲ្យ​ហុយ​មក​ចូល​ផ្ទះសម្បែង​ពួកគាត់ បង្ក​ឲ្យ​ការរស់នៅ​របស់​ពួកគាត់​ប្រឈម​គ្រោះថ្នាក់​ជាច្រើន​ដោយសារ​ដេប៉ូ​ខ្សាច់​ទាំងនេះ​។​

​ទីតាំង​ដេប៉ូ​លក់​ខ្សាច់​ធំៗ​៤​កន្លែង​នៅតាម​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្វាយប៉ាក មាន​៣​កន្លែង ក្នុង​សង្កាត់​ច្រាំង​ចម្រេះ​១ ដែលមាន​រថយន្ត​ដឹក​ខ្សាច់​កំពប់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ អាជ្ញាធរ​ហាក់បីដូចជា​មើលមិនឃើញ ។​

​ពលរដ្ឋ​ដែល​រស់​នៅជាប់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថា ការរស់នៅ​របស់​ពួកគាត់​សព្វថ្ងៃ​ប្រៀប ដូចជា​រស់នៅ​លើ​គំនរ​ខ្សាច់ ព្រោះ​រថយន្ត​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​ហៀរហូរ ធ្លា​ក់គរ ក្លិ​ក្លាក់ នៅខាងមុខ​ផ្ទះ​គាត់​កើប​រាប់​បាវ​ទំរាំ​អស់​ម្តងៗ ចំណែក​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ ជួប​នូវ​ផលវិបាក ប្រឈម​នឹង​គ្រោះថ្នាក់ រអិលដួល បើ​មិន​ដូច្នោះ​គឺ​ហុយ​ង​ងិ​ត អួរ​អ័​ព្វ ហុយ​ចូល​ផ្ទះសម្បែង​ពួកគាត់​ពិបាក​ក្នុង​ការរស់នៅ ។​

​ចំណែក​ម្ចាស់​ដេប៉ូ​ខ្សាច់ ឬ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​នោះ​វិញ​មិន​ខ្ចី​ខ្វល់​ពី​ការ​គ្រប​ឬ​ផ្ទុក ដឹក​ខ្សាច់​ទៅតាម​កំណត់​នោះទេ គិតតែ​ផលចំណេញ​នៃ​របរ​រកស៊ី​របស់គេ​តែប៉ុណ្ណោះ ចង់​ពលរដ្ឋ​ប្រឈម​នឹង​ហារ​និ​ភ័យ បង្កឡើង​ដោយ​បរិស្ថាន​អ័​ព្វ​អួរ​យ៉ាងណាក៏ដោយ ។​

​ពលរដ្ឋ​បាន​បន្តទៀតថា យូរៗ​ម្តង​បានឃើញ អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ឬ​ទាល់តែ​ដងផ្លូវ​ជាតិ​លេខ​៥ មាន​ក្បួន​ប្រតិភូ ក្បួន​ធ្វើដំណើរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ឆ្លងកាត់ ទើប​ផ្លូវ​ខាងលើ​បាន​ស្អាត ។​

​ពលរដ្ឋ​បានលើកឡើង​ដោយ​ស្នើរ​សុំ​ទៅដល់​អាជ្ញាធរ​ខណ្ឌ​និង​ក្រុង មេត្តាជួយ​ចុះ​ពិនិត្យមើល​ដងផ្លូវ​ជាតិ​លេខ​៥​ផង​ចាប់ពី​សង្កាត់​ច្រាំង​ចំរេះ​១​រហូតដល់​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ស្របតាម​ដង​ទន្លេ​នេះ​ផង ព្រោះ​ពលរដ្ឋ​ទាំង​អ្នករស់នៅ​អម​សងខាង​ផ្លូវ រួមទាំង​អ្នកធ្វើដំណើរ ជួប​ការលំបាក​ខ្លាំងណាស់​៕ ល​

#