កំណាត់​ផ្លូវ​តាម​មាត់ទន្លេ​បាក់​ផ្តាច់​ដោយ​ជំនន់​ទឹកទន្លេ​សាប​នៅ​សង្កាត់​ព្រែក​តាសេក​ស្ថាបនា​បញ្ចប់​១០០​ភាគរយ​

611
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កំណាត់​ផ្លូវ​មួយ​ខ្សែ​ជាប​ច្រាំងទន្លេ​ដែល​ទទួលរង​ការខូចខាត​ដោយ​ការហូរ​បាក់​ផ្តាច់​ដោយ​ជំនន់​ទន្លេសាប នៅ​ក្រុមទី​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ជ្រោយចង្វា ស្ថាបនា​បានបញ្ចប់​១០០​ភាគរយ​ហើយ​និង​បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ហើយ​ដែរ​។​
លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ កំណាត់​ផ្លូវ​មួយ​ខ្សែ​ជាប់មាត់​ទន្លេ​ខាងលើនេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចាក់​ថ្ម​ដុំ​ធំៗ និង​ច្រក​បាវ​ខ្សាច់ បំពេញ​ច្រាំង​ទន្លេសាប​ដែល​បាក់​នេះ ហើយ​ការដ្ឋាន​នេះ​បានបញ្ចប់​១០០​ភាគរយ កាលពី​ពាក់កណ្តាល​ខែសីហា​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ជាធម្មតា​ឡើងវិញ​។​

គួរ​រំលឹក​ផងដែរ​ថា​៖​លោក​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨​កន្លងមកនេះ ពោលគឺ​ខណៈដែល​លោក​ដឹកនាំ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង នៃ​ការបាក់​ច្រាំងទន្លេ​នេះ លោក​បាន​បញ្ជា​ជាបន្ទាន់​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ស្ថាបនា​ឡើងវិញ នៅ​កំណាត់​ផ្លូវ​មួយ​ខ្សែ ដែល​ទទួលរង​ការខូចខាត​ខាងលើនេះ​ភ្លាមៗ​តែម្តង​។​
បើតាម​ការបញ្ជា​ក់រប​ស់លោក ឃួ​ង ស្រេង កាលពី​ថ្ងៃ​នៃ​ការចុះ​ធ្វើការ​ត្រួតពិនិត្យ​នោះ​ថា ការស្ថាបនា​ផ្លូវ​ច្រាំងទន្លេ​ដែល​បាក់​នេះ ធ្វើ​ឡើងជា​បណ្តោះអាសន្ន សំខាន់​ទប់​កុំឱ្យ​បាក់​បន្ត និង​មួយវិញទៀត​គឺ​អាចឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បានជា​បណ្តោះ​អាសន្ន ព្រោះ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ ប្រាស្រ័យ​តែ​ផ្លូវ​មួយ​នេះ​ទេ​។
លោក​អភិបាល​កាលណោះ​ក៏បាន​បញ្ជាក់ថា នៅ​រដូវ​ទឹក​ស្រក​ខាងមុខនេះ លោក​នឹង​ឱ្យ​មន្ត្រី​ជំនាញ ចុះមក​សិក្សា​បច្ចេកទេស​ឱ្យបាន​ហ្មត់ចត់ ហើយ​រដ្ឋបាល​រាជធានី​ក៏​នឹង​អាច​បុក​ស៊ីវ​ផាយ ដើម្បី​ធ្វើឱ្យ​ផ្លូវ​នេះ​រឹងមាំ​ជាប់លាប់​តែម្តង​៕