កំណើត​គ្រោះថ្នាក់​ចរាចរ​ត្រីមាស​ទី​មួល​ឆ្នាំនេះ​ក្លាយជា​ក្ដីបារម្ភ​របស់​មន្ត្រី​ជំនាញ​!

631
ចែករម្លែក

​គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ ២០១៩ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ប្រចាំត្រីមាស​ទី​១ ឬ​បី​ខែ​ដើមឆ្នាំ​គិត​ចាប់ពី​ខែមករា​ដល់ ខែមីនា​នៅ​ទូទាំងប្រទេស​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​បានកើត​ឡើង ១.០៧៦​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥១៣​នាក់ របួស​១.៥៩២​នាក់ ។ ក្នុងនោះ​រាជធានី​ភ្នំពេញ​ឈរ លំដាប់​ទី​១ ។ បន្ទាប់មក​គឺ​នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដែលមាន​អ្នកស្លាប់ ច្រើនជាងគេ ។ ចំនួន​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​អ្នករបួស​នេះ​បើ​ធៀប​នឹង​ត្រីមាស ទី​១ ឬ​បី​ខែ​ដើម​ឆ្នាំទៅ​មិញ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរ​រយៈពេល​បី​ខែ​ដើម​ឆ្នាំនេះ​បាន​កើន ឡើង​ចំនួន ២៥៧​លើក​អ្នកស្លាប់​កើន​៣៣​នាក់ និង​របួស​កើនឡើង​ចំនួន ៣៥៨​នាក់ ។​

​ក្នុង​កិច្ចប្រជុំ​ដដែល​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ក្ដីបារម្ភ និង​ការ​សោក ស្ដាយ​ចំពោះ​របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់ ចរាចរ​ទូទាំងប្រទេស​បាន​កើនឡើង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​បី​ខែ​ដើមឆ្នាំ ២០១៨​កន្លងទៅ ។​

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី ខេត្ត​ត្រូវ​ពិនិត្យ​ផែនការ​សកម្មភាព​ក្នុងការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ឡើងវិញ​ដោយ​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​លម្អិត កំណត់ ពេលវេលា ទីតាំង និង​មន្ត្រី​ចុះ​អនុវត្តន៍​ឲ្យ​បានជា​ក់លាក់ ហើយ​ធ្វើ​របាយការណ៍ ការងារ​មក អគ្គលេខាធិការដ្ឋាន ។ ការងារ​ទាំង​នោះបាន​ផ្ដោតលើ​ការអប់រំ ផ្សព្វផ្សាយ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ។​

​ជាមួយគ្នានេះ​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​បង្ហាញ​ការ​គាំ​ទញរ និង​រង់ចាំ​ជួយ ជ្រោមជ្រែង​ដល់​យន្តការ​បង្កើត​កិច្ចសហការ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ និង​ដឹក​អ្នកដំណើរ ដើម្បី​ចុះ​ត្រួតពិនិត្យ​សមត្ថភាព និង​ចំណេះដឹង​នៃ​ការបើកបរ ដើម្បី ធ្វើតេស្ត​រកសារ​ធាតុ​ញៀន និង​ការចូលរួម​អប់រំ​សីលធម៌​ចំពោះ​អ្នកបញ្ជា​យានយន្ត ។ សម្ដេច ស ខេង បញ្ជាក់ថា​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​ត្រូវ​ចូលរួម​អនុវត្ត៍​កិច្ចការ​នេះ ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ។​

​តាម​របាយការណ៍​រប​ស់​ប៉ូលិស​ចរាចរណ៍ គឺ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​កម្ពុជា ជា​មធ្យម​បានសម្លាប់​មនុស្ស​៦​នាក់ និង​របួស​១៨​នាក់​ក្នុង​មួយថ្ងៃៗ​។ ក្នុងនោះ​ភាគច្រើន អ្នករងគ្រោះ​ជា​អ្នកបើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ ។​

​យ៉ាងណាក៏ដោយ​ជា​វិធាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​សំខាន់​ជាងគេ​គឺ​អ្នកបើកបរ មិន​ថា​ម៉ូតូ និង​រថយន្ត​នោះទេ គួរតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​អ​ធ្យា ស្រ័យ​ប្រកបដោយ​ការប្រុងប្រយ័ត្ន ។ កុំ​បើកបរ​លឿនៗ ។ ពិសេស​មិនត្រូវ​បើកបរ​ក្នុង ស្ថានភាព​ស្រវឹង ឬ​ងងុយដេក​នោះទេ ព្រោះថា​ការធ្វេសប្រហែស​តែមួយ​ប៉ប្រិចភ្នែក នឹង​កើត​បញ្ហា​ហើយ បើសិនជា​កើតហេតុ​គ្រោះថ្នាក់​ចរាចរ គឺ​មិនមែន​រងគ្រោះ​អ្នកបើក បរ​តែម្នាក់ឯង​ឡើយ គឺ​បង្ក​មហន្តរាយ​ដល់​អ្នកដំណើរ​ដទៃទៀត​រក​ស្មាន​មិនត្រូវ​ទេ ។​

​អ្នកបើកបរ​ម៉ូតូ​និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ក៏​គួរតែ​ពាក់មួក​សុវត្ថិភាព​ជាប់​ជាប្រចាំ ។ រីឯ​អ្នកបើកបរ​រថយន្ត​ក៏ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ហើយ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន គោរព​ច្បាប់ និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ។ កុំ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ពិសេស​អ្នកបើកបរ​រថយន្ត​ធុន​ធំ ដូចជា កុងតឺន័រ និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ជាដើម គួរតែ​ត្រួតពិនិត្យ​យានយន្ត​ជាប្រចាំ​រាល់ថ្ងៃ និង​បើក​បរកុំ​លឿនៗ​ពេក ។​

​សូមអ្នក​បើកបរ និង​អ្នកធ្វើដំណើរ​លើ​ដងផ្លូវ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន និង​ការ ទទួលខុសត្រូវ​ពិសេស​បង្កើន​សីលធម៌ និង​គុណធម៌​សូម​យោគយល់​អធ្យាស្រ័យ​គ្នា​កុំ ឲ្យ​យើង​រងគ្រោះ​ច្រើនជាង​នេះ ។ នៅពេលនេះ​ជិត​ដល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ហើយ​ការធ្វើ ដំណើរ​តាមផ្លូវ​ក៏​កាន់តែ​មមាញឹក​ដូច្នេះ​មានតែ​ចូលរួម គោរព​ច្បាប់​ចរាចរ​ណី យោគយល់​អធ្យាស្រ័យ​ក្នុងពេល​ធ្វើដំណើរ​ទាំងអស់​គ្នា ដើម្បី​កុំ ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ ។ គ្រោះថ្នាក់​ចរាចរ​ដែល​ប​ង្ក​ឡើង​ដោយ​មនុ​ស្សមក បំផ្លាញ​ក្ដីសប្បាយ​របស់​យើង​នា​ឳ​កាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នោះទេ ៕ ដោយ​: ម៉េង​ឆៃ​