កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែ​រឹងមាំ ទោះបី​មិនមាន អ៊ី​ប៊ី​អេ

174
ចែករម្លែក

ធនាគារពិភពលោក​(WB) ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​រួមទាំង​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាសថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស កម្ពុជា​យើង នៅតែ​រឹងមាំ នៅ​ឆ្នាំ​២០២០​នេះ បើទោះបីជា​សហ​ភា​អឺរ៉ុប អាច​សម្រេចចិត្ត​ដក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ី​ប៊ី​អេ​(EBA) ពី​កម្ពុជា​ក៏ដោយ​(​បច្ចុប្បន្ន​នៅទេ​)​។

​នោះ​គឺ​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែ​រក្សាបាន ក្នុង​អត្រា​មធ្យម ៧ ភាគរយ​ជាមួយនឹង​អត្រា អតិផរណា ២,៣ ភាគរយ ក្នុង​ឆ្នាំ​២០២០​នេះ​។

​របាយការណ៍​ម៉ាក្រូសេដ្ឋកិច្ច​និង​ធនាគារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​នៅ ក្នុង​សប្តាហ៍​នេះ បង្ហាញថា កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​នៅតែ​រឹងមាំ នៅ​ឆ្នាំ​២០២០​នេះ ផ្អែកលើ​ការ​ព្យាករ​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក​ដែល​នឹង​រួមចំណែក​ដល់​ការផ្តល់ អំណោយផល សម្រាប់​ការនាំចេញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​វិស័យ​ទេសចរណ៍ ស្របពេល ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យើង​ទទួលបាន​លទ្ធផល​ជា​លំដាប់​ពី​ការធ្វើ ពិពិធ​កម្ម​មូលដ្ឋាន​កំណើន និង​ការកែទម្រង់​ស៊ីជម្រៅ​សម្រាប់​ការគាំទ្រ​ដល់​ការរីកចម្រើន នៃ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

​ការនាំចេញ​របស់​កម្ពុ​ជា នៅ​ឆ្នាំ​២០២០​នេះ ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ខ្ពស់​ជាពិសេស​ការ នាំចេញ​កាបូប​ធ្វើដំណើរ និង​ទំនិញ​ផ្សេងៗ បើទោះបីជា​កំណើន​នៃ​ការនាំចេញ​សម្លៀក បំពាក់​អាច​ថយចុះ​បន្តិច​ក្តី​។

​របាយការណ៍​បាន​បន្ថែមថា ទោះបី​សហភាព​អឺរ៉ុប អាច​សម្រេចចិត្ត​ដក EBA ពី​កម្ពុជា នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ក៏ដោយ ក៏​ការនាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា ត្រូវបាន​រំពឹងថា នឹង​កើនឡើង ព្រោះ​ដំណើរការ​នៃ​ការដក EBA នឹងមាន​ប្រសិទ្ធិភាព និង​អនុវត្តបាន ៦​ខែ បន្ទាប់ពី​ការសម្រេច​នេះ​។​

​របាយការណ៍​របស់​ធ​នាគារ​ជាតិ បាន​បន្តថា ប្រទេស​កម្ពុជា នឹង​នៅតែ​នាំ​ចេញទៅ​អឺរ៉ុប បើសិនជា​ការអនុគ្រោះ​ពន្ធ EBA នឹងត្រូវ​ដកចេញ​ក៏ដោយ​។ ពោលគឺ​ការបាត់បង់ EBA នឹង​គ្រាន់តែ​ធ្វើឱ្យ​តម្លៃ​នៃ​ផលិតផល​នាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប​ថ្លៃ​បន្តិច ដោយសារតែ​ពន្ធគយ​ប្រហែល​ពី ០,១ ទៅ ១២,៥ ភាគរយ​ដោយយោង​ទៅតាម​ប្រភេទ ផលិតផល​។​

​ធនាគារជាតិ ក៏​បន្ថែមថា ប្រសិនបើ​នៅតែមាន​តម្រូវការ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប​លើ​ផលិតផល របស់​កម្ពុជា នោះ​ការនាំ​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប នឹង​នៅតែ​រឹងមាំ​ជា ពិសេស​បន្ទាប់ពី Brexit របស់​អង់គ្លេស ពី​សហគមន៍​អឺរ៉ុប ខណៈ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​អង់គ្លេស មាន​ប្រហែល ២០ ភាគរយ​ក្នុងចំណោម​ការនាំចេញ​សរុបទៅ​សហភាព អឺរ៉ុប​។​

​ធនាគារជាតិ​នៃ​កម្ពុជា បាន​គូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០២០​នេះ នឹង​ត្រូវបាន​គាំទ្រ​ដោយ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​កើនឡើង​នៃ​វិស័យ សំណង់ និង​វិស័យ​ទេសចរណ៍​។​

​ចំណែក​ធនាគារអភិវឌ្ឍន៍អាស៊ី​បានប្រកាសថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែ​រឹងមាំ​សម្រាប់ ឆ្នាំ​២០២០ ដោយ​សន្ទុះ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) ស្ថិតក្នុង​អត្រា ៦.៨​ភាគរយ ដែល​ថមថយ​បន្តិច​ជាង​ឆ្នាំ​២០១៩ ដែលមាន​សន្ទុះ ៧​ភាគរយ​។

​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២០ ដែល​នៅតែ​បន្ត​រីក​លូត លាស់​ក្នុង​សន្ទុះ​រឹងមាំ ដោយសារ​ភាពរឹងមាំ​នៃ​វិស័យ​កាត់ដេរ ទេសចរណ៍ និង​សំណ​ង‍់​​។​

​ក៏ប៉ុន្តែ​ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​លើកឡើងថា ប្រទេស​កម្ពុជា ចាំបាច់ ត្រូវតែ​ផ្តោតលើ យុទ្ធសាស្ត្រ​ពិពិធ​កម្ម ឬ​ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចំរើន​ពី​គ្រប់​វិស័យ ដែល​នាំមក​នូវ​សេវាកម្ម និង​ផលិតផល ដែលមាន​តម្លៃ​ខ្ព​ស‍់ ដើម្បី​ទប់ស្កាត់​កត្តា​ប្រឈម​នានា ដែល​អាច​បណ្តាល មកពី​ភាពមិនប្រាកដប្រជា​នៃ​ស្ថានភាព​ពាណិជ្ជកម្ម​ក្នុង​សាល​កលោក​។​
​ ​
ក្នុងនោះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​កត់សម្គាល់ថា កម្ពុជា​អាច​នឹង​ជួប​កត្តា​ប្រឈម​ក្នុងដំណើរផលិតកម្ម​របស់ខ្លួន ដោយសារតែ​បញ្ហា​ប្រែប្រួល​អាកាសធាតុ គឺ​គ្រោះ រាំងស្ងួត ដែល​បាន​កើតឡើង នៅ​ដើមឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មានការ​ថយចុះ​នៃ​ផលិតផល​កសិកម្ម និង​នេសាទ ដែល​បណ្តាល​ឲ្យ​កំណើន​ក្នុង​វិស័យ​កសិកម្ម នៅ​ឆ្នាំ​២០១៩ ថយចុះ ពី ១,៧​ភាគរយ មក​ត្រឹម ១,១​ភាគរយ​។​
​ ​
ជាមួយគ្នា​នោះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានប្រកាសថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះមក​ត្រឹម ៦,៨​ភាគរយ នៅ​ឆ្នាំ​២០២០​។ ការថយចុះ​បន្តិច​នៃ​កំណើន សេដ្ឋកិច្ច របស់​កម្ពុជា នៅ​ឆ្នាំ​២០២០​នេះ បើសិនជា​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។​

​យ៉ាងណាក៏ដោយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​កោតសរសើរ​ចំពោះ​កំណើន​ដ៏​រឹងមាំ និង​មាន​ស្ថិរភាព​នៃ​សេដ្ឋកិច្ចកម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង​ការវិវត្ត​ដ៏​គួរឱ្យ កត់សម្គាល់​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​។

​ជាមួយគ្នា​នោះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក៏បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់ ចេញ​នូវ​គោលនយោបាយ ស្ដីពី និរន្តរភាព​សេដ្ឋកិច្ច កំណត់ឱ្យ​ច្បាស់​អំពី​ហានិភ័យ ម៉ាក្រូសេដ្ឋកិច្ច ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ លើកស្ទួយ​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ ព្រមទាំង​ជ្រោមជ្រែង​ដំណើរ​វិវត្តន៍ ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព (SDGs)​។
​ ​
ដោយឡែក ធនាគារពិភពលោក បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់ចុះ​ពី ៧% នៅ​ឆ្នាំ​២០១៩ មក​នៅត្រឹម ៦,៨​ភាគរយ​នៅ​ឆ្នាំ​២០២០ នេះ​។ ប៉ុន្តែ​ធនាគារពិភពលោក បាន​កត់សម្គាល់ថា នៅ​ឆ្នាំ​២០២០​នេះ វិស័យ​នាំចេញ​របស់​កម្ពុជា នៅ​រឹងមាំ ហើយ​និន្នាការ ធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២០​នេះ មិនមែន​កើតមាន​តែ​លើ​ប្រទេស​កម្ពុជា នោះទេ​។

​តាម​ធនាគារពិភពលោក កំណើនសេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ក៏​ត្រូវបាន​ប៉ាន់ប្រមាណ​ថា បាន​ថយចុះ​ដែរ ពោលគឺ ពី​៦,៣​ភាគរ​ក្នុង​ឆ្នាំ​២០១៨ មក​នៅត្រឹម ៥,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩ ហើយ​វា​នឹង​បន្ត​ថយចុះ​ដល់​៥,៧​ភាគរយ និង​៥,៦ ភាគរយ នៅក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​ខាងមុខ​។ ការ ធ្លាក់ចុះ​នេះ គឺ​ដោយសារតែ​ភាព តានតឹង​ផ្នែក​ពាណិជ្ជកម្ម និង​ភាពមិនប្រាកដប្រជា​សក​ល​លោកកើនឡើង​កាន់តែខ្លាំង​ឡើង​។​
​ ​
យ៉ាងណាក៏ដោយ អ្នកជំនាញ​សេដ្ឋកិច្ច នៅ​ធនាគារពិភពលោក បាន​អះអាងថា ការធ្លាក់ចុះ នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​នេះ នៅ​មិនទាន់​បង្ក​ជា​ហានិភ័យ​ខ្ពស់ ឬ​ការព្រួយបារម្ភ​ខ្លាំង នៅឡើយ​ទេ ត្បិត​កំណើន​៦,៨​ភាគរយ នេះ​នៅតែ​ប្រសើរ បើ​ធៀប​នឹង​បណ្តា​ប្រទេស នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។

​ប៉ុន្តែ​របាយការណ៍​បាន​ព្រមាន​ថា នៅ​ចំពោះមុខ​នេះ មាន​ហានិភ័យ​មួយចំនួន រួមទាំង​ភាព មិន​ប្រាកដប្រជា​ជុំវិញ​លទ្ធភាព​របស់​ក​ម្ពុ​ជា​ក្នុង​ការនាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ក្រោម ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ស្រូបយក​៤០​ភាគរយ​នៃ​ផលិតផល​នាំចេញ​ពី​កម្ពុជា​។ ការស្រុតចុះ​ដោយ​គំហុក​ណាមួយ នូវ​សេដ្ឋកិច្ច​របស់​ចិន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ជាមួយ​សហរដ្ឋ​អាម៉េរិក នឹងធ្វើ​ឲ្យ​លទ្ធភាព​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ទ្រោម​ចុះ​ទៀត នៅពេលដែល​សេដ្ឋកិច្ច​នេះ ពឹងផ្អែក​ខ្លាំង​លើ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) និង​ភ្ញៀវទេសចរ​ពី​ប្រទេស​ចិន​នោះ​៕ ដោយៈ​ម៉េង​ឆៃ​