កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​និន្នាការ​ធ្លាក់ចុះ​តែ​កម្ពុជា​ឆ្នាំនេះ​សម្រេចបាន​ប្រមាណ​៦,៥​ភាគរយ​

263
ចែករម្លែក
លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

ដោយៈ​ស៊ា ថាំង​/​ភ្នំពេញៈ​នៅ​ចុង​សប្តាហ៍ នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានរៀបចំ​វេទិកាសាធារណៈ​ស្តីពី​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០២០ ដូច​រាល់​ឆ្នាំកន្លងមក ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ​បាន​ស្វែងយល់​លំអិត​អំពី​ស្ថានភាព និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០២០​។​
​ថ្លែង​ក្នុង​វេទិកា​នេះ​លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាងថា​កំណើនសេដ្ឋកិច្ច​ពិភពលោក​កំពុងមាន​និន្នាការ​ធ្លាក់ចុះ​ដោយ​រួមទាំង​តំបន់​អាស៊ាន​ផងដែរ​។​កំណើនសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២០​អាច​នឹង​សម្រេចបាន​ក្នុង​រង្វង់​៣,៣​ភាគរយ​។​សម្រាប់​កម្ពុជា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ​នឹង​នៅតែ​អាច​សម្រេចបាន​ក្នុង​រង្វង់ ៦​ភាគរយ​ទោះបី​ត្រូវ​ប្រឈម​ការលំបាក និង​ហានិភ័យ ទាំង​ខាងក្នុង និង​ទាំង​ខាងក្រៅ​ច្រើនជាង​មុន​ក្តី ពិសេស​ករណី​ការ​រាលដាល​នៃ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​នៅ​ប្រទេស​ចិន ដែលជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា​។​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០២០ យើង​បានកំណត់​កំណើនសេដ្ឋកិច្ច​ប្រមាណ ៦,៥​ភាគរយ​នៃ​ផសស​ការគិត​នេះ​គឺ​បាន​រាប់បញ្ចូល​ករណី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​(EBA)​ពី​សហភាព​អ៊ី​រ៉ុ​ប​រួ​ហើយ​។​ឆ្នាំ​២០១៩​ការប្រមូល​ចំណូល​ក្នុងប្រទេស​ស ម្រេច​បាន​រហូតដល់​ប្រមាណ​២៥​ភាគរយ នៃ ផសស ដែលជា​ប្រការ​មួយ​មិន​ធ្លាប់មាន​ពីមុនមក​។​

ភ្ញៀវអញ្ជើញចូលរួមក្នុងវេទិកា

​លោក​រដ្ឋលេខាធិការ​ប្រចាំការ​វ​ង្សី​វិស្សុត​មានប្រសាសន៍ថា​ជារួម​កំណើនសេដ្ឋកិច្ច​ពិភពលោក​កំពុងមាន​និន្នាការ​ធ្លាក់ចុះ ដោយ​រួមទាំង​តំបន់​អាស៊ាន​ផងដែរ​។ សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០១៩ មាន​កំណើន​ប្រមាណ ២,៩​ភាគរយ ប៉ុណ្ណោះ ធៀប​នឹង​ការព្យាករណ៍​ប្រមាណ ៣,៤​ភាគរយ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម និង​កក្តា​ភូមិសាស្ត្រ​នយោបាយ​ដែល​កាន់តែ​តឹងតែង និង​ចេះតែ​ប្រែប្រួល​មិន​ទៀងទាត់ ដែល​ប៉ះពាល់​ដល់​ទំនុកចិត្ត​វិនិយោគ និង​ធុរកិច្ច ដូចជា​នៅ​តំបន់​មជ្ឈិមបូព៌ា ព្រមទាំង​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​ដែល​កាន់តែ​ខ្លាំងក្លា ដូចជា​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​ជាដើម​។​
​លោក​បាន​បញ្ជាក់ដែរថា កំណើន​នេះ​អាច​នឹងត្រូវ​ថមថយ​ជាងនេះទៅទៀត ប្រសិនបើ​ប្រទេស​ជាច្រើន​ពុំបាន​ធ្វើ​អន្តរាគមន៍​ខាង​ផ្នែក​គោលនយោបាយ​រូបិយវត្ថុ​នោះទេ​។ ជាក់ស្តែង មាន​ប្រទេស​ធំៗ​ចំនួន ៤៩ ប្រទេស បានដាក់​ចេញ​នូវ​គោលនយោបាយ​រូបិយវត្ថុ តាមរយៈ​ការកាត់បន្ថយ អត្រា​ការប្រាក់​មិនតិចជាង ៧១ លើក ដើម្បី​ទប់​កំណើន​នេះ​មិនឱ្យ​ធ្លាក់ចុះ​ខ្លាំង​។ តាម​ការព្យាករណ៍​នៅ​ចុងឆ្នាំ​២០១៩ កំណើនសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២០​អាច​នឹង​សម្រេចបាន​ក្នុង​រង្វង់ ៣,៣​ភាគរយ​ពោលគឺ​មានការ​ងើបឡើង​បន្តិច​វិញ​ធៀប​នឹង​ការព្យាករណ៍​នៅ​ចុងឆ្នាំ​ដោយសារ​សញ្ញា​ជា​វិជ្ជមាន​នៃ​ការដោះស្រាយ​ទំនាស់​ពាណិជ្ជកម្ម រវាង​ចិន​និង​អាមេរិក ទោះបី​ដំណោះស្រាយ​នេះ​មាន​លក្ខណៈ​បណ្តោះអាសន្ន​ក្តី​។​


​លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា ក្នុង​បរិការណ៍​នៃ​ការ​ថមថយ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​តំបន់​ខាងលើនេះ​, កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៩ នៅតែមាន​ភាពរឹងមាំ ក្នុង​រង្វង់ ៧​ភាគរយ​ទោះបី​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ពី​ខាងក្រៅ​ហើយ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល​ពីរ​ខែ​ចុងឆ្នាំ​មានការ​ថមថយ​ខ្លះ ពិសេស​វិស័យ​ទេសចរណ៍ និង​សំណង់​ក្តី​។ កម្ពុជា​ជា​ប្រទេស​ដែល​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​ក្នុង​អាស៊ាន​។ អត្រា​អតិផរណា​បន្ត​ស្ថិតក្នុង​កម្រិត​ទាប ហើយ​អត្រា​ប្តូរប្រាក់​នៅតែ​បន្ត​មាន​ស្ថិរ​ភាពល្អ ក្នុងខណៈដែល​អត្រា​អ្នក​អត់​ការងារ​ធ្វើ តាម​ការអង្កេត​របស់​ធន​គារ​ពិភពលោក មាន​ប្រមាណ​តែ ០,៣​ភាគរយ ប៉ុណ្ណោះ​។ ការនាំចេញ​មាន​សន្ទុះ​កំណើន​ល្អ ដោយមាន​ការកើនឡើង​ប្រមាណ ១៥​ភាគរយ ហើយ​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​មាន​កំណើន​រហូត​ទៅដល់ ១៣​ភាគរយ​នៃ​ផសស​ដែល​ធ្វើឱ្យ​តុល្យភាព​នៃ​ជញ្ជីងទូទាត់​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ជាទូទៅ​។​ទុនបម្រុង​អន្តរជាតិ​បាន​កើនឡើង​រហូតដល់​ប្រមាណ​ជាង ១៧,៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​អាច​ធានាបាន​នូវ​ការនាំ​ចូល​រហូត​ទៅដល់​ប្រមាណ ៨​ខែ​។ ទន្ទឹមនឹង​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ ហើយ​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថេរភាព​ខាងលើនេះ កម្ពុជា​ក៏​សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​នៅក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ផងដែរ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ដ៏​រឹងមាំ និង​កាន់​តែមាន​ចីរភាព នៅក្នុង​ការប្រមូល​ចំណូល​គ្រប់​ប្រភេទ និង​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​នៅក្នុង​ការគ្រប់គ្រង​ចំណាយ​ថវិកាជាតិ​។ ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០១៩ ការប្រមូល​ចំណូល​ក្នុងប្រទេស​សម្រេចបានរ​ហូត​ដល់​ប្រមាណ ២៥​ភាគរយ នៃ ផសស ដែលជា​ប្រការ​មួយ​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​បណ្តា​ប្រទេស​ចំណូល​ទាប និង​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​ដូច​កម្ពុជា​។ ក្នុង​ផ្នែក​ចំណាយ​វិញ យើង​បាន​គ្រប់គ្រង​ចំណាយ​ថវិកា​បាន​យ៉ាង​ល្អប្រសើរ ពោលគឺ​យើង​មិន​ត្រឹមតែ​មិន​ចាយ​ឱ្យ​លើសពី​ចំណូល​ដែល​ប្រមូលបាន​ប៉ុណ្ណោះ​ទេ តែ​យើង​តែង​បាន​ខិតខំ​ធ្វើ​វិចារណ​កម្ម​ចំណាយ​ជាប់​ជាប្រចាំ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សន្សំសំចៃ​ថវិកា​ផង និង​តម្រង់​អាទិភាព​ចំណាយ​លើ​មុខសញ្ញា​ដែល​ចាំបាច់​បាន​បន្ថែម​ទៀតផង​។ ប្រការនេះ បានធ្វើឱ្យ​យើង​សម្រេចបាន​នូវ​អតិរេក​ថវិកា​ចរន្តរ​ហូត​ទៅដល់​ជាង ៨​ភាគរយ នៃ ផសស ធៀប​នឹង​ការគ្រោង​ប្រមាណ​តែ ២,៨១ នៃ ផសស ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ប្រាក់​សន្សំ​របស់​រាជ​រដ្ឋាភិបាល​បាន​កើន​ឡើងដល់​ប្រមាណ ១៨​ភាគរយ នៃ ផសស សម្រាប់​ពង្រីក​លំហ​ថវិកា និង​ធនធាន​ថវិកាបម្រុង​ទុក​សម្រាប់​ត្រៀម​ទប់ទល់​នឹង​វិបត្តិ និង​ហានិភ័យ​ផ្សេងៗ​ជាយថាហេតុ​។​


លោក​បាន​បញ្ជាក់ដែរថា តាម​អនុសាសន៍​របស់ IMF សម្រាប់​ប្រទេស​ដែល​ស្ថានភាព​សេដ្ឋកិច្ច និង​មាន​ដុល្លារ​រូបនីយកម្ម​ខ្ពស់​ដូច​កម្ពុជា ដើម្បី​ធានាបាន​នូវ​ចីរភាព​ថវិកា​ពេល​មាន​វិបត្តិ ត្រូវ​រក្សា​នូវ​លំហ​សារពើពន្ធ ឬ​ប្រាក់​សន្សំ​ត្រឹមតែ​ប្រមាណ ៦​ភាគរយ នៃ ផសស ប៉ុណ្ណោះ​។ ទន្ទឹមនឹងនេះ ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​នៅតែមាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប​។ បើ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ កម្ពុជា​មា​នស​និ្ន​ធិ​បំណុល​សាធារណៈ​តិចជាង ៣០​ភាគរយ នៃ​ផសស បើ​គិត​ជា​តម្លៃ​ចារឹក (Nominal Term) ហើយ បើ​គិត​ជា​តម្លៃ​បច្ចុប្បន្ន (NPV Term) មានតែ ២១​ភាគរយ នៃ ផសស ប៉ុណ្ណោះ​។ បើ​គិត​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ជា​អន្តរជាតិ​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​, កម្ពុជា​នៅមាន​សល់​លំហ​ដែល​អាច​ខ្ចី​បាន​បន្ថែម​រហូត​ទៅដល់ ៦០​ភាគរយ នៃ​ផសស បើ​គិត​ជា​តម្លៃ​ចារឹក (Nominal Term) និង ៤០​ភាគរយ នៃ ផសស បើ​គិត​ជា​តម្លៃ​បច្ចុប្បន្ន​។ បើ​គិត​បញ្ចូល​ទាំង​បំណុល​សាធារណៈ និង​បំណុល​ឯកជន​, ស្ថានភាព​បំណុល​របស់​ប្រទេស​យើង​នៅមានកម្រិត​ទាប​នៅឡើយ ដែល​នេះ​ជា​ចំណុចខ្លាំង​របស់​យើង​។​

​លោក​វ​ង្សី វិស្សុត មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ នេះ​, នឹង​នៅតែ​អាច​សម្រេចបាន​ក្នុង​រង្វង់ ៦​ភាគរយ​ទោះបី​ត្រូវ​ប្រឈម​ការលំបាក និង​ហានិភ័យ ទាំង​ខាងក្នុង និង​ទាំង​ខាងក្រៅ​ច្រើនជាង​មុន​ក្តី ពិសេស​ករណី​ការ​រាលដាល​នៃ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​នៅ​ប្រទេស​ចិន ដែលជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា​។ លោក​បាន​គូសបញ្ជាក់ថា ការកំណត់​កំណើនសេដ្ឋកិច្ច​ប្រមាណ ៦,៥​ភាគរយ​នៃ ផសស ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០២០ គឺ​បាន​រាប់បញ្ចូល​ករណី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA) ពី​សហភាព​អ៊ី​រ៉ុ​ប​រួចហើយ ព្រោះ​យើង​ដឹងថា វា​នឹង​មកដល់ គ្រាន់តែ​មុន ឬ​ក្រោយ​ប៉ុណ្ណោះ​។ ដូចនេះ ទោះបី​សហភាព​អ៊ឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជ​កម្មនេះ​មួយផ្នែក ឬ​ទាំងស្រុង​ក្កី ក៏​សេដ្ឋកិច្ចកម្ពុជា​មិន​ដួលរលំ​ដែរ ព្រោះ​យើង​បាន​ត្រៀមខ្លួន​ជាមុន​រួចហើយ​។ ម្យ៉ាងវិញទៀត ការដក EBA នេះ ប៉ះពាល់​តែ​ទៅលើ​ការនាំចេញ​សម្លៀកបំពាក់​ទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប​ប៉ុណ្ណោះ ក្នុងខណៈដែល​ការនាំចេញ​ទៅកាន់​ទីផ្សារ​ផ្សេងៗ​ទៀត ពិសេស​អាម៉េរិក​មានកា​រ​កើនឡើង​យ៉ាងខ្លាំង​។ ទន្ទឹមនឹងនេះ វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ក៏មាន​សន្ទុះ​កំណើន​យ៉ាងខ្លាំង​ផងដែរ ដោយសារ​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​មាន​ពិពិធ​កម្ម​ច្រើនជាង​មុន​។ តែ​ទោះបី​យ៉ាងណាក៏ដោយ យើង​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​កំណើន​ដ៏​ទាប​ជាប់ៗ​គ្នា ក្នុង​វិស័យ​កសិកម្ម នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម​, ភាព​ប្រកួតប្រជែង និង​ភាព​ទាក់ទាញ​នៃ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​។​
​លោក​រដ្ឋលេខាធិកា​ក៏បាន​លើកឡើង​ផងដែរ​ថា កម្ពុ​ជាស​ង្ឈឹ​ម​ថា​នឹង​បន្ត​ទទួលបាន​នូវ​លំហូរ​ទុនវិនិយោគ​ពី​បរទេស ដោយសារ​ឥទ្ធិពល​នៃ​ការ​បង្វែរ​ទិស​វិនិយោគ និង​ពាណិជ្ជកម្ម (trade and investment diversion) ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​, ការផ្លាស់ប្តូរ​រចនាសម្ព័ន​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ ដូចជា​ប្រាក់​ឈ្នួល​ពលកម្ម​ឡើងថ្លៃ និង​បញ្ហា​សង្គម​ដែលមាន​មនុស្ស​វ័យ​ចំណាស់​កាន់តែច្រើន ដូចជា ជប៉ុន កូរ៉េ ចិន និង​ថៃ​ជាដើម ព្រមទាំង​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧ​ស្សហកម្ម​ទី​៤ ដែល​ថ្ងៃ​ក្រៅ​នឹង​ធ្វើឱ្យ​ការ​មាន​ផ្លាស់ប្តូរ​ពី​ខ្សែ​ច្រ​វ៉ា​ក់​ផលិត​ចង្វា​ក់សកល (global production chain) ទៅជា​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​តាម​តំបន់ (regional production chain) វិញ​។ ក្នុងន័យនេះ កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​ស្រូបយក​ផលប្រយោជន៍​ពី​ការ​បង្វែរ​ទិស​វិនិយោគ​និង​ពាណិជ្ជកម្ម​នេះ​ឱ្យបាន​ច្រើន​ជា​អតិបរិមា​៕​សរន​