កំណើនសេដ្ឋកិច្ច​សកល​លោក​ស្ថិតក្នុង​បញ្ហា​ធំ ប្រសិនបើ​អាមេរិក និង​ចិន​ខកខាន​សហការ​លើ​គោលនយោបាយ​សេដ្ឋកិច្ច​

1153
ចែករម្លែក

​សហរដ្ឋអាមេរិក និង ចិន កំពុង​ពិនិត្យមើល​លទ្ធផល​នៃ​ផែនការ​សកម្មភាព​សេដ្ឋកិច្ច ១០០ ថ្ងៃ​រួមគ្នា ខណៈដែល​ថ្ងៃ​ផុតកំណត់​របស់​វា​ផុត​នៅ​ថ្ងៃទី ១៦ កក្កដា​។ យោងតាម​ក្រុម​អ្នកជំនាញ ការសហការ​គ្នា​លើ​គោលនយោបាយ​សេដ្ឋកិច្ច​រវាង​អាមេរិក​និង​ចិន នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកលលោក​។​

​មន្ត្រីជាន់ខ្ពស់​អាមេរិក​និង​ចិន នឹង​ជួបគ្នា​នៅ​ថ្ងៃទី ១៩ កក្កដា​នេះ សម្រាប់​កិច្ចពិភាក្សា​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (CED) ជុំទីមួយ​។ យន្តការ​នេះ​ត្រូវបាន​យល់ព្រម​ដោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រា និង មេដឹកនាំ​ចិន លោក​ស៊ី ជីន​ពីង នៅ​កិច្ច​ជំនួប​នៅ​រមណីយដ្ឋាន Mar-a-Lago ក្នុង​ខែមេសា​។

​ចាប់តាំងពី​កិច្ចពិភាក្សា​នេះ​ត្រូវបាន​ផ្តួចផ្តើម​មក​នោះ ភាគី​ទាំងពីរ​បានធ្វើ​ឱ្យមាន​ភា​ព​រីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព ១០០ ថ្ងៃនេះ ដែលជា​ផ្នែក​ដ៏​សំខាន់​នៃ CED រួមទាំង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។

​ជាក់ស្តែង ចិន​បាន​អនុញ្ញាតឱ្យ​នាំចូល​សាច់គោ​ផលិត​នៅ​អាមេរិក ចំណែក​ប​សុ​បក្សី​ឆ្អិន​របស់​ចិន​ឆាប់ៗ​នេះ​នឹង​អាច​រកបាន​នៅ​ទីផ្សារ​អាមេរិក​។ ជាងនេះទៅទៀត ប៉េកាំង​បានផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ចូលដល់​ផ្នែក​ខ្លះ​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​ចិន​។ ចិន​ក៏បាន​សន្យា​ទិញ​ឧស្ម័ន​ធម្មជាតិ​ផលិត​ដោយ​អាមេរិក​ផងដែរ ។

​ថ្វីបើ​ការពិត​ដែលថា មាន​ភាពជឿនលឿន​មួយចំនួន​ក៏ពិតមែន ប៉ុន្តែ​វិស័យ​ផ្សេងទៀត​ក្នុងប្រទេស​ចិន ដែល​ស្ថិតក្រោម​សម្ពាធ​អាមេរិក ដើម្បីឱ្យ​បើកទូលាយ​នោះ គឺ​ដើរ​ទៅមុខ​យឺត​បំផុត​។

​ក្នុងចំណោម​ឧស​គ្គ​ធំ​បំផុត​ទាំងនោះ គឺ អាមេរិក​ទាមទារ​ឱ្យ​ចិន​កាត់បន្ថយ​សមត្ថភាព​លើស​កំណត់​ក្នុង​ការផលិត​ដែកថែប និង​អាលុយមីញ៉ូម កង្វះ​សិទ្ធិ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ក្នុង​ទីផ្សារ​សេវាកម្ម​ចិន និង ខាង​សន្តិសុខ​ជាតិ​អាមេរិក​ទប់ស្កាត់​ការនាំចេញ​បច្ចេកវិជ្ជា​ខ្ពស់​មក​ចិន​។

​លោក​ចា​កូប ផាក​ឃើ អនុប្រធាន​ប្រតិបត្តិការ​ចិន នៅ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​ចិន (USCBC) ក្នុង​ទីក្រុង​ប៉េកាំង បាន​និយាយ​ទាក់ទង​នឹង​លទ្ធផល​នៃ​កិច្ចពិភាក្សា ១០០ ថ្ងៃ យ៉ាង​ដូច្នេះ “​វា​ជា​ពេលវេលា​ដ៏​អស្ចារ្យ ប៉ុន្តែ​មានរឿង​ច្រើន​ទៀត​ត្រូវធ្វើ​សម្រាប់​ការចរចា​ពាណិជ្ជកម្ម​ចិន​និង​អាមេរិក ដើម្បី​ចាត់ទុកថា​ជោគជ័យ​ទៅបាន​”​។

​យោងតាម​លោក​ផាក​ឃើ នៅ​គ្រា​ដដែល​នេះ គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា​តើ​ចិន​នឹង​អនុម័ត​យល់ព្រម​នូវ​ទីភ្នាក់ងារ​ចាត់ថ្នាក់​ឥណទាន​បរទេស ឬ ថា​តើ​ការ​បង់លុយ​ផ្នែក​អេឡិចត្រូនិក​អាមេរិក​នឹង​ធានាបាន​នូវ​អាជ្ញា​បណ្ណ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ចិន​ឬក៏​អត់​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រា និង មេដឹកនាំ​ចិន លោក​ស៊ី ជីន​ពីង នៅ​កិច្ច​ជំនួប​នៅ​រមណីយដ្ឋាន Mar-a-Lago ក្នុង​ខែមេសា