កំណើនសេដ្ឋកិច្ច​ឥណ្ឌា​កើនឡើង ៨,២ ភាគរយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​

534
ចែករម្លែក
  • 5
    Shares

​ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​សីហា​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​បាន​កើនឡើង ៨,២ ភាគរយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំសារពើពន្ធ ២០១៨-១៩ ខណៈដែល​ប្រទេស​នេះ​បានកំណត់​ទិសដៅ​ដើម្បី​វ៉ា​ចក្រភព​អង់គ្លេស​ក្នុងនាម​ជា​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទី ៥ ក្នុង​ពិភពលោក​។​

​តួលេខ​របស់​ការិយាល័យ​ស្ថិតិ​កណ្តាល​បាន​បង្ហាញថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​ខែមេសា​ដល់​ខែមិថុនា​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី ៣ របស់​អាស៊ី​នេះ​បាន​កើនឡើង​ពី ៧,៧ ភាគរយ​នៅក្នុង​ត្រីមាស​មុន​។​

​តួលេខ​ចុងក្រោយបង្អស់ ដែល​កត់សម្គាល់​ពី​កំណើន​ខ្ពស់បំផុត​របស់​ឥណ្ឌា​ក្នុង​រយៈពេល ៨ ត្រីមាស​មកនេះ គឺ​បាន​កើនឡើង​ពី ៥,៦ ភាគរយ​សម្រាប់​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​និង​ពង្រឹង​ស្ថានភាព​របស់​ឥណ្ឌា​ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​មួយ​របស់​ពិភពលោក​។​

​លោក ស៊ូ​ចាន ហាច​រ៉ា ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន Anand Rathi Securities បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​តួលេខ​ត្រីមាស​ទី ១ មាន​ចំនួន​ខ្ពស់ជាង​ការរំពឹងទុក​របស់​យើង​។ ការនាំចេញ ហេដ្ឋារចនាសម្ព័ន្ធ និង សកម្មភាព​ឧស្សាហកម្ម​បាន​កើនឡើង​ខ្លាំង​”​។​

​យោងតាម​តួលេខ​ដែល​បានចេញ​ផ្សាយ​ដោយ​ធនាគារពិភពលោក​កាលពី​ខែ​មុន ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី ៦ លើ​ពិភពលោក ដោយ​រុញ​ប្រទេស​បារាំង​ទៅ​ចំណាត់ថ្នាក់​ទី ៧​។​

​យោងតាម​តួលេខ​នេះ GDP របស់​ឥណ្ឌា​មាន​ចំនួន ២,៥៩៧ លាន​លាន​ដុល្លារ​នៅ​ចុងឆ្នាំ ២០១៧ ធៀប​នឹង GDP របស់​បារាំង​ចំនួន ២,៥៨២ លាន​លាន​ដុល្លារ​។​

​សហរដ្ឋអាមេរិក​គឺជា​សេដ្ឋកិច្ច​កំពូល​របស់​ពិភពលោក បន្ទាប់មក​គឺ​ចិន ជប៉ុន និង​អាល្លឺម៉ង់​។ ចក្រភព​អង់គ្លេស​បច្ចុប្បន្ន​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី ៥ របស់​ពិភពលោក​ជាមួយនឹង GDP ចំនួន ២,៦២២ លាន​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​

​លោក អា​រុន ចា​អ៊ី​ត​ឡេ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​សីហា​បាន​និយាយថា “​នៅ​ឆ្នាំក្រោយ​យើង​ទំនងជា​នឹង​វ៉ា​ចក្រភព​អង់គ្លេស​”​។​

​លោក​បាន​ព្យាករណ៍​ថា ប្រទេស​យក្ស​អាស៊ី​ដែលមាន​ប្រជាជន​ប្រមាណ ១,២៥ ពាន់​លាន​នាក់​នេះ នឹង​ក្លាយទៅជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​សេដ្ឋកិច្ច​កំពូល​ទាំង ៣ របស់​ពិភពលោក​នៅ​ឆ្នាំ ២០៣០៕ ដោយ៖ កញ្ញាដាលីស

តួលេខ​ចុងក្រោយ​បាន​ពង្រឹង​ស្ថានភាព​ឥណ្ឌា​ក្នុងនាម​ជា​ប្រទេស​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​មួយ​របស់​ពិភពលោក