កំណើន​គ្រោះថ្នាក់​ចរាចរ​ត្រីមាស​ទីមួយ​ឆ្នាំនេះ ក្លាយជា​ក្តីបារម្ភ​របស់​មន្ត្រី​ជំនាញ​!

547
ចែករម្លែក

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩​ត្រូវបាន លើកឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ប្រចាំត្រីមាស​ទី​១ ឬ​បី​ខែ​ដើមឆ្នាំ គិត​ចាប់ពី​ខែមករា ដល់​ខែមីនា នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បានកើត​ឡើង ១.០៧៦​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥១៣​នាក់ របួស ១៥៩២​នាក់​។ ក្នុងនោះ​រាជធានី​ភ្នំពេញ​ឈរ លំដាប់​ទី​១​។ បន្ទាប់មក​គឺ​នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដែលមាន​អ្នកស្លាប់​ច្រើន ជាងគេ​។ ចំនួន​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​អ្នករបួស​នេះ បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឬ​បី​ខែ​ដើម​ឆ្នាំទៅ​មិញ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរ​រយៈពេល​បី​ខែ​ដើម​ឆ្នាំនេះ​បាន​កើន ឡើង​ចំនួន ២៥៧​លើក អ្នកស្លាប់​កើន ៣៣​នាក់ និង​របួស​កើនឡើង​ចំនួន ៣៥៨​នាក់​។

​ក្នុង​កិច្ចប្រជុំ​ដដែល​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ក្ដីបារម្ភ និង​ការ​សោក ស្ដាយ ចំពោះ​របាយការណ៍ បង្ហាញថា ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់ ចរាចរ​ទូទាំងប្រទេស បាន​កើនឡើង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​បី​ខែ​ដើមឆ្នាំ ២០១៨ កន្លងទៅ​។

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ត្រូវ​ពិនិត្យ​ផែនការ​សកម្មភាព​ក្នុងការ​ទប់ ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ឡើងវិញ ដោយ​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​លម្អិត​កំណត់ ពេលវេលា ទីតាំង និង​មន្ត្រី​ចុះ​អនុវត្ត​ឲ្យ​បានជា​ក់លាក់​ហើយ​ធ្វើ​របាយការណ៍​ការងារ​មក អគ្គលេខាធិការដ្ឋាន​។ ការងារ​ទាំងនោះ បាន​ផ្ដោតលើ​ការអប់រំ​ផ្សព្វផ្សាយ និង​រឹតបន្តឹង ការអនុវត្ត​ច្បាប់​។

​ជាមួយគ្នានេះ​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បង្ហាញ​ការគាំទ្រ និង​រង់ចាំ​ជួយ​ជ្រោ​ម ជ្រែង​ដល់​យន្តការ​បង្កើត​កិច្ចសហការ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​និង​ដឹក​អ្នកដំណើរ ដើម្បី​ចុះ​ត្រួតពិនិត្យ​សមត្ថភាព និង​ចំណេះដឹង​នៃ​ការបើកបរ ដើម្បី​ធ្វើ​តេស​រក សារធាតុ​ញៀន និង​ការចូលរួម​អប់រំ​សីលធម៌​ចំ ពោះ​អ្នកបញ្ជា​យានយន្ត​។ សម្ដេច សខេង បញ្ជាក់ថា សមត្ថកិច្ច​អនុវត្ត​ច្បាប់ ត្រូវ​ចូលរួម​អនុវត្ត​កិច្ចការ​នេះ ជាមួយ​ក្រសួង សាធារណៈការ និង​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

​តាម​របាយការណ៍​រប​ស់​ប៉ូលិស​ចរាចរណ៍ គឺ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​កម្ពុជា ជា​មធ្យម បានសម្លាប់​មនុស្ស ៦​នាក់ និង​របួស ១៨​នាក់ ក្នុង​មួយថ្ងៃៗ​។ ក្នុងនោះ ភាគច្រើន អ្នករងគ្រោះ ជា​អ្នកបើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ​។​

​យ៉ាងណាក៏ដោយ ជា​វិធានការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​សំខាន់​ជាងគេ គឺ​អ្នកបើកបរ មិន​ថា ម៉ូតូ និង​រថយន្ត​នោះទេ គួរតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ អធ្យាស្រ័យ ប្រកបដោយ​ការប្រុងប្រយ័ត្ន​។ កុំ​បើកបរ​លឿនៗ​។ ពិសេស​មិនត្រូវ​បើកបរ ក្នុងស្ថានភាព​ស្រវឹង ឬ​ងងុយដេក​នោះទេ ព្រោះថា ការធ្វេសប្រហែស​តែមួយ​ប៉ព្រិចភ្នែក នឹង​កើត​បញ្ហា ហើយ​បើសិនជា​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មិនមែន​រងគ្រោះ​អ្នក បើកបរ​តែម្នាក់ឯង​ឡើយ គឺ​បង្ក​មហន្តរាយ​ដល់​អ្នកដំណើរ​ដទៃទៀត រក​ស្មាន​មិនត្រូវ​ទេ​។​

​អ្នកបើកបរ​ម៉ូតូ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ក៏​គួរតែ​ពាក់មួក​សុវត្ថិភាព​ជាប់​ជាប្រចាំ​។ រីឯ​អ្នកបើកបរ​រថយន្ត ក៏ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ហើយ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន គោរព​ច្បាប់ និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។ កុំ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ពិសេស​អ្នកបើកបរ​រថយន្ត​ធុន​ធំ ដូចជា កុងតឺន័រ និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ជាដើម គួរតែ​ត្រួតពិនិត្យ​យានយន្ត ជាប្រចាំ​រាល់ថ្ងៃ និង​បើក​បរកុំ​លឿនៗ​ពេក​។​

​សូមអ្នក​បើកបរ និង​អ្នកធ្វើដំណើរ​លើ​ដងផ្លូវ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន និង​ការ ទទួលខុសត្រូវ ពិសេស​បង្កើន​សីលធម៌ និង​គុណធម៌ សូម​យោគយល់​អធ្យាស្រ័យ​គ្នា កុំ​ឲ្យ​យើង​រងគ្រោះ​ច្រើនជាង​នេះ​។ នៅពេលនេះ ជិត​ដល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី ជាតិ ហើយ​ការធ្វើដំណើរ​តាមផ្លូវ ក៏​កាន់តែ​មមាញឹក ដូច្នេះ​មានតែ​ចូលរួម​គោរព​ច្បាប់ ចរាចរណ៍ យោគយល់ អធ្យាស្រ័យ ក្នុងពេល​ដំណើរ​ទាំងអស់គ្នា ដើម្បី​កុំ​ឲ្យ កើតមាន គ្រោះថ្នាក់​ចរាចរ​។ គ្រោះថ្នាក់​ចរាចរ ដែល​បង្កឡើង​ដោយ​មនុស្ស​មក​បំផ្លាញ​ក្តី សប្បាយ​របស់​យើង នាឱកាស​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​នោះទេ​៕ ដោយៈ ម៉េង​ឆៃ