កំណើន​ទេសចរ​និង​វិនិយោគិន​បរទេស​តម្រូវការ​ស​ណ្ឋា​គារ​ទំនើប​លំដាប់​អន្តរជាតិ​កើនឡើង

358
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រទេស​កម្ពុជា​កំពុង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​និង​វិនិយោគិន​មក​បណ្ដាក់ទុន​កាន់តែច្រើន​ដូច្នេះ​តម្រូវការ​សណ្ឋាគារ​ស្នាក់​នៅ​រយៈពេល​ខ្លី​និង​រយៈពេល​វែង​បាន​កើន​ឡើងជា​បន្តបន្ទាប់​។​ជាមួយ​នោះ​ក៏មាន​សណ្ឋាគារ​ថ្មីៗ​លំដាប់​ស្តង់ដារ​ជា​បន្តបន្ទាប់​បើក​ដំណើរការ​ទទួលភ្ញៀវ​ពី​ខាងក្រៅ​និង​ក្នុងស្រុក​សម្រាប់​ស្នាក់នៅ​។​

​ជា​ផ្នែក​មួយ​បម្រើឱ្យ​វិស័យ​ទេសចរណ៍​និង​បដិសណ្ឋាកិច្ច​សណ្ឋាគារ​ថ្មី​មួយទៀត​លំដាប់​ផ្កាយ​៤ បានចាប់ផ្ដើម​បម្រើភ្ញៀវ​ជា​ផ្លូវការ​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ទទួលភ្ញៀវ​ទូទៅ​ជាពិសេស​ភ្ញៀវ​បរទេស​ដែលជា​អ្នកជំនួញ​និង​ពាណិជ្ជកម្ម ក្នុងការ​ស្វែងរក​ដៃគូ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កាលពី​ថ្ងៃទី​២១​ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុន​Lumiere Hospitality (LH)​បានប្រកាស​ជា​សាធារណៈ បើកសម្ពោធ​ជា​ផ្លូវការ​នូវ​គម្រោង​ទី​ពីរ​របស់ខ្លួន​ដែលមាន​ឈ្មោះថា Lumiere Residence ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​បដិសណ្ឋារកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​និង​ប្រកបដោយ​កិត្យានុភាព​។

​ពិធី​សម្ពោធ​បាន​ប្រារព្ធ​ឡើង​ដោយមាន​ការចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ​គន់ គីម​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​លោក​គីម​រិទ្ធី​អភិបាលរង​ខេត្តកណ្តាល ព្រមទាំង លោកស្រី Celine Quek សហ​ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង​របស់​ក្រុមហ៊ុន LH លោក Alan Wong សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ និង​លោក ហ៊​ង ភាព ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LH ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី​គន់គីម​បាន​លើកឡើងថា​គម្រោង​LumiereResidence​នឹង​ឆ្លើយតប​ទៅ​និង​កំណើន​នៃ​ភ្ញៀវទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​។​លោក​ជឿជាក់​យ៉ាងខ្លាំង​ថា​ការពង្រីក​បន្ថែម​នូវ​បន្ទប់​ទាំងនេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ជូន​ដល់​ភ្ញៀវ​ក៏ដូចជា​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាពិសេស​គឺ​ផ្តល់​ការងារ​ដល់​ប្រជាជន​ក្នុង​តំបន់​ជាមួយ​បដិសណ្ឋារកិច្ច​លំដាប់​អន្តរជាតិ​របស់​សណ្ឋាគា​រ​និង​រមណីយដ្ឋាន​។​

​លោក​បានបញ្ជាក់​ដូច្នេះ​«​ការបើក​សម្ភោ​ធ​ជា​ផ្លូវការ​នឹង​ផ្តល់ជូន​នូវ​ឱកាស​ដ៏​ល្អឥតខ្ចោះ​ជូន​ដល់​ភ្ញៀវ​ក្នុង​ការទទួលយក​បដិសណ្ឋារកិច្ច​លំដាប់​ពិភពលោក​ថ្មី​បំផុត​។​វា​ជា​មោទនភាព​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ចែករំលែក​នូវ​ការចាប់ផ្តើម​ទំព័រ​ថ្មី​ដ៏​គួរឱ្យ​រំភើប​មួយ​ក្នុងការ​វិវត្តន៍​របស់​សណ្ឋាគារ​»​។​

​លោក​ហ៊​ង​ភាព​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​LH​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា​សណ្ឋាគារ​អា​ផាត​មិន Lumiere Residence មាន​កម្ពស់​២៥​ជាន់ មាន​បន្ទប់​ស្នាក់នៅ​ចំនួន ១៦៦ យូ​នី​ត ដោយ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ប្រណិត​និង​ទាក់ទាញ​រួមទាំង​បំពាក់​ទៅដោយ​បរិក្ខារ​ទំនើបៗ​ដ៏​សម្បូរបែប​នៅតាម​បន្ទប់​នីមួយៗ​។​

ក្នុងនោះដែរ ប្រភេទ​បន្ទប់​ទាំងអស់​រួមមាន​ស្ទូ​ឌី​យ៉ូ​ឃ្វី​ន (Studio Queen) ចំនួន​៥៦​យូ​នី​ត ស្ទូ​ឌី​យ៉ូ​ធ្វី​ន (Studio Twin) ចំនួន ២៨ យូ​នី​ត ឌី​ឡាក់​ក្លា​ស៊ី​ក​(Deluxe Classic) ចំនួន​១៤​យូ​នី​ត ឌី​ឡាក់​អ៊ិ​ច​សិ​ឃ្យូ​ធី​វ (Deluxe Executive) ចំនួន ២១​យូ​នី​ត ឌី​ឡាក់​ព្រី​មៀម (Deluxe Premium)​ចំនួន​២១​យូ​នី​ត​ប៊ែ​ត​រ៊ូ​ម​អ៊ិ​ច​សិ​ឃ្យូ​ធី​វ​(BedroomExecutive)​ដែលមាន​បន្ទប់​គេង​១​ចំនួន​២២​យូ​នី​ត​ឌូ​ផ្លិ​ច​ស្វី​ត​(Duplex Suites) ចំនួន​៣​យូ​នី​ត​និង​ស្កា​យ​វីឡា​(SkyVilla)​ចំនួន​មួយ​យូ​នី​ត​។​

​បន្ទប់​ទាំងនេះ​មាន​ទំហំ​ចាប់ពី​៣៩​ម៉ែត្រការ៉េ​ដល់​៧៤​ម៉ែត្រការ៉េ​ចំណែកឯ​ប្រភេទ​បន្ទប់​បែប​លំនៅឋាន​និង​វីឡា​មាន​ទំហំ​ចន្លោះ​ពី​៧៤​ម៉ែត្រការ៉េ​ទៅ​៦២២​ម៉ែត្រការ៉េ​។​សណ្ឋាគារ​នេះ​មាន​ចំណត​ឡាន​ក្រោម​ដី​អាច​ទទួល​រថយន្ត​៨០​គ្រឿង ជាពិសេស​មាន​អាង​ហែល​ទឹក​ចំនួន​ពីរ​នៅលើ​ដំបូល​។​
Lumiere Residence ជា​អគារ​ស្នាក់នៅ​បែប​ទំនើប​(Apartment)​ដែល​រំលេច​រូបរាង​យ៉ាង​ទាន់សម័យ បង្ក​ភាពងាយស្រួល តម្លៃ​សមគួរ ហើយ​មាន​ផាសុកភាព សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។

សំណង់​ស្ថាបត្យកម្ម​ដែល​បានឈ្នះ​ពានរង្វាន់​មួយ​នេះ​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ចំពោះ​ការ​រចនា​ដ៏​ល្អ​ឯក​ទាំង​ផ្នែក​ខាងក្រៅ​និង​ផ្នែក​ខាងក្នុង​។​Lumiere Residence​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ កៀក​នឹង​តំបន់​មជ្ឍមណ្ឌល​ពានិជ្ជកម្ម ផ្សារ​ទំនើប សាលា​អន្តរជាតិ ផ្សារ មន្ទីរពេទ្យ ភោជនីយដ្ឋាន ការិយាល័យ​រដ្ឋាភិបាល​ស្ថានទូត​ធនាគារ​និង​មាន​អគារ​ជាច្រើន​ទៀត​។

​បើ​យើង​ធ្វើដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំណាយពេល​តិចជាង​៣០​នាទី​ហើយ​បើ​ធ្វើដំណើរ​ទៅ​តំបន់​មាត់ទន្លេ​ដ៏​ល្បីល្បាញ​វិញ ចំណាយពេល​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ​។​លោកស្រី​CelineQuek​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​LumiereHospitality​មានប្រសាសន៍ថា​”​យើង​ចង់​បង្កើត​គម្រោង​មួយ​ដែល​មានគុណ​ភាពល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​មោទនភាព​ហើយ​ក្លាយជា​គម្រោង​ដ៏​ទាក់ទាញ​បំផុត​របស់​ប្រទេស​កម្ពុជា​”​។​

​លោកស្រី Celine Quek ជានា​យក​គ្រប់គ្រង​របស់ Lumiere Hospitality បន្ថែមទៀតថា “​រចនាបថ​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង​សម្រប​ទៅតាម​អតិថិជន​ដែល​ធ្វើដំណើរ​បែប​ធុរកិច្ច​។ ពួកយើង​គិត​អំពី​ភាពងាយស្រួល​និង​ភាពកក់ក្តៅ​ពីព្រោះ​ពួកយើង​ចង់​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ធូរស្រាល​ក្នុងអំឡុងពេល​ធ្វើដំណើរ​បែប​ធុរកិច្ច​របស់ខ្លួន​ស្រប​ជាមួយនឹង​ភាពសប្បាយ​រីករាយ​នៃ​បរិយាកាស​ទីក្រុង​ដើម្បី​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​ជិតស្និទ្ធ​ដូច​កំពុងស្នាក់នៅ​ផ្ទះ​របស់ខ្លួន​ដែរ​”​។​នេះ​គឺជា​គំរូ​ល្អ​ដ៏​ឥតខ្ចោះ​នៃ​“​អគារ​ស្នាក់​ទំនើប​ដ៏​ប្រណិត​នៅក្នុង​ទីក្រុង​ភ្នំពេញ “​។

​លោកស្រី​បាន​បន្ថែមទៀតថា​”​ក្រៅពី​ការធ្វើ​ឲ្យ​ខ្លួន​យើង​ក្លាយជា​អ្នកដើរតួ​យ៉ាងសំខាន់​មួយ​នៅក្នុង​ទីផ្សារ​កម្ពុជា​យើង​ក៏មាន​មោទនភាព​ផងដែរ​ក្នុងការ​ចូលរួម​ជា​ចំណែក​មួយ​នៃ​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ឲ្យ​កាន់តែ​រីកចម្រើន​”​។ បច្ចុប្បន្ន ក្រុមហ៊ុន LH យើង​មាន​សណ្ឋាគារ​ចំនួន ពីរ​នៅ​រាជធានី​ភ្នំពេញ គឺ​សណ្ឋាគារ Lumiere Hotel និង Lumiere Residence ។​

​លោកស្រី​បានឱ្យដឹង​ទៀតថា​ភ្ញៀវ​ដែល​អញ្ជើញ​មក​ស្នាក់នៅ​LumiereResidence​ទាំងអស់​អាច​ប្រើប្រាស់​រាល់​បរិក្ខារ​ផ្សេង​មាន​ប្រព័ន្ធ​ចំណតរថយន្ត​ស្វ័យប្រវត្តិ​អាង​ហែល​ទឹក​លើ​អាកាស​ក្លិប​ហាត់ប្រាណ​លើ​អាកាស​ដែលមាន​ឧបករណ៍​ទំនើបៗ​ភោជនីយដ្ឋាន​សាលសន្និសីទ​និង​បន្ទប់​ប្រជុំ​រួមទាំង​សេវាកម្ម​យ៉ាងច្រើន​ទៀត​ដូចជា សេវាកម្ម​ស្វាគមន៍​ភ្ញៀវ​២៤​ម៉ោង សេវា​បោក​ស្ងួត សេវា​បោក​អ៊ុត និង​សេវា​រៀបចំ​ការធ្វើដំណើរ​ជាដើម ។​

ចំណងជើង​រូបថត​៖​សណ្ឋាគារ​អា​ផាត​មិន Lumiere Residence​ដែល មាន​កម្ពស់​២៥​ជាន់ បន្ទប់​ស្នាក់នៅ​ចំនួន ១៦៦ យូ​នី​ត បាន​ត្រូវ​សម្ពោធ​កាលបី​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ​២០១៩ (​រូប សុផល​)

​គួរ​រំលឹក​ផងដែរ​ថា ក្រម​ហ៊ុន Lumiere Hospitality(LH)​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​រួចមកហើយ​​លើ​គម្រោង​ទីមួយ​របស់ខ្លួន​មាន​ឈ្មោះថា​LumiereHotel​ដែលជា​សណ្ឋាគារ​ដ៏​ប្រណីត​ក្នុងចំណោម​សណ្ឋាគារ​ឈានមុខ​ជាច្រើន​នៅ​កម្ពុជា ដោយមាន​ស្កា​យ​បារ (Sky Bar) មួយ​ដ៏​ល្បីឈ្មោះ ស្ថិតនៅ​ជាន់​ទី​១៤ ហើយ​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី អតិថិជន​ទាំង​ជនជាតិខ្មែរ​និង​បរទេស​៕S/


#